ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន​បន្ត​ផ្តល់ជំនួយ​ដល់ គ.ជ.ប តែ​ចង់​ឲ្យ CPP និង CNRP ចរចា​គ្នា​ឡើងវិញ
04, Jul 2016 , 3:38 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន នៅតែ​ប្រកាសបន្ត​ផ្តល់ជំនួយ​ជា​ថវិកា​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) សម្រាប់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ ២០១៧ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី៦ ឆ្នាំ ២០១៨ ខាងមុខ បើទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងមាន​ទំនាស់​នឹង​គ្នា។ តែ​ជប៉ុន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ អង្គុយ​តុ​ចរចារ​ដោះស្រាយ​បញ្ហា​ឡើងវិញ ដើម្បី​ឲ្យ​ការបោះឆ្នោត​កាន់តែ​ប្រសើរ។



រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ផ្តល់ជំនួយ​ថវិកា​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​នៅពេល​ខាងមុខ។ ជំហរ​ជប៉ុន​បែបនេះ ត្រូវបានប្រកាស​ឲ្យ​ដឹង​ជាថ្មី​ដោយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Kumamaru Yuji ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​ជំនួយ​ឧបត្ថម្ភ​សម្រាប់ គម្រោង​ជំនួយ​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន នៅ​ថ្ងៃទី៤ កក្កដា​នេះ។

ការបញ្ជាក់​ពី​ការផ្តល់​ជំនួយ​ដល់គ.ជ.ប មន្ត្រី​ទូត​ជប៉ុន​រូបនេះ ក៏​ធ្វើ​ឡើយ​ក្រោយពី​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ធ្លាប់​ព្រមានខ្លាំងៗ កាលពី​សប្តាហ៍​មុន​ទៅកាន់​មន្ត្រី​បេសកកម្ម​ទូត​បរទេស​ជុំវិញ​រឿង​បំណង​ផ្តាច់ជំនួយ​ដល់ គ.ជ.ប ដោយសារតែ​រឿង​ក្តីក្តាំ​ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា។ សម្តេច ហ៊ុន សែន បានប្រកាស​ពេលនោះ ដោយមាន​វត្តមាន​លោក​ឯកអគ្គរាជទូត​ជប៉ុន​ផង​ថា បើទោះបីជា​អន្តរជាតិ​មិន​ផ្តល់ជំនួយ​ដល់​ការបោះឆ្នោត​ក្តី ក៏​រដ្ឋាភិបាល​កម្ពុជា​ នៅតែ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​ខ្លួនឯង​បានដែរ។

លោក Kumamaru Yuji បាន​ប្រាប់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗថា រដ្ឋាភិបាល​ជប៉ុន​នៅតែផ្តល់​ជំនួយដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​កម្ពុជា​ទៀត​ ពីព្រោះ​លោកជឿជាក់ថា ការបោះឆ្នោត​មួយ​តាមបែប​ប្រជាធិបតេយ្យ​នឹង​ជួយ​កំណត់​ពី​អនាគត​ប្រទេស​កម្ពុជា។ ឯកអគ្គរាជទូត​ប្រទេស​ផ្តល់ជំនួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​រូបនេះ បាន​និយាយពី​មូល​ហេតុដែល​រដ្ឋាភិបាល​ជប៉ុន​បន្ត​ផ្តល់ជំនួយ​ថវិកា​ដល់ គ.ជ.ប ដូច្នេះ​ថា៖«ខ្ញុំ​យល់ថា វា​គឺជា​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​កម្ពុជា។ យើង​ចង់​ធ្វើ ហើយ​យើង​ចង់​ជួយ​កម្ពុជា។ ពិតណាស់! ការបោះឆ្នោត គឺ​រឿង​ដ៏​សំខាន់ ព្រោះ​វា​ជា​កំណត់​អនាគត​របស់​កម្ពុជា។ យើង​ចង់​ជួយ​កម្ពុជា»។

ជាមួយគ្នានេះ​ផងដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ងាក​ចេញពី​តុ​ចរចា​រវាង​អ្នកនយោបាយ​បក្ស​ទាំងពីរ​បច្ចុប្បន្ន លោក​ឯកអគ្គរាជទូត​ជប៉ុន​រូប​ខាងលើ​សង្ឃឹមថា គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ងាក​មករក​តុ​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហានយោបាយ​បច្ចុប្បន្ន​ឡើងវិញ​ដោយ​សន្តិវិធី មុន​ការបោះឆ្នោត​ខាងមុខ​ឈាន​មកដល់។ លោក​ថា ការដោះ​ស្រាយ​​​បញ្ហា​ដោយ​អង្គុយ​តុ​ចរចា​នេះ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ កាន់តែ​ប្រសើរ​នៅ​កម្ពុជា៕


Tag:
 បោះឆ្នោត
  CPP
  CNRP
  ជប៉ុន
  កឹម សុខា
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com