កីឡាជាតិ
ជាតិ
ASHA រៀបចំ​កីឡា Futsal ដើម្បី​ជួយ​អ្នកជំងឺ​របេង នៅ​កម្ពុជា​
07, Jul 2016 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អង្គការ Operation ASHA នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌ (Charity Futsal Tournament 2016) រៃអង្គាស​ថវិកា​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​ជួយ អ្នកជំងឺ​របេង ៣៥០​នាក់ ក្នុង​ខេត្តមណ្ឌលគិរី និង​តាកែវ​។​


Charity Futsal Tournament 2016 លើកទីមួយ នឹង​ប្រព្រឹត្តឡើង ចាប់ពី​ម៉ោង ៧​ព្រឹក ដល់ ១ រសៀល នៅ​ថ្ងៃទី​១០ ខែកក្កដា នៅ Central Park Sport Complex ក្នុង​ទីក្រុង​រណប​បឹងកក់​។​
 
​កញ្ញា Jacqueline Chen នាយិកា​អង្គការ Operation ASHA ជនជាតិ​សិង្ហ​បុរី បាន​ប្រាប់​ពី​គោល បំណង​កម្មវិធី​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា​នេះ​ថា ASHA សង្ឃឹមថា នឹង​រៃអង្គាស​ថវិកា​ជាង ២​ម៉ឺន បន្ត​ជួយ​គាំទ្រ​ព្យាបាល​អ្នកជំងឺ​របេង​ចំនួន ៣៥០​នាក់ ក្នុងស្រុក ប្រតិបត្តិ​ចំនួន ២ គឺ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ស្រុក​ប្រតិបត្តិ​ដូន​កែវ ខេត្តតាកែវ ជា​ចាំបាច់​។ 
 
​កញ្ញា​បន្ត​និយាយថា ASHA ប្រមូល​ថវិកា​ទាំងនេះ ពី​ក្រុមហ៊ុន សហគ្រាស​ឯកជន​នានា ដែល មាន​គោលបំណង​រួម​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខមាលភាព​សង្គម និង​ឧបត្ថម្ភ​ដល់​ពួកគេ​។​
 
​កញ្ញា​បាន​ឲ្យ​ដឹង​ពី​ការបែងចែក​ក្រុម​ប្រកួត​រក​ជ័យលាភី​ថា ក្រុម​ប្រកួត​ចំនួន ១៦ ចែកជា​ពូ​ល​ចំនួន ៤​ពូ​ល ហើយ​ក្នុង​មួយ​ពូ​ល​មាន​ចំនួន ៤​ក្រុម នឹង​ចូល​ប្រកួត​ក្នុង​វគ្គ​ទីមួយ​។ រួចហើយ ក្រុម​ប្រកួត ២ ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​លើកដំបូង​ក្នុង​ពូ​ល​នីមួយៗ នឹង​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ រហូតដល់​វគ្គ​ផ្តាច់​ព្រាត់​។​
 
​បើតាម​នាយិកា​អង្គការ Operation ASHA ក្រុម​ជ័យលាភី​មួយ​ចំណោម ១៦​ក្រុម នឹងមាន​ឱកាស​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្លឹប​បាល់ទាត់​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ភ្នំពេញ​ក្រោ​ន​។​
​ក្រៅពី​ការប្រកួត​កីឡា​មិត្តភាព​នេះ ពួកគេ​នឹង​រៀបចំ​ការតាំង​ពិ​ព័រ​ណ៌ និង​ស្តង់​ម្ហូបអាហារ​របស់ អ្នក​ឧបត្ថម្ភ​ផងដែរ​។​
 
​លោក ម៉ៃ តុលា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​គាំទ្រ កម្មវិធី​ប្រកួត​មិត្តភាព​សប្បុរសធម៌​នេះ ព្រោះ​វា​អាចជួយ​សុខភាព​កីឡាករ និង​សុខភាព​អ្នកជំងឺ ក្នុងសង្គម​កាន់តែ​ប្រសើរឡើង​។ លោក​ជឿជាក់ថា កម្មវិធី​នេះ នឹង​ទទួលបាន​ការចាប់អារម្មណ៍ ពី​សាធារណជន​ច្រើន ហើយ​ពួកគេ​នឹង​រៀបចំ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​ជួយ​រួមចំណែក​លើក កម្ពស់​សុខភាព​ប្រជាជន​៕







Tag:
 របេង​
  ASHA
© រក្សាសិទ្ធិដោយ thmeythmey.com