កីឡាជាតិ
ជាតិ
លោក Sam ខក​ចិត្តជា​បន្តបន្ទាប់​ដោយសារ​បាល់​ប៉េ​ណា​ល់​ទី​ក្នុង Euro និង Hun Sen Cup
30, Jun 2016 , 3:33 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន Sam Schweingruber ដែល​ទើប​ទទួលបាន​សញ្ជាតិ​ក​ម្ពុ​ជា ក្រោម​ឈ្មោះថា «​សេម សំណាង​» បាន​ខក​ចិត្តជា​បន្តបន្ទាប់ៗ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​របស់លោក​ធ្លាក់​ចេញពី Euro 2016 ដោយ​ចាញ់​ប៉ូឡូញ ក្លិប​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ផល​ដូចគ្នា ដោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នា​ការប្រកួត​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី ដូចគ្នា​។



​គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​សម្តែង​ការ​សោក​សា្តយ និង​ខកចិត្ត​យ៉ាងខ្លាំង​ដែល​មិនអាច​ដឹកនាំ​ក្រុម​របស់ខ្លួន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ ក្រោយពី​ក្រុម​នេះ​បាន​ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣-២ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ម្សិលមិញ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។



​ជាមួយគ្នានេះ ការខកចិត្ត​មួយទៀត​របស់​គ្រូបង្វឹក​ម្នាក់នេះ គឺ​ប្រទេស​ស្វី​ស​ដែលជា​ប្រទេស​កំណើត​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ EURO Cup ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​ចាញ់​ក្រុម​ប៉ូឡូញ ៥-៤ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១​។ មានន័យថា ក្នុង​រយៈពេល​២​សប្តាហ៍​នេះ​គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ត្រូវ​ខកចិត្ត​ទាំង​នៅ​កម្ពុជា និង​ប្រទេស​ស្វី​ស ដោយសារ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​ដូចគ្នា​។

​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​យប់មិញ លោក Sam Schweingruber គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​រឿង​មួយចំនួន​ដែល​យើង​មិនអាច​ទទួលលទ្ធផល​ល្អ ខ្ញុំ​ជា​ជនជាតិ​ស្វី​ស​ខ្ញុំ​អន់ចិត្ត​ពីព្រោះ​កាលពី​សប្តាហ៍​មុន​ស្វី​ស​យើង​ចាញ់​ប៉េ​ណា​ល់​ទី​ប៉ូឡូញ​ម្តង​ហើយ​សប្តាហ៍​នេះ​យើង​ចាញ់​ប៉េ​ណា​ល់​ទី​ទៀត ខ្ញុំ​សោកស្តាយ​ខ្លាំង​មែនទែន​»​។​

​ទន្ទឹមនឹង​ការសោកស្តាយ​នេះដែរ គ្រូបង្វឹក​រូបនេះ​បាន​សរសើរ​ចំពោះ​សមត្ថភាព និង​ទម្រង់​លេង​របស់​កូនក្រុម​ថា លេង​បានល្អ និង​មាន​កម្លាំង​ខ្លាំង​ដែល​លេង​រហូតដល់​១២០​នាទី មិនមាន​បញ្ហា​អ្វី​កើតឡើង​។



​ទោះបីជា​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក៏ពិតមែន ប៉ុន្តែ លោក សំ វ៉ាន់ ដេ​ត គ្រូបង្វឹក​របស់​ក្លិប​ស្វាយរៀង​ក៏​សរសើរ​ពី​សមត្ថភាព និង​ទម្រង់​លេង​របស់​ភ្នំពេញ​ក្រោ​ន ព្រោះ​សម្រាប់​ការប្រកួត​ជាមួយ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន​បានដាក់​កីឡាករ U19 ឲ្យ​ចូល​លេង​ជាច្រើន​រូបនេះ​ជាការ​បង្ហាញ​ពី​ភាពខ្លាំង​របស់​យុវជន​ថ្នាល​របស់​ភ្នំពេញ​ក្រោ​ន ហើយ​លោក​យល់ឃើញថា​ទៅ​ថ្ងៃ​អនាគត​ភ្នំពេញ​ក្រោ​ន​នឹង​ក្លាយជា​ក្លិប​មួយ​ដ៏​ខ្លាំង​នៅ​កម្ពុជា​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​យប់មិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​នាំ​ឲ្យ​ក្រុម​នេះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ដែល​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៣-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ ដើម្បី​ប្រជែង​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែកក្កដា ខាងមុខនេះ​៕ 


Tag:
 បាល់ទាត់​
  Sam
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com