កីឡាជាតិ
ជាតិ
សួង វិ​រៈ កីឡា​ករទី​៧ដែល​ទទួល​បាន​​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​
03, Jul 2016 , 3:12 pm        
រូបភាព
សួង វិរៈ ទទួល​ពាន​ស្បែកជើងមាសពី​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។ រូបថត Masayori Ishikawa
សួង វិរៈ ទទួល​ពាន​ស្បែកជើងមាសពី​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។ រូបថត Masayori Ishikawa
ពានរង្វាន់​កីឡាបាល់ទាត់​សម្តេច ហ៊ុន សែន ឬ Hun Sen Cup បានធ្វើ​ដំណើរ​អស់​រយៈពេល​១០​ឆ្នាំ​ហើយ​។ ក្រសួងការពារជាតិ បាន​លើក​ពាន​លើក​ទី​ពីរ ក្រោយ​យកឈ្នះ​ជើងឯក​ឆ្នាំ​ចាស់ ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២ ខែកក្កដា​។ បើ​គិត​លើ​រង្វាន់​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ កីឡាករ សួង វិ​រៈ នៃ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្លាយជា​កីឡា​ករទី​៧ដែល​ទទួល​ស្បែកជើង​មាស (Golden Boot) ជាមួយនឹង​ប្រាក់រង្វាន់​១​លាន​រៀល​។​



​គួច សុគ​ម្ភៈ ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ណាហ្គា​វើ​ល ទទួលបាន​ស្បែកជើងមាសមុន​គេនៅពេលខេមរាកីឡា​ឈ្នះពាន Hun Sen Cup បើកឆាកនៅ​ឆ្នាំ​២០០៧។ គេបានឈ្នះ Golden Boot ពីរលើកទៀត ពោលគឺ​នៅ​ឆ្នាំ​២០០៩ នៅពេល​ខេមរា​ធ្លាក់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០១០ ខេមរា​កីឡា​ខក​ឱកាស​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ដូចគ្នា ប៉ុន្តែ សុគ​ម្ភៈ នៅតែ​ឈ្នះ​ពាន Golden Boot ដោយ​ចែករំលែក​ជាមួយ ស្រី វាសនា នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២០​គ្រាប់​ដូចគ្នា​។​

ឃួន ឡា​បូ​រ៉ាវី គឺជា​កីឡាករ​ដែល​ឈ្នះ​ស្បែកជើង​មាស​បីលើក​ផង​ដែរ ដោយ​រូបគេ​ទទួលបាន​២​លើក​ក្នុងនាម​ជា​កីឡាករ​របស់​ព្រះខ័ន​រាជ ខណៈ​ក្រុម​មួយ​នេះ​លើក​ពាន​កាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ។ ពីរ​ឆ្នាំក្រោយ បូរ៉ា​វី ទទួលបាន​ស្បែកជើង​មាស​ម្តងទៀត នៅពេលដែល​ក្រុម​បឹងកេត​អង្គរ​របស់គេ​បាន​ចំណាត់ថ្នាក់​លេខ​បី នា​ឆ្នាំ​២០១៤ ។​

​សុក ច័ន្ទ​រស្មី គឺជា​កីឡា​ករទី​ពីរ​ដែល​បានឈ្នះ Golden Boot ខណៈ​រូបគេ​លេង​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ដែល​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២ កាលពី​ឆ្នាំ​២០០៨ ។ ការ​ឈ្នះ​ពាន​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​សោ​រ៍ នាំ​ឲ្យ ច័ន្ទ​រស្មី ឈ្នះ ពានរង្វាន់​សម្តេច ហ៊ុន សែន សរុប​ចំនួន​៣​លើក ដោយ​ពីរលើក​មុន គេ​បានឈ្នះ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​។​

​នៅ​ឆ្នាំ​២០១៣ ចាន់ វ​ឌ្ឍ​នា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ នៅពេលដែល​ចម្ការកៅស៊ូ​បឹងកេត (​ឈ្មោះ​ដើម​របស់​បឹងកេត​អង្គរ​) ធ្លាក់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០១៥ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​កាន់កាប់ Golden Boot ក្រោយ​ស្វាយរៀង (​ព្រះខ័ន​រាជ​ស្វាយរៀង​) ឈ្នះ​ពាន​នៅ​ទឹកដី​របស់ខ្លួន​។

​នៅ​ឆ្នាំ​២០១៦ សួង វីរៈ នៃ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​ក្លាយជា​កីឡា​ករទី​៨ ដែល​ឈ្នះ Golden Boot បើទោះបីជា​ថា​យ​ហ្គឺ​រ​ចាញ់​ក្រសួងការពារជាតិ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក៏ដោយ​។ វីរៈ បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​២៥​គ្រាប់​។ នៅពេល​ថា​យ​ហ្គឺ​រ​ឈ្នះ​ខេត្តកណ្តាល ១៨-០ នៅ​វគ្គ​ជម្រុះ វិ​រៈ បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​ម្នាក់​ឯក​រហូតដល់​ទៅ​១៥​គ្រាប់​៕



Tag:
 បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com