កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​អាច​ការពារ​ជើងឯក ឬក៏​ក្រសួងការពារជាតិ​អាច​លើក​ពាន​ជា​លើក​ទី​ពីរ​?
02, Jul 2016 , 9:19 am        
រូបភាព
ដោយ:
ក្រោយពី​ឆ្លងកាត់​ការ​ឈ្នះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​នាពេល​កន្លងមក ដោយ​ក្រសួងការពារជាតិ បាន​យកឈ្នះ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ ភ្នំពេញ​ក្រោ​ន នៅលើ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​នេះ ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវ​ប្រជែង​ជាមួយ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដើម្បី​ដណ្តើម​ជើងឯក​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦​។ តើ​ក្រុម​ទាំងពីរ​មួយណា​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​នេះ​?



​ម្ចាស់​ពាន​ឆ្នាំ​២០១០ ក្រសួងការពារជាតិ ក្រោយពី​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ៣-០ នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ ត្រូវ​ប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២ ដើម្បី​ដណ្តើម​ជើងឯក​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ នា​វេលា​ម៉ោង​៧:០០​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ជាមួយគ្នានេះ លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួលស្គាល់ថា ក្រុម​ក្រសួងការពារជាតិ​គឺជា​ក្រុម​ដ៏​ខ្លាំង​មួយនា​ពេលបច្ចុប្បន្ន ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​គ្រូបង្វឹក​រូបនេះ​បាន​ត្រៀម​រូ​ច​ជាស្រេច​ក្នុង​ការជួប​ជាមួយ​ក្រុម​ទ័ព​នា​ល្ងាច​នេះ​។

​លោក​បាន​បញ្ជាក់ថា​៖«​ក្រុម​ការពារជាតិ​គាត់​គឺជា​ក្រុម​ខ្លាំង​នាពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​មិនមែន​ហាត់​តែឯង​នោះទេ ក្រុម​ណា​ក៏​ហាត់​ដែរ ទោះ​ក្រុម​ខ្ញុំ​ក៏ដោយ គឺ​ហាត់​ដូចគ្នា​។ ដូច​យើង​បានឃើញ​ក្រុម​ឥឡូវ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា យើង​មិនអាច​មើលស្រាល​បាន​នោះទេ ព្រោះ​ឆ្លង​ការ​ការប្រកួត​ទោះបី​ក្រុម​ខ្លាំង​ជួប​ក្រុម​ខ្សោយ​គឺ​ហ្គេម​នៅតែមាន​បញ្ហា​»​។

​បើ​យោងតាម​ប្រវត្តិ​ជួបគ្នា​រវាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៥ ក្នុងចំណោម​៥​ប្រកួត​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​បាន​២​ប្រកួត និង​ចាញ់​៣​ប្រកួត​។ ជ័យជម្នះ​២​ដង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​គឺ​ក្នុង​ឆ្នាំ​២០១៥​ទាំងពីរ​ប្រកួត ជា​ឆ្នាំ​ដែល​ក្រុម​នេះ​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៥ ៕

​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦៖
- ម៉ោង ៣:៣០​នាទី​៖ ភ្នំពេញ​ក្រោ​ន ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ
- ម៉ោង ៧:០០​នាទី​៖ ក្រសួងការពារជាតិ ជួប ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។


   

 

 




 


   

 



Tag:
 ​បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com