អន្តរជាតិ
សំណុំរឿង​បេន​កា​ហ្ស៊ី​និង​បញ្ហា​អាស្រូវ​អ៊ី​ម៉ែ​ល​ទម្លាក់​ប្រជាប្រិយភាព ហ៊ី​ឡា​រី គ្លី​ន​តុ​ន ?
29, Jun 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មការ បេន​កា​ហ្ស៊ី (Benghazi Committee) បាន​បញ្ចេញ​របាយការណ៍​ថ្មី​ពាក់ព័ន្ធ​ការវាយប្រហារ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​បេន​កា​ហ្ស៊ី និង​អ៊ី​ម៉ែ​ល​ថ្មី​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃ​អង្គារ​ទី ២៨​មិថុនា​។ របាយការណ៍​ថ្មី​នេះ មិនបាន​រកឃើញ​អ្វី​ពិតប្រាកដ បញ្ជាក់ថា​លោកស្រី  ធ្វើ​ខុសច្បាប់​ឡើយ តែត្រឹម​បន្ទោស លោកស្រី ជាថ្មី​ដែល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​បញ្ហា​សន្តិសុខ​កើតឡើង​រហូតដល់​ស្លាប់​មន្ត្រីការទូត​អាមេរិក​ទៀត​។


ហ៊ី​ឡា​រី គ្លី​ន​តុ​ន រិះគន់​បក្ស​សាធារណរដ្ឋ​វិញ ដែល​ខ្ចះ​ខ្ជាយ​លុយ​រដ្ឋ​រាប់លាន​ដើម្បី​ស៊ើប​រឿង​ចាស់​។ ហើយ​លោកស្រី​ក៏​អំពាវនាវ​ឲ្យ​ទុក​អតីតកាល​មួយ​ឡែក និង​បន្ត​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សោកនាដកម្ម​ដូច​នៅ​បេន​កា​ហ្ស៊ី​កើតឡើង​ជាថ្មី​។  ជាធម្មតា រឿងអាស្រូវ​នេះ​ក្លាយជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​សម្រាប់​បក្ស​សាធារណរដ្ឋ ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ​។


 សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​រឿងអាស្រូវ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​ក្នុងពេល​បំពេញភារកិច្ច និង​ការ​បណ្តែតបណ្តោយ​ឲ្យ​មានការ​វាយប្រហារ​លើ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​បេន​កា​ហ្ស៊ី ប្រទេស​លី​ប៊ី  នៅតែ​ជា​រឿង​រឿង​ក្តៅ​និង​ចម្រូងចម្រាស​។ វា​កាន់តែ​ក្តៅ​ថែមទៀត បន្ទាប់ពី​គណៈកម្មការ​បក្ស​សាធារណរដ្ឋ​ដែល​ស៊ើបអង្កេត​ករណី​វាយប្រហារ​បេន​កា​ហ្ស៊ី​នេះ​បញ្ចេញ​របាយការណ៍​មួយ​ថ្មី​ទៀត ។

​បើ​យោងតាម​សារព័ត៌មាន Washington Post របាយការណ៍​ថ្មី មិនមាន​ភស្តុតាង​ជាក់លាក់​ដាក់បន្ទុក​ថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បានធ្វើ​អ្វី​ខុស​ឡើយ​។ ប៉ុន្តែ​របាយការណ៍​នេះ​ទិតៀន​លោកស្រី និង​បណ្តា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការបរទេស​បរ​ទេស​ដែល​បានដឹង​ពី​បញ្ហា តែ​ធ្វេសប្រហែស​និង​អសមត្ថភាព​ក្នុង​ការរក្សាសន្តិសុខ​ម​ន្ត្រី​ទូត​និង​ស្ថាប័ន​អាមេរិក​នៅ​បរទេស រហូត​បណ្តោយ​ឲ្យ​មន្ត្រីការទូត​អាមេរិក​ស្លាប់​ទៀត​។ ក្រៅពីនេះ វា​ក៏​បញ្ចេញ​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​មួយចំនួន​របស់លោក​ស្រី គ្លី​ន​តុ​ន ដែល​លោកស្រី​លួច​លុប ហើយ​មិន​ផ្ទេរ​ឲ្យ​គណៈកម្មការ​ផងដែរ​។

​តាមពិតទៅ ការ ស្វែងរក​ភស្តុតាង​បន្តបន្ទាប់​ដើម្បី​ទាញ​រក​កំហុស លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​វិធីសាស្ត្រ​របស់​បក្ស​សាធារណរដ្ឋ​ដើម្បី​ទម្លាក់​ប្រជាប្រិយភាព  ស្របពេល​លោកស្រី ខ្នះខ្នែង​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ប៉ុណ្ណោះ​។ តែ​លោក ហ៊ី​ឡា​រី គ្លី​ន​តុ​ន អះអាងថា បញ្ហា​នេះ​មិនមែនជា​ឧបសគ្គ​រារាំង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ទេ ហើយ​លោកស្រី​ក៏​វាយប្រហារ​គណបក្ស​បក្ស​សាធារណរដ្ឋ​វិញ ដែល​បន្ត​តាម​យារ​យីរ​លោកស្រី​បួន​ឆ្នាំ​មកនេះ​។

១.​ដំណើរ​ដើមទង​នៃ​រឿងអាស្រូវ​អ៊ី​ម៉ែ​ល​
​មុន​ឈានទៅ​ផ្តោត​ចំណុច​សំខាន់​នៃ​របាយការណ៍​ស៊ើបអង្កេត​បេន​កា​ហ្ស៊ី សូម​ពន្យល់​បន្តិច​ដែរ​ពាក់ព័ន្ធ​រឿងអាស្រូវ​នេះ​។ តាមពិតទៅ រឿង​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​នេះ ទើប​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​បក្ស​សាធារណរដ្ឋ​ដើមឆ្នាំ ២០១៥ ប៉ុណ្ណោះ នៅពេលដែល​គណៈកម្មកា​រ​សភា​បក្ស​សាធារណរដ្ឋ​ស៊ើបអង្កេត​ករណី​វាយប្រហារ​របស់​ក្រុម​ចលនា​ឥស្លាម​ជ្រុលនិយម​គាំទ្រ​លោក ហ្កា​ដា​ហ្វី​នៅ​ថ្ងៃ ១១​កញ្ញា​ឆ្នាំ ២០១២ លើ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​បេន​កា​ហ្ស៊ី (Benghazi)  លី​ប៊ី​។ ការវាយប្រហារ​នេះ សម្លាប់​ជនជាតិ​អាមេរិក​បួនរូប​ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​លី​ប៊ី​លោក Chris Stevens ។ ការស៊ើបអង្កេត​នេះ​បាន​ស្រក​ឃើញថា អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ឯកជន​ជំនួស​អ៊ី​ម៉ែ​ល​រៀបចំ​ដោយ​រដ្ឋាភិបាល​ដើម្បី​ឆ្លងឆ្លើយ​ការងារ​ថែមទៀត​។ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​បន្តបន្ទាប់ ហើយ​គណបក្ស​សាធារណរដ្ឋ​ចោទថា ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​ដើម្បី​ឆ្លើយឆ្លង​កិច្ចការ​ការបរទេស​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ ។​

​គេ​ដាក់​ការសង្ស័យ ព្រោះ​លោកស្រី​បាន​លួច​លុបចោល​អ៊ី​ម៉ែ​ល​រាប់ម៉ឺន​ដែល​ខ្លួន​ទទួលបាន​និង​ឆ្លងឆ្លើយ​។ ហើយ​លោកស្រី បញ្ជាក់ថា សារ​ទាំងនោះ​សុទ្ធ​ពាក់ព័ន្ធ​រឿង​ឯកជន​របស់​លោកស្រី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខាង​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​បាន​ព្យាយាម​ទាញយក​អ៊ី​ម៉ែ​ល​ទាំងនោះ​ត្រលប់​វិញ​ដើម្បី​ត្រួតពិនិត្យ​។​

២.​របាយការណ៍​៖ លោកស្រី គ្លី​ន​តុ​ន​ដឹង​ពី​គ្រោះថ្នាក់​នៅ​បេន​កា​ហ្សី តែ​មើលស្រាល​ស្ថានការណ៍​
​យោងតាម​សារព័ត៌មាន New York Times របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​បេន​កា​ហ្ស៊ី នៅតែ​បកស្រាយ​ជាថ្មី​ម្តង​ទៀតថា លោកស្រី គ្លី​ន​តុ​ន គួរតែ​បានដឹង​ពី​ការកើនឡើង​នៃ​គ្រោះថ្នាក់​ចំពោះ​មន្ត្រីការទូត​របស់ខ្លួន ដែល​បំពេញការងារ​នៅ​លី​ប៊ី​។ ហើយ​របាយការណ៍​នេះ​ក៏​ចោទប្រកាន់​លោកស្រី ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​ដែល​បរាជ័យ​ក្នុងការ​ការពារ​ស្ថាប័ន និង​មន្ត្រី​ទូត​នៅ​បេន​កា​ហ្ស៊ី ជាពិសេស​អសមត្ថភាព​ក្នុង​ប្រមូល​ព័ត៌មាន​ចារកម្ម និង​ចាត់ចែង​ការពារ​សន្តិសុខ​។ របាយការណ៍​នេះ​បានកត់សម្គាល់​ពី​ការស្នើសុំ​ការគាំទ្រ​សន្តិសុខ​បន្ថែម​ពី​មន្ត្រី​ទូត​នៅ​ស្ថាន​កុងស៊ុល​បេន​កា​ហ្ស៊ី មុនពេល​ការវាយប្រហារ​កើតឡើង​ដែរ​។ យ៉ាងណាមិញ គ្មាន​ភស្តុតាង​ថ្មី​ណាមួយ​បង្ហាញថា វា​ជា​កំហុសឆ្គង​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​នេះឡើយ​។ វា​ហាក់ដូចជា​ព័ត៌មាន​ដែល​ត្រឹម​គូសបញ្ជាក់​ពី​ការធ្វេសប្រហែស និង​ភាព​ការិយាធិបតេយ្យ​ក្នុងការ​សម្រេចចិត្ត​ពេល​ត្រូវ​ឆ្លើយ​បញ្ហា​សន្តិសុខ​ប៉ុណ្ណោះ​។

៣.​ហេតុផល​នយោបាយ​ធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​ធំ​
​ត្រលប់​មកវិញ រឿង​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ការ​ខ្ជីខ្ជារ​របស់លោក​ស្រី​គ្លី​ន​តុ​ន​ក្នុងការ​កាន់កាប់​ការងារ ជាពិសេស​ន្តិ​សុខ​ជាតិ​។  ប៉ុន្តែ​របាយការណ៍​ជារួម​ត្រូវបាន​គេ​បង្កើត​ឡើងជា​បន្តបន្ទាប់​ដោយសារ​មូលហេតុ​នយោបាយ​ប៉ុណ្ណោះ​។ វា​ជា​ចេតនា​របស់​បក្ស​សាធារណរដ្ឋ​នោះ​ក្នុង​រក​ភស្តុតាង​មក​ដាក់បន្ទុក​លោកស្រី​ពាក់ព័ន្ធ​ការវាយប្រហារ​នៅ​បេន​កា​ហ្ស៊ី​កើតឡើង​ប៉ុណ្ណោះ​។ បក្ស​សាធារណរដ្ឋ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដោយ​មិន​ឲ្យ​សំណុំ​រឿងនេះ​ចប់​ដោយ​ស្រួលៗ​ឡើយ​តាំងពី​ឆ្នាំ ២០១២​មក​។ នេះ​ក៏ដោយ​សារ វា​ជា​វិធីសាស្ត្រ​ក្នុងការ​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី ក្នុងការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បច្ចុប្បន្ននេះ​។

៤. ហ៊ី​ឡា​រី គ្លី​ន​តុ​ន ៖ បក្ស​សាធារណរដ្ឋ​ខ្ជះខ្ជាយ​លុយ​ពន្ធ​ប្រជាជន​អស់ ៧​លាន​ដុល្លារ​លើ​ការស៊ើបអង្កេត​រឿង​ដដែល​
​ទាក់ទិន​ការស៊ើបអង្កេត​រឿង​បេន​កា​ហ្ស៊ី​រហូតដល់​ធ្លាយ​រឿង​អ៊ី​ម៉ែ​ល​លោកស្រី​ផង​នោះ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលស្គាល់ថា វា​ជាការ​ធ្វេសប្រហែស​មួយ​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​លោកស្រី​ក៏​បកស្រាយ​ថា វា​មិនមែនជា​រឿង​សំខាន់​រហូតដល់​ខ្វល់ខ្វាយ​តែ​ពី​រឿង​មួយ​នេះ​មិន​ធ្វើ​អ្វី​ផ្សេងទៀត​ដែរ ហើយ​ណាមួយ​គណៈកម្មការ​ឯក​រាជ្យ​របស់​ក្រសួងការបរទេស​ក៏បាន​បង្ហាញ​ការសន្និដ្ឋាន​ចុងក្រោយ​រួចរាល់​ដែរ​ពាក់ព័ន្ធ​បញ្ហា​នេះ​។ យោងតាម​សារព័ត៌មាន Politico លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ពន្យល់ថា​៖« ខ្ញុំ​បាន​និយាយ​តាំងពីដើម​មក​ថា គ្មាន​អ្វីដែល​សំខាន​ជាង​សន្តិសុខ​អ្នកការទូត​និង​មន្ត្រី​របស់​យើង​ដែល​ស្ថិតនៅ​តំបន់​គ្រោះថ្នាក់​ដើម្បី​ផ្សព្វផ្សាយ​តម្លៃ និង​ការពារ​សន្តិសុខ​របស់​អាមេរិក​។ ដូច​ខ្ញុំ​បាន​និយាយ​ក្នុងពេល​ផ្តល់​ចម្លើយ​អស់​១១​ម៉ោង​នៅ​ចំពោះមុខ​គណៈកម្មការ​អ៊ីចឹង​ថា យើង​ជំពាក់​ប្រជាជន​អាមេរិក​ដ៏​ក្លាហាន​ទាំង​៤​រូប​ដែល​ស្លាប់ ហើយ​យើង​ពិតជា​បាន​រៀន​មេរៀន​ត្រឹមត្រូវ​ពី​សោកនាដកម្ម​នេះដែរ​»​។  

​បន្ទាប់ពី​ទទួលស្គាល់ថា វា​ជា​មេរៀន​សំខាន់​សម្រាប់​ឆ្លើយតប​បញ្ហា​សន្តិសុខ​ទៅ​ថ្ងៃមុខ លោកស្រី និង​អ្នកប្រជាធិបតេយ្យ​ចាប់ផ្តើម​វាយបក​វិញ ដោយ​រិះគន់​ការចំណាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​របស់​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ដែល​រៀបចំ​គណៈកម្មការ​ស៊ើបអង្កេត​នេះឡើយ​។ រយៈពេល ២​ឆ្នាំ​មកនេះ គណៈកម្មការ​នេះ​បាន​ចំណាយលុយ​ដែល​បាន​ពី​ការបង់ពន្ធ​ប្រហែល ៧​លាន​ដុល្លារ​អាមេរិក ហើយ​លទ្ធផល​ដែល​រកឃើញ​ក៏​គ្មានអ្វី​ខុសពី​ការស៊ើបអង្កេត​មុនៗ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com