ពីនេះ ពីនោះ
មន្ត្រី​មាន​លុយ​ជា​សំណាង​ជាតិ រាស្ត្រ​ក្រ​គឺជា​បន្ទុក​ជាតិ​
07, Jul 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល មាន​លុយ មាន​ឡាន មាន​វិឡា នោះ​ជា​រឿង​គួរ​ឲ្យ​ស​សើរ ដែល​មន្ត្រី​ធំៗ ពូកែ​រកស៊ី​មានបាន ពិតជា​មានកំណើត​មែន ដែល​ខុសពី​កសិករ ខំ​ព្រឹក​ខ្វះ​ល្ងាច​។​


 
​ពេល​មន្ត្រី​ធំ ដើរ​ចែក​អំណោយ ដល់​រាស្ត្រ​នោះ​គឺជា​ផ្នែក​មួយ​ដែល​ជួយ​សម្រួល​ស្ថានភាព​របស់​ប្រជាជន​បាន​មួយគ្រា នៅពេលដែល​រាស្ត្រ​ទាំងនោះ​ជួប​ទុក្ខលំបាក និង​ត្រូវការ​ជំនួយ​។ បន្ថែម​ពីនេះ គឺជា​រូបភាព​បញ្ជាក់ថា អ្នកមាន អ្នកធំ លោក​មាន​ចិត្តល្អ ចិត្តសប្បុរស ដែល​ចេះ​ជួយ​ទុក្ខលំបាក់​ពលរដ្ឋ​ខ្លួន និង​នាំ​សង្គម​ឲ្យ​រីកចម្រើន​។  បើ​អ្នកមាន និង​មន្ត្រី​ធំ លោក​មាន​ចិត្តល្អ​យ៉ាង​នឹង វា​សមតែ​រាស្ត្រ​មិន​យំ ជាតិ​មិន​រង​ទុក្ខ តែ​ហេតុអ្វី​បានជា​រាស្ត្រ​មួយចំនួនធំ​នៅតែ​ទឹកភ្នែក ពេលឮ​ការអភិវឌ្ឍន៍​?
 
​ក្នុងនោះ​មានមតិ​ខ្លះ​លើកឡើងថា មន្ត្រីរាជការ​ធំៗ គេ​មាន​លុយ​យ៉ាងនេះ ចុះ​ហេតុអ្វី​ប្រទេស​កម្ពុជា​និង​រាស្ត្រ មិនមាន​ដូច​មន្ត្រី​ធំៗ ដែលជា​អ្នកបម្រើ​រាស្ត្រ​? ហេតុអ្វី​អ្នកបម្រើ មាន​ជាង​ម្ចាស់​ទៅវិញ​?
​មួយវិញទៀត អ្នកខ្លះ​លើកឡើងថា ថ្នាក់ដឹកនាំ​ប្រទេសមួយ​ចំនួន​តែងតែ​អួត​សរសើរ​ថា​ប្រទេស​ខ្លួន​រីកចម្រើន កំណើនសេដ្ឋកិច្ច​ល្អ រហូត​មានការ​ចាត់​ចំណាត់ថ្នាក់​ទៀតផង​។ កត្តា​នេះ វា​សមតែ​រាជការ​មួយ​នេះ អាចរ​ស់បាន​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់ ហ៊ុ​ច​ដៃ​សុំ​លុយ​បរទេស សុំ​ជំនួយ​អន្តរជាតិ ទៀត​ទេ ព្រោះ​ខ្លួន​មាន​ហើយ​។​
 
​សរុបទៅ ពេលខ្លះ​មាន​ភាពផ្ទុយ​គ្នា​រវាង​ការលើក​អះអាង និង​តថភាព​ពិត​ជាក់ស្ដែង​នៅក្នុង​សង្គម​។ ពលរដ្ឋ​នៅក្នុង​សង្គម​មួយ​នេះ​សំណាង​ណាស់​ដែលមាន​មន្ត្រី​ល្អ ចេះ​ជួយ​ចែករំលែក​ទ្រព្យសម្បត្តិ​របស់ខ្លួន​។ ប៉ុន្តែ​រាស្ត្រ​ក្នុងសង្គម​មួយ​នេះ ក៏​មិនអាច​ចាំតែ​ទទួល​អំណោយ​បន្តិចបន្តួច ដែល​អាច​ដោះស្រាយ​ជីវភាព​បានតែ​មួយគ្រា​។  ជូន​លុយ​ជួយ​អ្នកក្រ សមតែ​ត្រេ​ត​អរ ប៉ុន្តែ​ធាតុពិត​រាស្ត្រ​ក្នុងសង្គម​មួយ​នេះ ហាក់​កំពុង​ត្រូវបាន​រាជការ ប្រមាថ​ទៅវិញ​។ ទង្វើ​បែប​នោះ គឺ​កាន់តែ​ទុក​ឲ្យ​រាស្ត្រ​នៅតែ​ក្រ​ដដែល ក្លាយជា​បន្ទុក​ជាតិ​កាន់តែខ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com