ពីនេះ ពីនោះ
ការទូន្មាន និងការណែនាំពេលខ្លះជាសត្រូវរបស់មនុស្ស!
× ការផ្តល់ដំបូន្មាន និងការណែនាំ ជាបញ្ញត្តិដែលខ្មែរតែងតែផ្តល់តម្លៃ និងប្រាប់តៗគ្នាថា ធ្វើជាមនុស្សត្រូវចេះជួយគ្នា អប់រំ ណែនាំគ្នា ដើម្បីកែលម្អរនូវចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែ ជាទូទៅមនុស្សមិនចូលចិត្តឲ្យគេមកទូន្មាន ប្រៀនប្រដៅខ្លួនទេ ព្រោះពួកគេនៅមានផ្នត់គំនិតមួយចំនួន ដូចជា ខ្លាចគេថាខ្លួនអន់ ឬយល់ថាអ្នកទូន្មាននោះ គ្មានសមត្ថភាពអ្វីអស្ចារ្យជាងខ្លួននោះទេ។ បើទោះជាអ្នកខ្លះ បង្ហាញសកម្មភាពទទួលយកនូវពាក្យទូន្មានទាំងនោះ តែក្នុងចិត្ត ពួកគេកំពុងតែរិះគន់ និងបដិសេធនូវអ្វីៗដែលគេបានណែនាំនោះទៅវិញ។
ឧទាហរណ៍ ពេលម្ដាយអប់រំកូនក្នុងន័យល្អ តែបែរជាកូនយល់ថាសង្គម ដែលម្ដាយធ្លាប់ឆ្លងកាត់ គឺមិនដូចសង្គមបច្ចុប្បន្នដែលកូនកំពុងរស់នៅនោះទេ។ ចំណែក មិត្តភក្តិទូន្មានមិត្តភក្តិ គាត់បែរជាបដិសេធហើយលើកយកឃ្លាថា បើចង់ប្រដៅគេចូលលាងខ្លួនឯងឲ្យស្អាតសិនទៅ។ រីឯ នៅកន្លែងធ្វើការខ្លះ នៅពេលចៅហ្វាយនាយស្ដីបន្ទោសក្នុងន័យទូន្មាន តែបុគ្គលិកបែរជាមានចិត្តមួយមិនព្រមទទួលយកទៅវិញ។ ទាំងនេះមិនមែនមានន័យថា មនុស្សសុទ្ធតែមិនចេះទទួលយការទូន្មានពីអ្នកដ៏ទៃនោះទេ តែសភាពចិត្តបែបនេះ តែងតែកើតមានចំពោះមនុស្សទូទៅ។
ការប្រកាន់នូវផ្នត់គំនិតបែបនេះ មិនមែនជាជម្រើសល្អសម្រាប់មនុស្សទូទៅនោះទេ។ ប្រការមួយដែរមនុស្សយល់ថាខ្លាចខ្លួនអន់ ខ្មាស់គេ គេមិនមានសមត្ថភាពស្មើនឹងខ្លួនមិនសមអប់រំខ្លួន គឺមិនមែនជាគោលការណ៍ជីវិតរបស់មនុស្សឆ្លាតនោះទេ។ ការរិះគន់ និងការបដិសេធ ទៅលើអ្វីៗទាំងអស់ ដែលគេបានផ្ដល់ឲ្យខ្លួន គឺជាដំណើរមួយឆ្ពោះទៅកាន់ភាពវិនាស។ គំនិតទុទិដ្ឋិនិយមចំពោះអ្វីមួយដែលគេបានផ្ដល់ឲ្យអ្នក វានឹងនាំអ្នកទៅរកសេចក្ដីវិនាស ដែលផ្ទុយពីគំនិតសុទិដ្ឋិនិយម ដែលនាំអ្នកទៅរកសេចក្ដីរីកចម្រើន។
ហេតុនេះធ្វើជាមនុស្សត្រូវចេះផ្ដល់តម្លៃ និងទទួលយកនូវគំនិតល្អៗរបស់អ្នកដ៏ទៃ នៅពេលជួបជុំពិភាក្សាអ្វីមួយ ឬនៅពេលដែលគេបង្ហាញពីជ្រុងណាមួយ នៃកំហុសរបស់អ្នកជាដើម។ កុំព្យាយាមបដិសេធរាល់គំនិត ដែលមិនស្របជាមួយការយល់ឃើញរបស់អ្នកភ្លាមៗ តែអ្នកត្រូវធ្វើជាមនុស្សឆ្លាត់ក្នុងការពិចារណាពីគំនិតទាំងនោះ ពេលខ្លះគំនិតទាំងនេះនឹងត្រូវបានបង្ហាញពីជ្រុងណាមួយនៃខ្លួនរបស់អ្នក ហើយត្រូវតែមានភាពអំណត់ ដើម្បីស្ដាប់ការទូន្មានរបស់អ្នកដ៏ទៃឲ្យដល់ទីបញ្ចប់៕
© រក្សាសិទ្ធិដោយ thmeythmey.com