កីឡាជាតិ
ជាតិ
ក្រសួងការពារ​ជាតិក្លាយជាម្ចាស់ពាន Hun Sen Cup ឆ្នាំ២០១៦
02, Jul 2016 , 9:33 pm        
រូបភាព
ក្រសួងការពារជាតិ​លើកពាន​រង្វាន់សម្តេច ហ៊ុន សែន ជាលើកទីពីរ។ រូបថត Masayori Ishikawa
ក្រសួងការពារជាតិ​លើកពាន​រង្វាន់សម្តេច ហ៊ុន សែន ជាលើកទីពីរ។ រូបថត Masayori Ishikawa
ដោយ: ថ្មីៗ
ក្រសួងការពារជាតិ ក្លាយ​ជាម្ចាស់​ជើង​ឯកពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ក្រោយការស៊ុត​បាល់ប៉េណាល់ឈ្នះព្រះខ័នរាជ​ស្វាយរៀង ៦-៥ បន្ទាប់ពីបញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ក្រោយការ​ប្រកួត១២០នាទី។ រ៉ឹង ប៊ុនហៀង បាន​ស៊ុត​បាល់បញ្ចូលទីនាំមុខ​សម្រាប់​ក្រសួងការពារ​ជាតិនៅ​ក្នុងនាទី ទី​៨០ ប៉ុន្តែ​៨នាទីក្រោយមក សារ៉េត គ្រីយ៉ា បាន​វាយ​បក​តាម​ស្មើ​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង។ ការ​ប្រកួត​ឈាន​ដល់​ការបន្ថែមម៉ោង​១៥នាទីពីរដង​ មិនមាន​ការស៊ុត​បាល់បញ្ចូលទីឡើយ។



អ្នក​ចាំទី អោម ឧត្តម បាន​ស៊ុត​បាល់ប៉េណាល់ទីបើក​ឆាកហើយ​ធ្វើបាន​សម្រេច​សម្រាប់ព្រះខ័នរាជ​ស្វាយរៀង។ ច្រឹង ពល​រដ្ឋ តាម​ស្មើ ១-១ ឲ្យ​ក្រសួងការពារ​ជាតិ។ សឿយ វិសាល នាំព្រះខ័នរាជនាំមុខ ២-១ ។ សុខ ហៀង ជួយ​ឲ្យក្រសួងការពារ​តាមស្មើ ២-២ ។ ហួយ ផល្លីន របស់​ព្រះខ័នរាជ បាន​ទាត់បាល់ហើរលើ​របាទី ប៉ុន្តែ អោម ឧត្តម បាន​សង្គ្រោះ​បាល់​របស់ អ៊ុព កាម៉ុល ដើម្បីរក្សាលទ្ធផល ២-២ ដដែល។

សំអឿន ពិ​ដោរ បង្កើន​ការនាំមុខ​ ៣-២ សារជាថ្មី​របស់ព្រះខ័នរាជ បន្ទាប់មក ឈិន ឈឿន បានស៊ុត​តាម​ស្មើ ៣-៣ វិញសម្រាប់ការពារជាតិ។ ឈាន​ដល់​ការស៊ុត​គ្រាប់ទី៥ នេន សុធារ័ត្ន ធ្វើបាន​សម្រេច​សម្រាប់​ព្រះខ័នរាជ ហើយ ខែក ខេមរិន្ទ ធ្វើ​បាន​សម្រេច​ស្មើ ៤-៤ ឲ្យការពារជាតិ។

ប្រាក់ សុវណ្ណពិសិដ្ឋ បាន​បរាជ័យ​ក្នុងការ​ស៊ុតឲ្យផុតដៃពី អ៊ុំ សេរីរ័ត្ន បន្ទាប់មក អ៊ុំ សេរីរ័ត្ន បានធ្វើ​ជាអ្នក​ស៊ុត​បាល់ម្តង ហើយ​ការ​ស៊ុត​របស់គេធ្វើឲ្យ​បាល់ហើរលើ​របាទី។ សារ៉េត គ្រីយ៉ា នាំមុខ ៥-៤ សារជាថ្មី សម្រាប់ព្រះខ័នរាជ ហើយ ស ពិសិដ្ឋ តាមស្មើ ៥-៥ សម្រាប់ការពារជាតិ។ ឈាន​គ្រាប់ទី៨ ជា សំណាង បាន​ទាត់​បាល់ចំលើ​របាទី ខណៈរ៉ឹង ប៊ុនហៀង ជាអ្នកនាំជ័យជម្នះ ៦-៥ ឲ្យ​ក្រសួងការពារជាតិ​ដើម្បីលើកពាន​ជាលើក​ទីពីរ៕

© រក្សាសិទ្ធិដោយ thmeythmey.com