ជាតិ
​រឿង​ពុករលួយ​៖ លោក ឱម យ៉ិនទៀង រិះគន់​អភិបាលខេត្ត​បាត់ដំបង​
04, Jul 2016 , 9:59 pm        
រូបភាព
ដោយ:
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង បាន​រិះគន់​លោក​អភិបាលខេត្ត​បាត់​ដំបូង​លោក ច័ន្ទ សុផល ថា ធ្វើ​ខុសពី​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​មិន​ព្រម​បញ្ជូន​សំណុំរឿង​មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​អភិបាលស្រុក​ថ្មគោល​មក​អង្គភាព​ខ្លួន​។ តែ​យ៉ាងណា​លោក ច័ន្ទ សុផល ថា លោក​មិន​ខ្វល់​នឹង​ការលើកឡើង​របស់លោក ឱម យ៉ិនទៀង នោះទេ​។​



​ការឆ្លើយ​ឆ្លង​គ្នា​រវាង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាមួយ​លោក​អភិបាលខេត្ត​បាត់ដំបង​នេះ កើតឡើង​ដោយសារតែ​លិខិត​មួយចំនួន ត្រូវបាន​ជន​មិន​ស្គាល់មុខ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ចោទថា លោក​អភិបាលស្រុក​ថ្មគោល​ប្រព្រឹត្ត​អំពើពុករលួយ​។ យោងតាម​កាសែត The Cambodia Daily ដែល​ចុះផ្សាយ​នៅថ្ងៃនេះ សំណុំ​រឿងនេះ លោក ឱម យ៉ិនទៀង ស្នើ​ឲ្យ​លោក​អភិបាលខេត្ត​បាត់ដំបង​លោក ច័ន្ទ សុផល ប្រគល់​ឲ្យ​អង្គភាព​របស់ខ្លួន​បើក​ការស៊ើបអង្កេត តែ​លោក ច័ន្ទ សុផល មិន​យល់ព្រម​នោះឡើយ​។​

​លោក ច័ន្ទ សុផល បាន​ប្រាប់​កាសែត The Cambodia Daily ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់គ្រង​ខេត្ត ធ្វើការ​ស៊ើបអង្កេត​ហើយ តែ​លោក​នឹងមិន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ពីព្រោះ​តែ​វា​ស្ថិតនៅ​កម្រិត​ថ្នាក់​ខេត្ត ។ លោក​អភិបាលខេត្ត​បន្ថែមថា ចំពោះ​ករណីនេះ ប្រសិនបើ​រកឃើញថា លោក គង់ លី អភិបាលស្រុក​ថ្មគោល​មាន​កំហុស​ដូច​ការចោទប្រកាន់​មែន​នេះ លោក​នឹងដាក់​ពិន័យ​លោក គង់ លី ហើយនឹង​ឲ្យ​គាត់​សងលុយ ព្រមទាំង​អប់រំ​កុំ​ឲ្យ​ធ្វើ​ខុស​លើក​ក្រោយ​ទៀត​។

​តែ​យ៉ាងណា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនអាច​ទទួលយកបាន​ចំពោះ​ការលើកឡើង​របស់លោក ច័ន្ទ សុផល នោះទេ​។ លោក យ៉ិនទៀង បាន​ប្រាប់​ទៅ​លោក សុផល តាមរយៈ The Cambodia Daily ថា លោក​អភិបាលខេត្ត​បាត់ដំបង ធ្វើ​ហួស​ពី​ព្រំដែន​របស់ខ្លួន​។​«​ឋានៈ​ជា​អភិបាលខេត្ត​ម្នាក់ មិនអាច​ចាត់ការ និង​បញ្ចប់​រឿងក្តី​ពុករលួយ​បានទេ​។ បើទោះបីជា​អភិបាលស្រុក​នោះ  សងលុយ​មកវិញ​ក៏ដោយ​។  គាត់​មិនអាច​រួចផុត​ពី​សំណាញ់​ច្បាប់​បានដែរ​»​។​

​ក៏ប៉ុន្តែ​លោក ច័ន្ទ សុផល បាន​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​ខ្វល់​ពីអ្វី​ដែល​លោក ឱម យ៉ិនទៀង និយាយ​ទេ​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖« អភិបាលស្រុក គឺជា​មន្ត្រី​របស់ខ្ញុំ ខ្ញុំ​ជា​ចៅហ្វាយ​របស់គាត់​។ ដូច្នេះ ខ្ញុំ​អាច​ប្រើ​តំណែង​របស់ខ្ញុំ ជា​អភិបាលខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០២ ខែកក្កដា មាន​ជនអនាមិក បាន​បោះ​លិខិត​ជាច្រើន​សន្លឹក​នៅតាម​ទីសាធារណៈ​នៃ​ក្រុង​បាត់ដំបង ដោយ​ក្នុង​លិខិត​នេះ ចោទប្រកាន់​លោក គង់ លី អភិបាលស្រុក​ថ្មគោល​ថា បាន​សហការគ្នាជាមួយ​លោក​ប្រធានការិយាល័យ​រដ្ឋបាល​ស្រុក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​យកលុយ​រដ្ឋ​ទៅ​ស៊ីផឹក​ជាមួយ​បក្សពួក​ខ្លួន​រាល់​ល្ងាច​។ ជាង​នេះ នៅក្នុង​លិខិត​នោះ ដែលមាន​សរសេរថា តាងនាម​ឲ្យ​មន្ត្រីរាជការ​ស្រុក​ថ្មគោល​នោះ បាន​ចោទ​លោក គង់ លី ថា​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចូល​សាលាស្រុក​មួយ​ខ្សែ​ប្រវែង ១១០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ចំណាយ​ប្រាក់ ៥៥ លាន​រៀល ប្រគល់​ឲ្យ​ក្រុមហ៊ុន​ដោយ​គ្មាន​ការដេញថ្លៃ ព្រមទាំង​មិនបាន​ឆ្លង​ក្រុមប្រឹក្សា​ស្រុក​អនុម័ត​។ បន្ថែម​ពីលើ​នេះ​ទៀត លិខិត​អនាមិក​នោះ ក៏​ចោទ​លោក​អភិបាលស្រុក​ថ្មគោល និង​ប្រធានការិយាល័យ​រដ្ឋបាល​សាលាស្រុក​ថា បានរួម​គ្នា​កិប​កិបកេង​លុយ លើ​គម្រោង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចូល​សាលាស្រុក​ដូចគ្នា​មួយ​ខ្សែ​ទៀត ដែលមាន​ទឹកប្រាក់ ១៥ លាន​រៀល​។  តែ​ជាក់ស្តែង​ផ្លូវ​ចាក់​បេតុង​ត្រូវបាន​ក្រុមហ៊ុន​ផ្សារ​ថ្មី​ជួយ​ធ្វើ​មួយ​កំណាត់ តែ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចូល​សាលាស្រុក​មិន​ធ្វើ​ឡើយ ដោយ​អ្នក​ទាំងពីរ​នេះ យកលុយ​ដាក់​ហោ​ប៉ាវ​។​

​តែ​យ៉ាងណា លោក លោក គង់ លី  បាន​ប្រាប់​កាសែត The Cambodia Daily ថា លោក​មិន​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចសន្យា​ណាមួយ​ទេ​។ «​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ការចោទប្រកាន់​ពី​ជនអនាមិក​នោះទេ​។ ពួកគេ គ្រាន់តែ​ចង់​បំផ្លាញ​កិត្តិយស​របស់ខ្ញុំ​ប៉ុណ្ណោះ​។ ខ្ញុំ​ជា​អ្នកក្រ ហើយ​ខ្ញុំ​ជិះ​តែ​ម៉ូតូ​ទៅធ្វើ​ការ​រាល់ថ្ងៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ លី​៕


Tag:
 ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com