អន្តរជាតិ
មាន​លុយ​និង​អំណាច​ដូច​អា​រ៉ា​ប៊ី សា​អូឌីត ធ្វើ​ខុស​ក៏​នៅតែ​ត្រូវ​?
30, Jun 2016 , 5:16 pm        
រូបភាព
​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​របស់​សេដ្ឋី​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន​ចាប់ផ្តើម​ក្តៅ​ជាថ្មី ក្រោយ​អង្គការសិទ្ធិមនុស្ស​ពិភពលោក​មាន​ទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​លើកលែងទោស​អន្តរជាតិ​ចាប់ផ្តើម​តស៊ូ​មតិ​ជាថ្មី​ទារ​ឲ្យ​ដក​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ គេ​ចោទ អា​រ៉ា​ប៊ី​សា​អូឌីត​ថា​ជា​ប្រទេស​ដែល​បាន​រំលោភច្បាប់​មន​ស្ស​ធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​ដោយ​អន្តរាគមន៍​ខុសច្បាប់​នៅ​យេ​ម៉ែន​សម្លាប់​ជន​ស៊ីវិល​និង​កុមារ​ច្រើន​នាក់​ទៀត​។


បើ​បន្ត​ទុក​ឲ្យ​ប្រទេស​នេះ​កាន់​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស  វា​នឹងធ្វើ​ឲ្យ​អាប់អោន​ដល់​ឈ្មោះ​ស្ថាប័ន​ខ្លាំង ។  ប៉ុន្តែ​គេ​មិន​រំពឹងថា វិធានការ​ប្រឆាំង​ប្រទេស​អ្នកមាន​ដូច​អា​រ៉ា​ប៊ី​សា​អូឌីត​កើតមាន​ឆាប់ៗ​ឡើយ ព្រោះ​ដើមខែ​មិថុនា​នេះ  អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រើ​ឥទ្ធិពល​ទ្រព្យសម្បត្តិ​របស់ខ្លួន​ប​ង្ខំ​ឲ្យ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ដក​ឈ្មោះ​ខ្លួន​ចេញពី​«​បញ្ជីខ្មៅ​ស្តីពី​ប្រទេស​ដែល​សម្លាប់​កុមារ​»​។


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានចេញ​របាយការណ៍​ទី​២៩ មិថុនា ដើម្បី​ថ្កោលទោស​អា​រ៉ា​ប៊ី​សា​អួ​ឌី​ត​ជុំវិញ​ការអន្តរាគមន៍​យោធា​ខុសច្បាប់​នៅ​យេ​ម៉ែន ដែល​រំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។ អង្គការសិទ្ធិមនុស្ស​ធំៗ​ទាំងពីរ​មាន​គោលដៅ​ស្នើ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ព្យួរ​បេក្ខភាព​អា​រ៉ា​ប៊ី សា​អូឌីត ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផងដែរ​។ ការព្យួរ​នេះ​គួរតែ​ធ្វើឡើង​រហូតដល់​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ឈប់​សកម្មភាព​ខុសច្បាប់ និង​មានការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ដើម្បី​ស្វែងរក​ការពិត​។​

​របាយការណ៍​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នេះ បានចង្អុលបង្ហាញ​ពី​សកម្មភាព​រំលោភបំពាន​សិទ្ធិមនុស្ស​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​បំផុត​បង្កឡើង​ដោយ​សម្ព័ន្ធ​ប្រទេស​៩ ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី សា​អូឌីត​នៅ​យេ​ម៉ែន និង​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៥​មក​នោះ​។ តាមពិតទៅ អា​រ៉ា​ប៊ី​សា​អូឌីត​ដឹកនាំ​អន្តរាគមន៍​យោធា​ផ្លូវអាកាស​នៅ​យេ​ម៉ែន​ថ្ងៃ ១២ មីនាឆ្នាំ ២០១៥ ដោយ​អន្តរាគមន៍​នេះ​មាន​គោលដៅ​កម្ទេច​ក្រុម​ឧទ្ទាម Houthis ដែល​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​សា​ណា​។ ប៉ុន្តែ​អន្តរាគមន៍​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​នោះ​សម្លាប់​តែ​ជន​ស៊ីវិល​ភាគច្រើន ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ​គឺ​អន្តរាគមន៍​កន្លងមក​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន វិហារ​ឥស្លាម និង​ទីកន្លែង​ប្រជុំជន​មួយចំនួន​ថែមទៀត​។​

​យោងតាម​របាយការណ៍​ដែល​ចុះផ្សាយ​តាម​គេហទំព័រ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អង្គការ ទាំងពីរ​បាន​ប្រមែរ​ប្រមូល​និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ដោយ​គ្របដណ្តប់​លើ​ការវាយប្រហារ​មិន​ស្របច្បាប់ ៦៩ លើក ដោយ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​យ៉ាងហោចណាស់ ៩១៣​នាក់ ហើយ​បំផ្លិចបំផ្លាញ​កន្លែង​ជន​ស៊ីវិល​ស្នាក់នៅ​ច្រើនសន្ធឹក​ទៀត​។    របាយការណ៍​ក៏​ព្រលយ​ថា តាម​សកម្មភាព​បំពារបំពាន​សិទ្ធិមនុស្ស​ទាំងនោះ​អាចជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។​

​របាយការណ៍​របស់​អង្គការ​ទាំងពីរ​នេះ ក៏​ឆ្លៀត​រិះគន់​សេដ្ឋី​ប្រេង​អា​រ៉ា​ប៊ី សា​អូឌីត ឥតមាន​សំចៃ ដោយ​ទាញ​ភ្ជាប់​សកម្មភាព​រំលោភសិទ្ធិ​សេរីភាព​ដែល​កើតមានឡើង​ក្នុងប្រទេស​នេះ​ថែមទៀត​។ របាយការណ៍​បញ្ជាក់ថា រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ត​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស រឹតត្បិត​និង​រើសអើង​ស្ត្រីភេទ ក៏ដូចជា​អនុវត្ត​គោលនយោបាយ​ផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​សេរី​ភាពជា​មូលដ្ឋាន​របស់​មនុស្ស​ទូ​ទៅ​។

១.​អា​រ៉ា​ប៊ី​សា​អូឌីត​បំផ្លាញ​កិត្តិនាម​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​
​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ខែមករា ឆ្នាំ ២០១៤ ហើយ​ចាប់តាំងពី​ពេលនោះ​មក​គេ​សង្កេតឃើញ​មាន​ចលនា​ប្រឆាំង​និង​រិះគន់​ការផ្តល់​ឱកាស​ឲ្យ​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ក្លាយជា​សមាជិក​ស្ថាប័ន​គាំពារ​សិទ្ធិមនុស្ស​នេះ​។​

​និយាយ​ឲ្យ​សាមញ្ញ វា​ជា​រឿង​អាម៉ាស​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​នៅពេល សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នាំគ្នា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បែបនេះ ព្រោះ​តិច​ឬ​ច្រើន​វា​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​អាប់អោន​ដល់​កិត្តិនាម​និង​តម្លៃ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លោក Philippe Bolopion បាន​អះអាងថា ការរំលោភ​សិទ្ធិមនុស្ស​នៅពេល​បំពេញភារកិច្ច​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ពិតជា​បំផ្លាញ​កិត្តិនាម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មែន​។ ហើយ​លោក​ក៏​គូសបញ្ជាក់​ផងដែរ ពី​យុទ្ធសាស្ត្រ របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ប្រើប្រាស់​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​។ ប្រទេស​នេះ ប្រើប្រាស់​អំណាច​ជា​សមាជិក​ក្រុមប្រឹក្សា​ដើម្បី​រារាំង​ការបង្កើត​ការស៊ើបអង្កេត​ពេញលេញ​មួយ​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​យេ​ម៉ែន​។

​ចំណែក ប្រមុខ​ការិយាល័យ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​អង្គការសហប្រជាជាតិ លោក Richard Bennett យល់ស្រប​ថា​កិត្តិនាម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៅពេលដែល​គ្មាន​វិធានការ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​បែបនេះ​។ ហើយ​លោក​បារម្ភ​ខ្លាំង​នៅពេល​ប្រទេស​ដែលមាន​អំណាច​និង​ឥទ្ធិពល​ខ្លាំង​ដូចជា អា​រ៉ា​ប៊ី​សា​អូឌីត​បន្ត​ប្រើ​សមាជិកភាព​របស់ខ្លួន​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដើម្បី​គេច​ឲ្យ​ផុតពី​ការទទួលខុសត្រូវ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

​មន្ត្រីជាន់ខ្ពស់​ស្ថាប័ន​ទាំងពីរ​បាន​ក៏បាន​អំពាវនាវ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​ចូលរួម​គ្នា​ដើម្បី​ដាក់ចេញ​វិធាន​ការដាក់​សម្ពាធ​លើ​អា​រ៉ា​ប៊ី សា​អូឌីត​។ បើតាម​នីតិវិធី វា​ត្រូវការ​សមាជិក​ភាគច្រើន​ក្នុង​សំឡេង ២​ភាគ ៣​ដើម្បី​បោះឆ្នោត​ព្យួរ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។

២.​អ្នកមាន​ធ្វើ​អី​ក៏ត្រូវ​, ធ្វើ​អី​ក៏​សម​?
​រឿង​រំលោភសិទ្ធិ​មនុស្ស​របស់​អា​រ៉ា​ប៊ី សា​អូឌីត​នេះ វា​មិនមែនជា​រឿង​ថ្មី​ទេ​។  តាមពិតទៅ ការរិះគន់​និង​ទាមទារ​ឲ្យ​មានការ​ដាក់​សម្ពាធ​ប្រទេស​នេះ​ច្រើនដង​មកហើយ ប៉ុន្តែ​គ្រាន់តែ​គ្មាន​វិធានការ​ដុំកំភួន​ណាមួយ​ត្រូវបាន​គេ​ដាក់ចេញ​ដើម្បី​ព្រមាន​អា​រ៉ា​ប៊ី សា​អូឌីត​។ គេ​ថា ពេល​មាន​លុយ​និង​មានអំណាច​ដូច​អា​រ៉ា​ប៊ី សា​អូឌីត ធ្វើ​អី្វ​ក៏ត្រូវ ធ្វើ​ខុស​ក៏​ក្លាយជា​ត្រូវ ហើយ​គ្មាន​អ្នក​ហ៊ាន​រករឿង​ដែរ​។​

​សូម្បីតែ​ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​លោក បាន​គី មូ​ន ក៏​បង្ខំចិត្ត​បន្ទន់ឥរិយាបថ និង​ធ្វើ​សកម្ម​ភាពមិន​ឲ្យ​អា​រ៉ា​ប៊ី សា​អូឌីត ខ្នើសចិត្ត​ដែរ​កន្លងមក​។ ដូច​កាលពីដើម​ខែមិថុនា​នេះ អង្គការសហប្រជាជាតិ​បាន​បញ្ចូល​ឈ្មោះ​អា​រ៉ា​ប៊ី សា​អូឌីត «​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រទេស​សម្លាប់​កុមារ​» តែ​៤​ថ្ងៃ​ក្រោយមក​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​បានប្រកាស​ដក​ឈ្មោះ​ប្រទេស​អារ៉ាប់​នេះ​ចេញ​សិន ដោយ​លើក​ហេតុផល​ថា វា​ត្រូវការ​ស៊ើបអង្កេត​បន្ថែម​។ ទោះ​មានការ​បកស្រាយ​បែបនេះ គេ​ដឹង​ច្បាស់​ថា វា​មិន​ទាក់ទង​ភាពត្រឹមត្រូវ​នៃ​កា​រសើប​អង្កេត​ឡើយ តែ​ការដក​អា​រ៉ា​ប៊ី​សា​អូឌីត​ចេញ ជាការ​លួងលោម​កុំ​ឲ្យ​ប្រទេស​នេះ​ផ្តាច់ជំនួយ​ដែល​ធ្លាប់​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋ​មួយ​នេះ​នឹង​អូស​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​ឲ្យ​ឈប់​ផ្តល់ជំនួយ​ដល់​អង្គការសហប្រជាជាតិ​ទៀត​។ បើ​មិន​ដក​ឈ្មោះ​ប្រទេស​នេះ​ចេញ អង្គការ​សហ​ប្រជា​តិ​នឹង​បាត់​លុយ​ជំនួយ​ជិត ៥០០ លាន​ដុល្លារ នេះ​មិន​រាប់ទាំង​លុយ​ជំនួយ​របស់​រដ្ឋ​អារ៉ាប់​ផ្សេង​ទៀតផង​។​

​និយាយ​ឲ្យ​យុត្តិធម៌​ទៅ ទោះ​បន្ទោ​សលោក បាន គី​មូ​ន ក៏​មិនកើត ហើយ​បើ​ស្តាប់​ការបកស្រាយ​របស់លោក​ក៏​សម​ហេតុ​ដែរ​។ ក្រោយ​ការប្រកាស​ដក​អា​រ៉ា​ប៊ី​សា​អូឌីត​ចេញ លោក បាន គី​មូ​ន ពន្យល់​ពី​ទុក្ខលំបាក​របស់លោក​ផ្ទាល់​ថា​៖«​របាយការណ៍​អង្គការសហប្រជាជាតិ ពិពណ៌នា​ថា គ្មាន​ក្មេង​ណាមួយ​គួរ​ប្រឈម​រឿង​គួរ​ឲ្យ​ភ័យខ្លាច​បែបនេះ​ឡើយ​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នោះ​ខ្ញុំ​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិតដល់​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​ក្មេង​រាប់លាន​នាក់​ផ្សេងទៀត​អាច​នឹង​ប្រឈម​ស្ថានភាព​គ្រោះថ្នាក់ ប្រសិន ប្រទេស​ទាំងនោះ [​អា​រ៉ា​ប៊ី សា​អូឌីត​] ផ្តាច់ជំនួយ​ដែល​ទ្រទ្រង់​កម្មវិធី​អង្គការសហប្រជាជាតិ​នោះ​។​ក្មេងៗ​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ស្រាប់​ហើយ​នោះ​មាននៅ​ប៉ា​ឡេ​ស្ទី​ន ស៊ូដង់​ខាងត្បូង ស៊ី​រី និង​យេ​ម៉ែន ក៏ដូចជា​នៅ​តំបន់​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក​នឹង​កាន់​ធ្លាក់​ក្នុងស្ថានភាព​អស់សង្ឃឹម​មែនទែន​»​។

​យុត្តិធម៌​ពិតប្រាកដ វា​មិនមាន​ឡើយ​និយាយ​ជារួម​។ ទោះជា​ចង់​ឬ​មិន​ចង់ គេ​ត្រូវ​បិទ​ភ្នែក ធ្វើ​មិនដឹង​ធ្វើ​មិនលឺ ទោះ​មនុស្ស​ជាច្រើន​ស្រែក​ដង្ហោយ​រក​យុត្តិធម៌​។ ព្រោះ​បើ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​មួយក្រុម វា​នឹងធ្វើ​ឲ្យ​ជន​ស៊ីវិល​ច្រើន​ក្រុម​ផ្សេងទៀត​នោះ​នឹង​ប្រឈម​បញ្ហា​ស្រដៀង​គ្នា​ទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com