ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ កាញារីទ្ធ​៖ Global Witness មាន​ជម្លោះ​ជា​បុគ្គល​ជាមួយ​សម្តេច ហ៊ុន សែន​
11, Jul 2016 , 6:27 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​
ដោយ: ថ្មីៗ
នៅ​ព្រឹក​ថ្ងៃទី​១១​កក្កដា​នេះ មន្ត្រីជាន់ខ្ពស់​ដ៏​ល្បីឈ្មោះ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​មួយចំនួន​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី និង​របាយការណ៍ Global Witness ដែល​ផ្សាយ​អំពី​ការក្តោបក្តាប់​សេដ្ឋកិច្ច​នៃ​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​កម្ពុជា​។​



​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​រិះគន់​អ្នកសរសេរ​របាយការណ៍​របស់ Global Witness ថា​ពួកគេ​បាន​បង្វែរ​«​បាយបិណ្ឌ ជា​បាយបាត្រ​» និង​មាន​ចរិត​បន្លំ​ពលរដ្ឋ​ខ្មែរ​។ លើសពីនេះ លោក ខៀវ កាញារីទ្ធ ក៏បាន​អះអាង​ផងដែរ​ថា Global Witness មានទំនាស់​បុគ្គល​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

« Global Witness មានទំនាស់​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​ជា​បុគ្គល​។ កម្មវិធី​របស់ Global Witness នៅ​កម្ពុជា គឺ​សង្គ្រាម​បុគ្គល​រវាង Global Witness និង​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​»​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​យ៉ាងនេះ​តប​ទៅ​អ្នកកាសែត​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​សួរ​លោក​ពី​មូល​ហេតុដែល Global Witness ចេញផ្សាយ​របាយការណ៍​ថ្មីៗ​របស់ខ្លួន​ទាក់ទង​នឹង​ជំនួញ​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី​។​

តាមរយៈ​ការពន្យល់​របស់លោក ខៀវ កាញារីទ្ធ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយាល័យ​របស់លោក នោះ ការដែល​សមាជិកគ្រួសា​រ​នាយករដ្ឋមន្ត្រី​មាន​ភាគហ៊ុន​ខ្លះ​នៅតាម​ក្រុមហ៊ុន​នោះ វា​មិនមែនជា​ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា​រប​ស់​គ្រួសារ​នាយករដ្ឋមន្ត្រី​នោះឡើយ​។​

«​បើ​យើង​មើល​មិន​ជ្រៅ យើង​នឹង​មើលឃើញថា ការនិយាយ [​របស់​Global Witness]​នេះ​សមរម្យ គ្រប់គ្រាន់​។ គឺ​ត្រកូល​នាយករដ្ឋមន្ត្រី​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ តែបើ​គេ​យល់​សេដ្ឋកិច្ច​បច្ចុប្បន្ន គឺ​មិនមែនជា​រឿង​ធំ​ទេ​។ នៅ​ក្នុងសម័យ​ភាវូបនីយកម្ម​សេដ្ឋកិច្ច គេ​ហៅ economics by the number គឺ​សេដ្ឋកិច្ច​តាម​តួលេខ បានន័យថា បើ​យើង​មាន​ទុន​កាន់តែ​ធំ គឺ​យើង​វិ​វត្ត​បាន​លឿន​»​។ លោក ខៀវ កាញារីទ្ធ ពន្យល់​បន្តថា​៖«​គាត់​(Global Witness)​ត្រូវ​បញ្ជាក់ថា តើ​ត្រកូល​នាយករដ្ឋមន្ត្រី ធ្វើជា​ក្រុមប្រឹក្សាភិបាល​ប៉ុន្មាន​ក្រុមហ៊ុន​? គាត់​អត់​និយាយ​ទេ គាត់​អត់​ច្បាស់​ទេ​។ គាត់​គ្រាន់តែ​ថា អ្នកនេះ​មានឈ្មោះ​នៅ​នេះ គាត់​រាប់​មួយ​។ ដាក់​ហ៊ុន​នៅ​នោះ គាត់​រាប់​មួយ​។ គ្រាន់តែ​យើង​ចូល ថា​យើង​ក្តោប​ក្តាប់​សេដ្ឋកិ្ច​ដែរ នោះ​ជាការ​ខុសឆ្គង និង​បន្លំ​ប្រជាជន​ផង​»​។​

គួរបញ្ជាក់​ផងដែរ​ថា លោក ខៀវ កាញារីទ្ធ គឺជា​មន្ត្រីជាន់ខ្ពស់​ទីមួយ​ដែល​បាន​ចេញមុខ​ឆ្លើយតប​នឹង​របាយការណ៍​របស់ Global Witness បន្ទាប់ពី​កូនប្រុស​ស្រី​៣​នាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ចេញ​ប្រតិកម្ម​រួមគ្នា​នៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​។​

​ឃាតកម្ម​លើ​លោក កែម ឡី ក៏​ជា​ប្រធានបទ​ក្តៅ​នៅក្នុង​សន្និសីទកាសែត​នោះដែរ​។ លោក ខៀវ កាញារីទ្ធ អះអាងថា រដ្ឋាភិបាល​របស់លោក គឺជា​អ្នក​ខាត​ធំ​បំផុត​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី នេះ​។ វា​ជាការ​ខាតបង់​ដោយសារតែ បើតាម​ការពន្យល់​រប​ស់លោក ខៀវ កាញារីទ្ធ រដ្ឋាភិបាល​កំពុង​បង្ហាញថា នៅ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ មានការ​រិះគន់​ដោយ​សេរី​។ «​ដូច្នេះ​នេះ​គឺជា​ការប៉ះពាល់​ដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ទាំងមូល ចឹ​ង​រដ្ឋាភិបាល​នឹង​ព្យាយាម​ខិតខំ​ធ្វើយ៉ាងណា​បំភ្លឺ​ឲ្យ​លើ​បញ្ហា​ង​ងឺ​ត​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​៕





Tag:
 Global Witness
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com