ពីនេះ ពីនោះ
«​ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំ​ឈោង​ស្រវាឱប​ភ្នំ​»៖​ជា​សុភាសិត​រើសអើង​វណ្ណៈ​សង្គម​ឬ​យ៉ាងណា​?
30, Jun 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​សម័យបុរាណ​នៃ​វប្បធម៌ ប្រពៃណី​ខ្មែរ ដែល​ជាប់ជំពាក់​ផ្នត់គំនិត​ប្រកាន់វណ្ណៈ​សង្គម​នាំ​ឲ្យ​មាន​សុភាសិត​មួយ​លើកឡើងថា​«​ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំ​ឈោង​ស្រវាឱប​ភ្នំ​»​។ ជា​អត្ថន័យ តើ​សុភាសិត​នេះ​ពិតជា​ចង់​ផ្ដោត​ន័យ​សំខាន់ តែ​ទៅលើ​ការ​រើស​វណ្ណៈ​សង្គម ឬ​យ៉ាងណា​?



​នៅក្នុង​ក្បួន​នៃ​ការបកស្រាយ គេ​មិន​ចោល​ពី​ការនិយាយ​ពី​អត្ថ​ន័យចំ​នៃ​សុភាសិត​ឡើយ​។ ជាក់ស្ដែង សុភាសិត​នេះ គឺ​ចង់​មានន័យថា ជាធម្មតា​មនុស្ស​ទាប កម្ពស់​មិនសូវ​បាន នៅពេល​ចង់​តោង​ចាប់​របស់​អ្វីមួយ​នៅ​ទី​ខ្ពស់ គឺ​ពិតជា​លំបាក ហើយ​ពេលខ្លះ​ទោះ​ខំ​យ៉ាងណា​ក៏​មិនអាច​ទទួលបាន​លទ្ធផល អាចឈាន​បង្ករ​គ្រោះថ្នាក់​ជាដើម​។ ចំណែក មនុស្ស​ដៃខ្លី តើ​អាច​ទៅ​ឱប​ភ្នំ​ម្ដេចនឹងបាន ដ្បិតអី​ដៃ​មនុស្ស​កុំថាឡើយ​ទៅ​ឱប​ដល់​ទៅ​ភ្នំ សូម្បី​វត្ថុ​មួយចំនួន​ក៏​មិនអាច​ឱប​បានដែរ​។

​អត្ថន័យ​ពិត​នៃ​សុភាសិត​មួយ​នេះ មិនមែន​សំដៅ​ការ​តោង​ចាប់ ឬ​ស្រ​វ៉ា​ឱប​អ្វីមួយ​ឡើយ​។ ប៉ុន្តែ គោលដៅ​ធំ​ឃ្លា​នេះ គឺ​ចង់​និយាយ​រិះគន់​អ្នកដទៃ​ក្នុងករណី​ទំនាក់ទំនង​ស្នេហា រវាង​កូនអ្នកមាន និង​កូនអ្នកក្រ​ជាដើម​។ ឃ្លា​សុភាសិត​មួយ​នេះ គឺ​ប្រើប្រាស់​ក្នុង​ចេតនា មើលងាយ មើលថោក អ្នកក្រ​ជាដើម​។ ជាពិសេស គឺជា​ឃ្លា​ដែល​ភាគច្រើន​គឺជា​ភាសា​របស់​ឪពុកម្ដាយ​កូនស្រី​ទាំងឡាយ​ក្នុង​សម័យមុនៗ ប្រើ​តិះដៀល​ទៅ​បុរស​ទាំងឡាយ ដែល​មានបំណង​ស្រឡាញ់ ឬ​ចង់បាន​កូនស្រី​ខ្លួន ជា​ត្រកូល​អ្នកមាន​មធ្យម ឬ​អ្នក​មានមក​ធ្វើជា​ភរិយា​របស់ខ្លួន ទាំង​ខ្លួនឯង​មិនសូវមាន​ទ្រព្យធន​។​

​អត្ថន័យ​ខាងលើ គឺជា​អត្ថន័យ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​បកស្រាយ ហើយ​យល់​យ៉ាងច្បាស់​ពី​អត្ថន័យ​មួយ​នេះ​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកបកស្រាយ ការមើលឃើញ​ពី​តម្លៃ​នៃ​សុភាសិត គឺ​រឿង​ដែល​ចាំបាច់​។ យ៉ាងណាមិញ ការមើលឃើញ​នោះ​អាច​នាំទៅរក​ការបកស្រាយ​ខុស ប៉ុន្តែ​ប្រសិន​ការបកស្រាយ​នាំ​មករក​ប្រយោជន៍​នៅក្នុង​ការប្រើប្រាស់​វា​គឺជា​កិច្ចការ​ដ៏​ប្រសើរ​។​

​ត្រឡប់មក​សុភាសិត​វិញ គេ​មើលឃើញ​មួយ​អត្ថន័យ​ទៀត ដែល​អាច​មិន​ត្រឹមត្រូវ ប៉ុន្តែ​គឺជា​ចេតនា​ដ៏​មានតម្លៃ​របស់​សុភាសិត​។ អត្ថន័យ​នោះ​គឺ​នៅត្រង់ថា​«​ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំ​ឈោង​ស្រវាឱប​ភ្នំ​» គឺ​ដូនតា​លោក​ចង់​អប់រំ​កូនចៅ​ថា ប្រសិនបើ​ខ្លួន​មាន​សមត្ថភាព​តិច​តូច គួរ​ចាប់ផ្ដើម​ស្វែងរក​ការងារ ណា​ដែល​សមស្រប​ជាមួយ​សមត្ថភាព​ខ្លួន កុំ​ទាន់​ប្រាថ្នា​តោង​ចាប់​អ្វី ដែល​ខ្ពស់​ហួស​ពី​សមត្ថភាព​។ ម្យ៉ាងវិញទៀត បុគ្គល​គ្រប់រូប​កុំ​ទាន់​ប្រាថ្នា​អ្វីដែល​លើស​ហួស​ពី​ព្រំដែន ដែល​ខ្លួន​អាច​ទៅដល់ ប៉ុន្តែ​ត្រូវ​បោះជំហាន​ឲ្យ​បាន​សមរម្យ ប្រៀប​ដូច​ពាក្យ​ថា​«​ដៃខ្លី​កុំ​ឈោង ស្រវាឱប​ភ្នំ​»​។

​ជាក់ស្ដែង​ណាស់ បើ​និយាយ​ពី​សង្គមមនុស្ស​បច្ចុប្បន្ន​នេះ ចំពោះ​អត្ថន័យ​នៃ​សុភាសិត​នេះ​គឺ​ពិតជា​ត្រឹមត្រូវ និង​មាន​សារៈសំខាន់​ក្នុងការ​អប់រំ​មនុស្ស​។ ព្រោះ​បច្ចុប្បន្ននេះ មាន​មនុស្ស​ច្រើនណាស់ អង្គុយ​ប្រាថ្នា​ចង់​ធ្វើ​ធំ ចង់​ក្លាយជា​អ្នកមាន ចង់​ក្លាយ​នេះ​ចង់​ក្លាយ​នោះ ប៉ុន្តែ​មិន​ព្រម​ខិតខំ​ពង្រឹងពង្រីក​សមត្ថភាព​ខ្លួនឯង​។ ហេតុផល​នេះហើយ ដែល​សុភាសិត​នេះ អាច​ចូលខ្លួន​មក​អប់រំ​ថា  «​ខ្លួន​ទាប​កុំ​តោង ដៃខ្លី​កុំ​ឈោង​ស្រវាឱប​ភ្នំ​»​ក្នុង​អត្ថន័យ​ទី​ពីរ​។​

​ជារួម​មក សុភាសិត​មួយ​នេះ ប្រសិនបើ​បកស្រាយ​តែ​ក្នុង​អត្ថន័យ​ទីមួយ ដែលមាន​ចេតនា​យ៉ាងសំខាន់​ក្នុងការ​រើសអើង​វណ្ណៈ នោះ​សុភាសិត​នេះ​មិនចាំបាច់​ត្រូវ​គាស់កកាយ​យកមក​បកស្រាយ​នោះទេ​។ ព្រោះ​សម័យកាល​ថ្មី​គឺ​ត្រូវការ​ផ្នត់គំនិត​ថ្មី​។ ប៉ុន្តែ​ប្រសិនបើ​អត្ថន័យ​ទី​ពីរ សម​ហេតុផល សុភាសិត​នេះ​គួរ​ត្រូវបាន​លើកតម្កើង​៕


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com