កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​ចម្លង «Viking Clap» តាម​អ៊ី​ស្លង់ ក្រោយ​ឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
08, Jul 2016 , 12:25 pm        
រូបភាព
បារាំងអបអរបែប Viking Clap តាមអ៊ីស្លង់។ រូបថត Icon Sport
បារាំងអបអរបែប Viking Clap តាមអ៊ីស្លង់។ រូបថត Icon Sport
ដោយ: រួបរួម
 
 
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង និង​អ្នកគាំទ្រ​របស់ខ្លួន បានធ្វើ​ការអបអរ​ដោយ​ការ​ទះដៃ​ឡើងលើ ឬ «Viking Clap» ដូច​ក្រុម​អ៊ី​ស្លង់ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អាល្លឺម៉ង់ ២-០ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Stade Velodrome​។​

 
«Viking Clap» គឺជា​របៀប​នៃ​ការអបអរសាទរ​រប​ស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់ ហើយ​ត្រូវបាន​កត់សម្គាល់​ខ្ពស់​នៅក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ ក្នុងប្រទេស​បារាំង​។ កាយវិការ​ដ៏​រំភើប​បំផុត​នោះ គឺ​បន្ទាប់ពី​អ៊ី​ស្លង់​ឈ្នះ​អង់គ្លេស ២-១ នៅ​វគ្គ​១/៨ និង​ចាញ់​បារាំង ៥-២ នៅ​វគ្គ​១/៤ ហើយ​ក្រុម​ដែន​កោះ​មួយ​នេះ បន្ត​អបអរ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ប្រមាណ​៣​ម៉ឺន​នាក់ នៅពេល​វិល​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​។​
 
​វេ​លស៍ បាន​ក្លាយជា​ក្រុម​ទីមួយ​ដែល​ចម្លង​ការអបអរ «Viking Clap» ពី​អ៊ី​ស្លង់ ពោលគឺ​បន្ទាប់ពី​វេ​ល​ស៍បាន​យកឈ្នះ​បែលហ្ស៊ិក​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ បារាំង​បាន​បន្ត​ចម្លង​កាយវិការ​នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អាល្លឺម៉ង់ ២-០ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២​គ្រាប់​របស់ Antoine Griezmann នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើងទៅ​ដណ្តើមពាន Euro 2016 ជាមួយ​ព័រ​ទុយ​ហ្គា​ល់​។ ក្រុម​អ្នកគាំទ្រ​អាល្លឺម៉ង់​មួយចំនួន​ក៏បាន​ធ្វើបែបនេះ​ផងដែរ​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​រិះគន់​ក្រុម​ម្ចាស់​បារាំង ដែល​ចម្លង​តាម​អ៊ី​ស្លង់ និង​ជា​ក្រុម​ដែល​ពួកគេ​បាន​ទម្លាក់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ គណនី Twitter មួយ​ដែលមាន​ឈ្មោះថា Icelandic Football បាន​សរសើរ​ចំអក​ថា​៖ «​ឱ​ព្រះ​យេស៊ូ​! បារាំង​...​ពួក​អ្នក​បាន​ទម្លាក់​យើង សូម​រក​ស្ទីល​ខ្លួន​ដើម្បី​អបអរ​នៅពេល​ឈ្នះ​ទៅ​»៕
 
 ទស្សនាវីដេអូ




 

Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com