ជាតិ
លោក ខៀវ កាញារីទ្ធ ហាម​ទូរទស្សន៍ និង​វិទ្យុ ផ្សាយ​បទ ស៊ី​បាន​ចេះតែ​ស៊ី​ទៅ និង​បទ ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​
07, Jul 2016 , 10:42 am        
រូបភាព
ដោយ:
 
​ក្រោយ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​នូវ​បទ​ចម្រៀង​ពីបទ ដែល​ទើប​ចេញ​ថ្មី គឺ​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​បម្រាម​មិន​ឲ្យ​បណ្តា​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ ចាក់ផ្សាយ​បទ​ចម្រៀង​ទាំងនេះ​។​




​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ នៅ​មិន​ស្ងៀម​នោះទេ ក្រោយពី​ប្រជាជន​ខ្មែរ​រិះគន់​មិន​សំចៃមាត់​នូវ​បទ​ចម្រៀង​ពីរ​បទ ដែលមាន​ចំណងជើង​ថា «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» ច្រៀង​ដោយ​លោក កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ច្រៀង​ដោយ ក​ញ្ញា ម៉ាលី​ស​។ លោក​រដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ៦ ខែកក្កដា ដោយ​ប្រាប់​ដល់​បណ្តា​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ​នូវ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ ចាប់ពី​ថ្ងៃនេះ​តទៅ​។ 
 
​សេចក្តីជូនដំណឹង​រប​ស់លោក​រដ្ឋមន្ត្រី​ពន្យល់ថា  បទ​ចម្រៀង​ទាំងពីរ​បទ​នេះ មាន​ផលប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​វប្បធម៌​ជាតិ និង​អត្ថន័យ​ប្រាសចាក​សីលធម៌​ខ្មែរ​ធ្ងន់ៗ​ធ្ង​រ​។ ហើយ​ជាងនេះទៅទៀត បទ​ចម្រៀង​ទាំងពីរ​នេះ ពុំបាន​បង្កប់​នូវ​អត្ថន័យ​ល្អៗ ដែលមាន​ប្រយោជន៍​ដល់​ការលើកកម្ពស់​ការអប់រំ​សីលធម៌​សង្គម​នោះទេ​៕
 

Tag:
 ខៀវ កាញារីទ្ធ​
  ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com