ពីនេះ ពីនោះ
បើ​មច្ឆា​សូន្យ កូន​បាន​អី​?
01, Jul 2016 , 9:25 am        
រូបភាព
រូបថតពី៖ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបថតពី៖ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ: ថ្មីៗ
​កំណាព្យ​បទ កាកគតិ​
​ដោយ​ប៉ាកកា​ខ្មៅ​



-​ក្រឹម​ក្រាញ់​រងគ្រោះ​    ​    ​ឆ្លូញ​ឆ្លាំង​របួស​    ​    ​
​អណ្តែង​ដាច់​ព្រុយ​    ​    ​ផ្ទោង​ផ្ទក់​ចង្វា​    ​    ​    ​
​កំពឹស​ងងុយ​    ​    ​    ​ពស់​ដាច់​កន្ទុយ​
​អន្ទង់​សោកា​។​

-​កង្កែប​នៅ​ស្ងៀម     ​    ​ខ្យង​ខ្ចៅ​មុខក្រៀម​    ​    ​
​មើល​លៀស​ឈឺផ្សា​    ​    ​អណ្តើក​ប្រឹង​វារ​    ​    ​
​កន្ធាយ​ដាច់​ផ្ងារ     ​    ​ព្រោះតែ​មនុស្សា​
​ប្រព្រឹត្ត​ខុសច្បាប់​។​

-​បំផ្ទុះ​បំពុល     ​    ​    ​អ្នកខ្លះ​ងងុល​
​គេ​ហាម​មិន​ស្តាប់​    ​    ​គិតតែ​ខ្លួនឯង​    ​    ​    ​
​ឲ្យ​អ្នក​ក្រោយ​ស្លាប់     ​    ​អូស​អួន​ឆក់​ចាប់​
​សម្លាប់​មច្ឆា​។​

-​គួរ​គិត​ជាថ្មី​    ​    ​    ​បងប្អូន​ប្រុស​ស្រី​
​ក្រុង​ស្រែចម្ការ​    ​    ​បើសិន​នេសាទ​    ​    ​
​គួរ​ពិចារណា​    ​    ​    ​រក្សា​មច្ឆា​
​កុំ​ឲ្យ​សាបសូន្យ​។​

-​ក្រុម​អ្នក​កាន់​ច្បាប់​    ​    ​បង្ក្រាប​ចុះ​ចាប់​    ​    ​
​កុំ​គិត​បងប្អូន​    ​    ​    ​ឃុបឃិត​គ្នាឯង​
​គួរ​អាណិតកូន​    ​    ​បើ​មច្ឆា​សូន្យ​
​កូន​យើង​បាន​អី​?


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com