ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ថា កុំ​យក​ករណី​បាញ់សម្លាប់​លោក កែម ឡី ចាត់ទុកជា​រឿង​នយោបាយ​
11, Jul 2016 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​ការសោកស្ដាយ​ និង​ថ្កោលទោស​យ៉ាង​ម៉ឹងម៉ាត់ ​ចំពោះ​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​ លើ​ករណី​បាញ់សម្លាប់​លោក កែម ឡី អ្នកស្រាវជ្រាវ​ និង​ជា​អ្នកវិភាគ​ស្ថានការណ៍​សង្គម​។ ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្វែងរក​ជនដៃដល់ និង​ជន​ឃុបឃិត​ទាំងឡាយ​ផ្ដន្ទាទោស​តាមច្បាប់។​



ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វី​ទៅ​ដែល​ហៅថា​ជាការ​ខាតបង់ នេះ​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ចំពោះ​មុខមាត់​រដ្ឋាភិបាល​តែម្ដង​។ តើ​អ្នកណា​នឹង​ទទួលផល​ចំណេញ​ អំពី​រឿង​បែបនេះ​កើតឡើង នៅក្នុង​ពេលដែល​រាជរដ្ឋាភិបាល កំពុងតែ​និយាយ​អំពី​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។ ចំណុច​នេះ​ខ្ញុំ​គិតថា វា​ហាក់ដូច​ជាការ​ផ្ចាញ់ផ្ចាលមួយ​សម្រាប់​យើង នេះ​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ចំពោះមុខ​មាត់​របស់​រដ្ឋា​ភិ​បាល ដែល​ទាមទារ​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ទាំងនេះ​…​។​
 
​ជាមួយគ្នានេះ​ សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ រក្សា​ភាព​ស្ងប់ស្ងៀម ដោយ​ទុកពេល​ឲ្យ​សមត្ថកិច្ច​បំពេញ​តួនាទី​ឲ្យ​បាន​ពេញលេញ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ករណី​បាញ់សម្លាប់​លោក កែម ឡី នេះ​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែមទៀត​។ លោកនាយក​រដ្ឋមន្ត្រី ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​ទាំងអស់ កុំ​យក​ករណី​ស្លាប់​របស់លោក កែម ឡី មក​ធ្វើជា​រឿង​នយោបាយ ដើម្បី​វាយប្រហារ​ និង​លាប​ពណ៌​មកលើ​រដ្ឋាភិបាល​ខ្លួន​។  
 
«​សង្ឃឹមថា​ប្រជាពលរដ្ឋ​ ឲ្យ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើ​កិច្ចការ​របស់គេ​ដោយ​ត្រឹមត្រូវ​ម៉ត់ចត់​។ ហើយ​ចៀសវាង​បង្វែរ​បញ្ហា​ពី​សោដនា​កម្ម​មួយ​នេះ ​ទៅជា​បញ្ហា​ខាង​នយោបាយ ដែល​នាំ​ឲ្យ​ល្អក់កករ​ទៅដល់​សភាព​របស់​យើង​។ សង្ឃឹមថា​រឿង​ទាំងនេះ​អ្នកនយោបាយ​ផ្សេងទៀត ​និង​មិន​ប្រើប្រាស់​បញ្ហា​ទាំងនេះ ធ្វើជា​បញ្ហានយោបាយ​ អុចអាល​ធ្វើ​ឲ្យ​ជាតិ​ចលាចល​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ទទួលស្គាល់ថា បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​នៅ​ប្រទេស​កម្ពុជា​នៅ​បញ្ហា ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ត្រូវ​ពង្រឹងសមត្ថភាព​ទប់ស្កាត់​រាល់​បញ្ហា​ឃាតកម្ម​ដែល​កើតឡើង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។​
 
​សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ​។ ចំណែកឯ ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភា្ល​ម​ផងដែរ​៕    
 
 
 

Tag:
 ហ៊ុន សែន​
 ​កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com