កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ អ្នកមាន​បំណង​ចូលរួម​រត់​ម៉ារ៉ាតុន​អង្គរ គួរ​ចុះឈ្មោះ​ឲ្យ​បាន​ទាន់ពេល​
04, Jul 2016 , 9:19 am        
រូបភាព
ដោយ:
នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែមិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បានស្នើ​ឲ្យ​ប្រជាជន​កម្ពុជា​បោះបង់​ទម្លាប់​យឺតយ៉ាវ​ក្នុងការ​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ លើក​ទី​៣ នៅ​ទី​រួម​ខេត្តសៀមរាប ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​៧ ខែសីហា ខាងមុខនេះ ហើយ​លោក​ស្នើ​ឲ្យ​អ្នក​ដែលមាន​បំណង​ចូលរួម​មក​ចុះឈ្មោះ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ឲ្យ​បានល្អ​។ 


​អគ្គលេខាធិការ NOCC តាមរយៈ​ការសង្កេត​ឃើញ​ពី​ភាពយឺតយ៉ាវ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​កាលពី​ឆ្នាំមុនៗ បានស្នើរ​ឲ្យ​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​ចង់​ចូលរួម​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​ឆ្នាំនេះ បោះបង់​ទម្លាប់​ចាស់​ទាំងនោះ រួច​រួសរាន់​មក​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ងាយស្រួល​សម្រាប់​ក្រុមការងារ​ត្រៀម​រៀបចំ​ឲ្យ​បានល្អ​សម្រាប់​អ្នកចូលរួម​។ ជាមួយគ្នានេះ លោក បាន​សរសើរ​ជនបរទេស ដែល​តែងតែ​មក​ចុះឈ្មោះ​បាន​ទាន់ពេលវេលា​សម្រាប់​ការចូលរួម​ផងដែរ​។​


​លោក​បាន​បញ្ជាក់ថា​៖«​ជនបរទេស​ដែល​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​នេះ តែងតែ​មក​ចុះឈ្មោះ​ចូលរួម​ទាន់ពេលវេលា​ត្រឹមត្រូវ​ជានិច្ច  ប៉ុន្តែ​ប្រជាជន​កម្ពុជា​វិញ​ច្រើនតែ​មិន​ចោល​ទម្លាប់​ដែល​ជិត​ដល់​ថ្ងៃ​ប្រកួត​ទើប​ទៅ​ចុះឈ្មោះ ឬ​ដល់​ថ្ងៃ​រត់​បាន​ទៅ​ចុះឈ្មោះ​។ ហេតុនេះ​ខ្ញុំ​សូម​ស្នើ​ប្រជាជន​កម្ពុជា ដែលមាន​បំណង​ចង់​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​ឆ្នាំនេះ មេត្តា​មក​ចុះឈ្មោះ​ឲ្យ​បាន​លឿន​ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ត្រៀម​សម្រាប់​អ្នកចូលរួម​ឲ្យ​បានល្អ​»​។​

​សម្រាប់​អ្នក​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​៣ មកទល់ពេលនេះ​មាន​ចំនួន​ជិត​២​ពាន់​នាក់​ហើយ ដោយ​ក្នុងនោះ​ជនបរទេស​ចំនួន​ជាង​១​ពាន់​នាក់ កម្ពុ​ជាជាង​៥០០​នាក់ ក្នុងចំណោម​ជនបរទេស​ដែល​ចុះ​បាន​ចុះឈ្មោះ​ចូលរួម​ទាំងនោះ​ភាគច្រើន​ជា​ជន​ជាតិចិន​។ ហើយ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​អាច​ចូលទៅ​កាន់ www.angkorempiremarathon.org​។

 លោក សែម ផល្លា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ចំនួន​ជាង​២​ពាន់​នាក់ ហើយ​សម្រាប់​ឆ្នាំនេះ លោក រំពឹងថា នឹង​ទទួលបាន​អ្នកចូលរួម​កើន​ជាង​ឆ្នាំមុន​។ ការប្រកួត​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​នេះ មាន​៤​ប្រភេទ​វិញ្ញាសា​ចូលរួម គឺ​៤២,១៩៥​គីឡូម៉ែត្រ​, ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ តម្លៃ​ចុះឈ្មោះ​សម្រាប់​វិញ្ញាសា​៤២​គីឡូម៉ែត្រ​បរទេស ៦៥​ដុល្លារ និង​កម្ពុជា​២០​ដុល្លារ​, ២១​គីឡូម៉ែត្រ​បរទេស​៥៥​ដុល្លារ កម្ពុជា​១៥​ដុល្លារ​, ១០​គីឡូម៉ែត្រ​បរទេស​៥០​ដុល្លារ កម្ពុជា​១២​ដុល្លារ និង​៣​គីឡូម៉ែត្រ​បរទេស​៣០​ដុល្លារ និង​កម្ពុជា​៥​ដុល្លារ​។ 

​ទន្ទឹមនឹងនេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ថវិកា​ដែល​បានមកពី​ការចុះឈ្មោះ​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​នឹង​យក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប និង​អង្គរ​នានា​ដែល​ធ្វើការ​ជា​លក្ខណៈ​មនុស្សធម៌​។​

​លោក​បាន​បន្ថែមថា ការរៀបចំ​ការរត់​ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​អង្គរ​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​តាម​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​តំបន់​អង្គរ ព្រោះ​ខែសីហា ជា​ខែ​មួយ​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ធ្លាក់ចុះ​៕  


Tag:
 អត្តពលកម្ម​
  ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com