ពីនេះ ពីនោះ / មិនយល់...!
ការ​ទូន្មាន និង​ការណែនាំ​ពេលខ្លះ​ជាស​ត្រូវ​របស់​មនុស្ស​!
13, Jan 2018 , 8:59 am         13300
រូបភាព
ដោយ: ថ្មីៗ
​ការផ្តល់​ដំបូន្មាន និង​ការណែនាំ ជា​បញ្ញត្តិ​ដែល​ខ្មែរ​តែងតែ​ផ្តល់​តម្លៃ និង​ប្រាប់តៗ​គ្នា​ថា ធ្វើជា​មនុស្ស​ត្រូវ​ចេះ​ជួយ​គ្នា អប់រំ ណែនាំ​គ្នា ដើម្បី​កែលម្អរ​នូវ​ចំណុច​ខ្វះខាត​របស់​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ ជាទូទៅ​មនុស្ស​មិន​ចូលចិត្ត​ឲ្យ​គេ​មក​ទូន្មាន ប្រៀនប្រដៅ​ខ្លួន​ទេ ព្រោះ​ពួកគេ​នៅមាន​ផ្នត់គំនិត​មួយចំនួន ដូចជា ខ្លាច​គេ​ថា​ខ្លួន​អន់ ឬ​យល់ថា​អ្នក​ទូន្មាន​នោះ គ្មាន​សមត្ថភាព​អ្វី​អស្ចារ្យ​ជាង​ខ្លួន​នោះទេ​។ បើទោះជា​អ្នកខ្លះ បង្ហាញ​សកម្មភាព​ទទួលយក​នូវ​ពាក្យ​ទូន្មាន​ទាំងនោះ តែ​ក្នុង​ចិត្ត ពួកគេ​កំពុងតែ​រិះគន់ និង​បដិសេធ​នូវ​អ្វីៗ​ដែល​គេ​បាន​ណែនាំ​នោះ​ទៅវិញ​។​


ឧទាហរណ៍ ពេល​ម្ដាយ​អប់រំ​កូន​ក្នុងន័យ​ល្អ តែ​បែរជា​កូន​យល់ថា​សង្គម ដែល​ម្ដាយ​ធ្លាប់​ឆ្លងកាត់ គឺ​មិន​ដូច​សង្គម​បច្ចុប្បន្ន​ដែល​កូន​កំពុង​រស់នៅ​នោះទេ​។ ចំណែក មិត្តភក្តិ​ទូន្មាន​មិត្តភក្តិ គាត់​បែរជា​បដិសេធ​ហើយ​លើកយក​ឃ្លា​ថា បើ​ចង់​ប្រដៅ​គេ​ចូល​លាង​ខ្លួនឯង​ឲ្យ​ស្អាត​សិន​ទៅ​។ រីឯ នៅ​កន្លែងធ្វើការ​ខ្លះ នៅពេល​ចៅហ្វាយនាយ​ស្ដីបន្ទោស​ក្នុងន័យ​ទូន្មាន តែ​បុគ្គលិក​បែរជា​មានចិត្ត​មួយ​មិន​ព្រម​ទទួលយក​ទៅវិញ​។ ទាំងនេះ​មិនមែន​មានន័យថា មនុស្ស​សុទ្ធតែ​មិនចេះ​ទទួល​យ​ការ​ទូន្មាន​ពី​អ្នក​ដ៏​ទៃ​នោះទេ តែ​សភាព​ចិត្ត​បែបនេះ តែងតែ​កើតមាន​ចំពោះ​មនុស្ស​ទូទៅ​។​

ការប្រកាន់​នូវ​ផ្នត់គំនិត​បែបនេះ មិនមែនជា​ជម្រើស​ល្អ​សម្រាប់​មនុស្ស​ទូទៅ​នោះទេ​។ ប្រការ​មួយ​ដែរ​មនុស្ស​យល់ថា​ខ្លាច​ខ្លួន​អន់ ខ្មាស់​គេ គេ​មិនមាន​សមត្ថភាព​ស្មើនឹង​ខ្លួន​មិន​សម​អប់រំ​ខ្លួន គឺ​មិនមែនជា​គោលការណ៍​ជីវិត​របស់​មនុស្ស​ឆ្លាត​នោះទេ​។ ការរិះគន់ និង​ការបដិសេធ ទៅលើ​អ្វីៗ​ទាំងអស់ ដែល​គេ​បានផ្ដល់​ឲ្យ​ខ្លួន គឺជា​ដំណើរ​មួយ​ឆ្ពោះទៅកាន់​ភាព​វិនាស​។ គំនិត​ទុទិដ្ឋិនិយម​ចំពោះ​អ្វីមួយ​ដែល​គេ​បានផ្ដល់​ឲ្យ​អ្នក  វា​នឹង​នាំ​អ្នក​ទៅរក​សេចក្ដី​វិនាស ដែល​ផ្ទុយ​ពី​គំនិត​សុទិដ្ឋិនិយម ដែល​នាំ​អ្នក​ទៅរក​សេចក្ដី​រីកចម្រើន​។​

ហេតុនេះ​ធ្វើជា​មនុស្ស​ត្រូវ​ចេះ​ផ្ដល់​តម្លៃ និង​ទទួលយក​នូវ​គំនិតល្អៗ​របស់​អ្នក​ដ៏​ទៃ នៅពេល​ជួបជុំ​ពិភាក្សា​អ្វីមួយ ឬ​នៅពេលដែល​គេ​បង្ហាញ​ពី​ជ្រុង​ណាមួយ នៃ​កំហុស​របស់​អ្នក​ជាដើម​។ កុំ​ព្យាយាម​បដិសេធ​រាល់​គំនិត ដែល​មិន​ស្រប​ជាមួយ​ការយល់ឃើញ​របស់​អ្នក​ភ្លាមៗ តែ​អ្នក​ត្រូវ​ធ្វើជា​មនុស្ស​ឆ្លា​ត់​ក្នុងការ​ពិចារណា​ពី​គំនិត​ទាំងនោះ ពេលខ្លះ​គំនិត​ទាំងនេះ​នឹងត្រូវ​បានបង្ហាញ​ពី​ជ្រុង​ណាមួយ​នៃ​ខ្លួន​របស់​អ្នក ហើយ​ត្រូវតែមាន​ភាព​អំណត់ ដើម្បី​ស្ដាប់​ការ​ទូន្មាន​របស់​អ្នក​ដ៏​ទៃ​ឲ្យ​ដល់ទី​បញ្ចប់​៕
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង