កីឡាជាតិ
ជាតិ
ជើងឯក​ថ្នាក់ជាតិ​សី​ប៉ា​ក់តា​ក្រ​ឆ្នាំនេះ​ខេត្តព្រៃវែង​គ្រង​តំណែង​ក្របខណ្ឌ​ក​២​ទាំង​ខ្លួន​មិនមាន​គ្រូបង្វឹក​
30, Jun 2016 , 10:19 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​សី​ប៉ា​ក់តា​ក្រ​ជ្រើសរើស​ជើង​ឯ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​តាំងពី​ថ្ងៃទី​២៥ ខែមិថុនា បានបញ្ចប់​ដោយ​យ៉ាង​ជោគជ័យ​កាលពី​ព្រឹក​មិញ ដោយ​ក្រុម​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តព្រៃវែង បាន​គ្រង​ដំណែង​ជើងឯក​លើ​វិញ្ញាសា​ក្របខណ្ឌ​ក​២​ទាំង​ខ្លួន​មិនមាន​គ្រូបង្វឹក​។ ការប្រកួត​នេះ​មាន​១៥​ក្លិប និង​៦​ប្រភេទ​វិញ្ញាសា​ចូលរួម ដោយមាន​កីឡាករ​សរុប​ចំនួន​៤០២​នាក់​។



​ទោះបីជា​បច្ចុប្បន្ន​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​១ មិនមាន​គ្រូបង្វឹក​ប្រចាំ​ក្លិប​ក៏ពិតមែន ប៉ុន្តែ​ក្រុប​នេះ​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការ​គ្រង​ដំណែង​ជើងឯក​នៃ​ការប្រកួត​កីឡា​សី​ប៉ាក់​តា​ក្រ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ លើ​វិញ្ញាសា​២​ទល់នឹង​២​ក្រម​ខណ្ឌ​ក​២(​បុរស​) និង​៣​ទល់​៣​ក្រម​ខណ្ឌ​ក​២(​បុរស​)​។ ការ​គ្រង​តំណែង​នេះ​បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​១ និង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។



​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​ក្លិប​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង បាន​បញ្ជូន​៧​ក្រុម​ឲ្យ​ចូលរួម​ហើយ​ក្នុងចំណោម​ក្រុម​ទាំងនេះ មាន​ក្របខណ្ឌ​ក​១​ចំនួន​មួយក្រុម ប៉ុន្តែ​មិន​ទទួលបាន​ចំណាត់ថ្នាក់​អ្វី​នោះទេ ដោយសារ​កត្តា​គ្រូបង្វឹក និង​ការឧបត្ថម្ភ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន​សម្រាប់​វិញ្ញាសា​ក្របខណ្ឌ​ក​២ ក្រុម​នេះ​ទទួលបាន​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ផងដែរ​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​នេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មាន​ក្រម​ខណ្ឌ​ក​១​មួយក្រុម​ដែរ​សម្រាប់​ការចូលរួម​លើក​នេះ ប៉ុន្តែ​មិន​ទទួលបាន​ចំណាត់ថ្នាក់​អ្វី​នោះទេ ដោយសារ​ខ្វះ​គ្រូបង្វឹក និង​ខ្វះ​អ្នក​ឧបត្ថម្ភ​។ ម្យ៉ាងទៀត​ដោយសារ​ការហ្វឹកហាត់​យើង​តិចតួច​មិន​ដូច​កីឡាករ​អាជីព​។ យើង​ដឹង​ហើយ​ការប្រមូលផ្តុំ​របស់​យើង​នៅតាម​ខេត្ត​ទទួលបាន​ការឧបត្ថម្ភ​តិចតួច ហើយ​ប្រាក់បៀវត្ស​យើង​អត់​មាន​ទេ ការចូលរួម​ហ្វឹកហាត់​គឹជា​ការស្ម័គ្រចិត្ត​នោះទេ​»​។​



​លោក​ប្រធាន​ប្រតិភូ​រូបនេះ​បាន​បន្ថែមថា ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេក​ទេ​ក​កីឡាករ​តាម​បណ្តា​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​ក្រសួង ឬ​សហព័ន្ធ​គួរ​មានការ​បើក​វគ្គ​បណ្តុះបណ្តាល​តាម​បណ្តា​ខេត្ត​តាមរយៈ​ការបញ្ជូន​គ្រូបង្វឹក​ល្អ​មក​ចែករំលែក​នូវ​បទពិសោធន៍ ជាពិសេស​ការជួយ​ផ្តល់​ការឧបត្ថម្ភ ព្រោះ​តាំងពីដើម​មក​លោក​មិនដែល​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង ឬ​សហព័ន្ធ​បញ្ជូន​ចុះមក​បើក​វគ្គ​បណ្តុះបណ្តាល​នោះទេ​។​

​ជាមួយគ្នានេះ លោក បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន​កីឡា និង​ថ្នាក់ដឹកនាំ​សហព័ន្ធ ជួយ​ពង្រឹង​ថ្នាក់​ខេត្ត​តាមរយៈ​ការជួយឧបត្ថម្ភ ឬ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ផ្សេងៗ​។ ការអំពាវនាវ​បែបនេះ​ដោយសារ​លោក​គិតថា គ្រឹះ​រឹងមាំ​ដោយសារ​ថ្នាក់ក្រោម​ប្រសិនបើ​មានការ​ចុះទៅ​ពង្រឹង​បែបនេះ​លោក​គិត​វិស័យ​កីឡា​សី​ប៉ា​ក់តា​ក្រ និង​កាន់តែ​រីកចម្រើន ជាពិសេស​សំបូរ​ទៅដោយ​ធនធាន​ល្អៗ​ថែម​ទៀតផង​។​



​ទន្ទឹមនឹងនេះ លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​បាន​មានប្រសាសន៍ថា លោក​នឹង​ស្នើ​ដាក់​វិញ្ញាសា​សី​ប៉ាក់​តា​ក្រ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​ក្រសួង​ក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ​។ ហើយ​លោក​នឹង​បើក​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០១៧ តទៅ ជាពិសេស​គឺ​ការចុះទៅ​ពង្រឹងសមត្ថភាព​បា​នប​ណ្តា​ខេត្ត​រហូតដល់​ការប្រកួត​ស៊ី​ហ្គេម​មកដល់​។​

​លោក​បាន​បន្ថែមថា ការលេង​កីឡា​នាំមក​នូវ​សុខ​ភាពល្អ​ទាំង​ផ្លូវកាយ និង​ចិត្ត សាមគ្គីភាព មិត្តភាព និង​សេចក្តីថ្លៃថ្នូរ ជាពិសេស​វា​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​សង្គមជាតិ និង​សេដ្ឋកិច្ច​គ្រួសារ ម្យ៉ាងទៀត​វា​ជួយ​កាត់បន្ថយ​នូវ​ភាព​ង​សកម្ម​មួយចំនួន​នៅក្នុង​សង្គម​ថែម​ទៀតផង​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​ថ្នាកជាតិ​សី​ប៉ា​ក់តា​ក្រ​ប្រចាំឆ្នាំ​២០១៦ ម្ចាស់​ជើងឯក​វិញ្ញាសា​២​នាក់​ទល់​២​នាក់​ផ្នែក​នារី​បាន​ទៅ​ក្រសួងការពារជាតិ ខណៈ​លេខ​២ ព្រះខ័ន​រាជ​១ និង​លេខ​៣​ព្រះខ័ន​រាជ​២​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​ក្រសួងការពារជាតិ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ឬ​ឯ​ព្រះខ័ន​រាជ​លេខ​២ និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​លេខ​៣​។



​ចំណែក​វិញ្ញាសា​២​នាក់​ទល់​២​នាក់​បុរស​ក្របខណ្ឌ​ក​២​ម្ចាស់​ជើងឯក​បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​១ ខណៈ​លេខ​២​បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​១ និង​លេខ​៣​បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​២​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស​ម្ចាស់​ជើងឯក​បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​១ ខណៈ​លេខ​២​បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​២ និង​លេខ​៣ ទន្លេបាសាក់​៣​។

​ដោយឡែក វិញ្ញាសា​២​នាក់​ទល់​២​នាក់​បុរស​ក្របខណ្ឌ​ក​១ ម្ចាស់​ជើងឯក​បាន​ទៅ ស្ថាបនា ភីអិលស៊ី ឬ​ឯ​លេខ​២ ក្រសួងការពារជាតិ និង​លេខ​៣ ព្រះខ័ន​រាជ​។ វិញ្ញាសា​៣​នាក់​ទល់​៣​បុរស​ក្របខណ្ឌ​ក​១ ជើងឯក​បាន​ទៅ​ស្ថាបនា​ភីអិលស៊ី លេខ​២ ព្រះខ័ន​រាជ និង​លេខ​៣ ក្រសួងការពារជាតិ​៕   


Tag:
 សី​ប៉ា​ក់តា​ក្រ​
  ជើងឯក​ថ្នាក់ជាតិ​សី​ប៉ា​ក់តា​ក្រ​ឆ្នាំ​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com