ជាតិ
​សិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញ​ស្នាដៃ​គូរគំនូរ និង​តាំងពិព័រណ៍​ដល់​សាធារណជន​មកពី​គ្រប់​មជ្ឈដ្ឋាន​
25, Jun 2016 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់​បង្ហាញ​ស្នាដៃ​ប្រកួត​គូរគំនូរ និង​ស្នាដៃ​តាំងពិព័រណ៍​សិស្ស​ជា​លើក​ទី​១០ ប្រចាំឆ្នាំ​សិក្សា​២០១៥-២០១៦ ដែលមាន​ស្នាដៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បង្ហា​ញ​ជូន​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​សាធារណជន​។



​លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង​សាលា បាន​ឱ្យដឹងពី​គោលបំណង​ក្នុង​ការដាក់​បង្ហាញ​ស្នាដៃ​ប្រកួត​គូរគំនូរ និង​តាំងពិព័រណ៍​ស្នាដៃ​សិស្ស​នេះ​ថា ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ប្រចាំ​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជា​គន្លឹះ​ដ៏​សំខាន់​ជំនួយ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់ និង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​សិក្សា​នៅក្នុង​ថ្នាក់​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង និង​ជាការ​ប្រកួតប្រជែង​សមត្ថភាព​មួយ ដែល​ប្រព្រឹត្ត​ទៅដោយ​ស្មើភាព​គ្នា​ពី​សំណាក់​ប្អូនៗ​សិស្សានុសិស្ស​ក្នុងការ​គូរគំនូរ និង​សមិទ្ធផល​ស្នាដៃ​ពិព័រណ៍ ដែល​ទទួលបាន​ពី​ការសិក្សា​ដើម្បី​បង្ហាញ​ទៅដល់​សាធារណជន​ឱ្យឃើញ​ពី​ការច្នៃប្រឌិត និង​បង្កើត​គំនិត​ថ្មីៗ​ដែល​កើតចេញពី​វណ្ណ​កម្ម​រូបារម្មណ៍ បច្ចេកទេស បំ​ណិ​ន​ប្រសប់ ទេពកោសល្យ ចំណេះវិជ្ជា បទពិសោធន៍ និង​កិច្ចខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ពួកគេ​កន្លងមក ជាមួយនឹង​ការអភិវឌ្ឍ​ឈានឡើង​នូវ​ប្រាជ្ញា​ស្មារតី និង​បំ​ណិ​ន​ជីវិត​ពេញ​មួយឆ្នាំ​សិក្សា​។ លើសពីនេះទៅទៀត ពិធី​នេះ​បាន​ជួយ​បំពេញបន្ថែម និង​បង្កើន​នូវ​ចំណេះវិជ្ជា​ថ្មីៗ​ដល់​សិស្សានុសិស្ស​ដូចជា បច្ចេកទេស​ក្នុងការ​គូរគំនូរ​ដ៏​រស់​រវើក​ជក់ចិត្ត សមត្ថភាព​ក្នុងការ​បង្ហាញ​បកស្រាយ ភាពក្លាហាន ឯករាជ្យភាព សាមគ្គីភាព ការសហការ ការដឹកនាំ ទំនាក់ទំនង​ការងារ​ក្រុម និង​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍ ហើយ​ថែមទាំង​បាន​ចែករំលែក និង​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង បទពិសោធន៍​ល្អៗ និង​បច្ចេកទេស​ថ្មីៗ​ដល់​សិស្សានុសិស្ស​មកពី​គ្រប់​មជ្ឈដ្ឋាន និង​សាធារណជន​ដែល​អញ្ជើញ​មក​ទស្សនា​ថែមទៀត​។​



​លោកស្រី​បានឱ្យដឹង​បន្ថែមទៀតថា ការដាក់​តាំង​បង្ហាញ​សកម្មភាព​ប្រកួត​គូរគំនូរ និង​ពិព័រណ៍​ស្នាដៃ​របស់​សិស្ស​នៅ​ឆ្នាំនេះ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​មហាជន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​យ៉ាងច្រើន​កុះករ ហើយ​សិស្សានុសិស្ស​មានការ​សួរនាំ​ចង្អុលបង្ហាញ​ទៅវិញទៅមក​យ៉ាង​ផុសផុល និង​សស្រាក់សស្រាំ​អ៊ូអរ​យ៉ាង​ក្រៃលែង​គ្រប់មុខ​វិជ្ជា ទាំង​ផ្នែក​សង្គម និង​ផ្នែក​វិទ្យាសាស្ត្រ ការធ្វើ​ពិសោធ​បែប​វិទ្យាសាស្ត្រ ការ​បញ្ចាំង​ស្លាយ ការដាក់​លក់​នូវ​អាហារ​សប្បុរសធម៌​និង​បំ​ណិ​ន​ជីវិត រួមទាំង​ការច្នៃប្រឌិត​យក​ទ្រឹស្តី​និង​អត្ថបទ​មេរៀន​មក​បង្ហាញ​ផ្សារភ្ជាប់​ការអប់រំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ កត្តា​ទាំងអស់នេះ បាន​ស្តែងចេញ​ឱ្យឃើញ​ពី​ការអភិវឌ្ឍ​ចំណេះដឹង ចំណេះធ្វើ និង​ប្រាជ្ញា​ស្មារតី​របស់​សិស្ស​ក្រោម​ការយកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​គ្រប់មុខ​វិជ្ជា និង​ជាពិសេស​គឺ​ការចូលរួម និង​គាំទ្រ​លើកទឹកចិត្ត​ជាប្រចាំ​ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​ផងដែរ​។​

​លោកស្រី​នាយក​ចាងហ្វាង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រុមហ៊ុន​ដៃគូ​សហការ​ចំនួន​១១​ធំៗ ដែល​បាន​ចូលរួម​ដាក់​ស្តង់​ពិព័រណ៍ និង​ឧបត្ថម្ភ​លើក​ទឹក​ដល់​សិស្សានុសិស្ស​ជ័យលាភី​ក្នុង​ការប្រកួត​ដើម្បីឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​កាន់តែ​ទូលំទូលាយ​ជោគជ័យ​៕     
              
(​អត្ថបទសាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com