ជាតិ
​​​ន​យោ​បាយ​ជាតិ​
រូប​ទៅ​វិញ្ញាណ​នៅ​!
15, Jul 2016 , 8:47 pm        
រូបភាព
ដោយ: ថ្មីៗ


​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៩​ព្រឹក​................
 
​ព្រះ​សូរ្យសែង​កំពុងតែ​បញ្ចេញ​កម្តៅ​កាន់តែ​ខ្លាំងណាស់​ទៅហើយ​មក​ផែន​ពសុធា​យើង​នេះ ដោយមាន​ខ្យល់ជំនោរ​នា​រដូវវស្សា​ប​ក់​ផាត់​ស្លឹក​ព្រឹក្សា​ដែល​ដុះ​អម​រុក្ខវិថី​នា​កណ្តាល​ទីក្រុង​ភ្នំពេញ​ផងដែរ​។ រីឯ​មនុស្សម្នា​កំពុង​រូតរះ​ធ្វើដំណើរ​ទៅតាម​គោលដៅ​របស់​ពួកគេ​រៀងៗ​ខ្លួន ទាំង​អ្នកខ្លះ​មាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ ហើយ​អ្នកខ្លះ​មាន​ទឹកមុខ​និង​កាយវិការ​ប្រញាប់ប្រញាល់​។ ខ្លះទៀត​បន្ថយល្បឿន​យានជំនិះ​របស់ខ្លួន​ដើម្បី​ឈាង​ចូលមក​ចាក់​សាំង​បន្ថែម​ថាមពល​ដើម្បី​បន្តដំណើរ​ទៅមុខទៀត​........
 
       ............​រំពេច​នោះ​ស្រាប់តែ​....​ផាំង​! ផាំង​!...​សម្លេង​លាន់ឮ​ដូច​រន្ទះបាញ់​ខែចេត្រ​ចេញពី​ក្នុង​កូន​ផ្សារ​ទំនើប​តូច​មួយ​នៅក្នុង​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​នោះ ប៉ុន្តែ​វា​ពុំបាន​ធ្វើ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដល់​ការធ្វើដំណើរ​របស់​ជនានុជន​នោះទេ​។ ភ្លាមៗ​នោះដែរ​ក៏​ស្រាប់​មាន​សម្លេង​ស្រែក​ឆោឡោ​បន្លឺឡើង​អំពី​រឿង​រាវ​បាញ់ប្រហារ​មនុស្សឃាត​ដ៏​ឃោរឃៅ​នៅក្នុង​កូន​ផ្សារ​ទំនើប​នោះ​។ កម្រាល​ឥដ្ឋ​ពណ៌​ស​ប្រែក្លាយជា​ក្រហមឆ្អិនឆ្អៅ ក្រាល​ទៅដោយ​ដំណក់ឈាម​របស់​បុរស​រងគ្រោះ​ដែលមាន​វ័យ​កណ្តាល​ម្នាក់​។ ខ្លួន​កាយ​បុរស​នោះបាន​ដេក​ដួល​ស្តូកស្តឹង​នៅលើ​ដី​មិន​កម្រើក​ទាល់តែសោះ​។ លោហិត​លោក​បន្ត​ហូរ​ចេញពី​ប្រាណ​ឥត​ល្ហែល្ហើយ​ស្រោច​ពេញ​ធរណី​។ គួរ​ឲ្យ​សង្វេគ​ណាស់​! ដួងព្រលឹង​វិញ្ញាណ​របស់លោក​ក៏បាន​លាចាក​ចេញពី​រូប​កាយ​មួយ​នេះ​ផងដែរ ទាំង​មិនបាន​ផ្តាំ​ផ្ងើ​អ្វីមួយ​មាត់​ចុងក្រោយ​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ទាល់តែសោះ ហើយក៏​ប្រហែលជា​រូបគាត់​មិន​ទាំង​បានដឹងខ្លួន​ថា ខ្លួន​គាត់​បាន​ក្ស័យសង្ខារ​បាត់ទៅហើយ​ផង​។ មិនយូរប៉ុន្មាន​សម្លេង​ចរាចរណ៍​អ៊ូអរ​នៅតាម​ដងផ្លូវ ត្រូវបាន​រលប់​បាត់​ទៅដោយ​សម្លេង​ស្រែក​ទ្រហោយំ​ស្តាយស្រណោះ​ចំពោះ​បុរស​ម្នាក់នេះ​។​
 
​ព័ត៌មាន​មរណា​នេះ​បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ផ្ទៃ​ប្រទេស​។ មហាជន​មាន​អារម្មណ៍​ឆាបឆួល សោច​សង្រេង ស្តាយស្រណោះ និង​ឈឺចាប់​ជា​ពន់ពេក​ចំពោះ​ការបាត់​នូវ​បុរស​ម្នាក់នេះ ពីព្រោះ​បុរស​ម្នាក់នេះ​គឺជា​បុគ្គល​ក្លាហាន​មួយរូប​ដែល​តែងតែ​ចូលចិត្ត​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ចែករំលែក​នូវ​ការយល់ឃើញ បទពិសោធន៍​ជា​ស្តែង ការវិភាគ​វែកញែក​អំពី​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​សង្គម​ជាមួយ​ប្រជាពលរដ្ឋ​។ លោក​គឺជា​ភ្នែក ជា​ត្រចៀក ជា​ច្រមុះ និង​ជា​មាត់​របស់​ប្រជាជន​។ ប៉ុន្តែ​! ពុទ្ធោ​អើយ​! ពិតជា​ពិបាក​ដកដង្ហើម​ណាស់​! នៅលើ​លោកា​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ប្រែជា​ខ្សោះ​អស់ខ្យល់​បរិសុទ្ធ​សម្រាប់​ដកដង្ហើម​ទៅ    វិញ​។ ភ្នែក​ធ្លាប់​ស្រឡះ​ប្រែជា​ស្រវាំង​អស់ហើយ​ព្រោះតែ​ជលនេត្រ​ហូរ​ស្រក់​មិន​ស្រាកស្រាន្ត​ឡើយ​។ ពេលនេះ វា​ហាក់ដូចជា​កែវភ្នែក​ទាំង​គូរ​បស់​ប្រជាពលរដ្ឋ​ត្រូវបាន​ខ្វេះ​ចោល​ទៅក្នុង​មហាសាគរ​ដ៏​ធំធេង​គ្មាន​កោះ​គ្មាន​ត្រើយ រីឯ​ត្រចៀក​ទាំង​ទ្វេ​សម្រាប់​ស្តាប់​នូវ​ទុក្ខ​កង្វល់​របស់​យើង​ត្រូវបាន​កាត់​បំផ្លាញចោល ហើយ​ច្រមុះ​សម្រាប់​ជួយ​ស្រង់​យក​នូវ​ក្លិន​នៃ​បញ្ហា​ក៏ត្រូវ​បាន​ខ្ទប់​ជាប់​មិនអាច​ដកខ្យល់​បាន ចំណែក​បបូរមាត់​ដែល​ធ្លាប់តែ​បូរបាច់​រាយរាប់​រៀបរាប់​ពី​បញ្ហា​សង្គម​នោះ​ក៏ត្រូវ​បាន​បិទ​ជិត​គ្មាន​ចលនា​សោះ​។ ពិតជា​សោកនាដកម្ម​លោកីយ៍​មែន​។​
 
​ទោះបីជា​ប្រជាជាតិ​ទាំងមូល​មាន​អារម្មណ៍​ថា​ខ្លួន​កាយ​បែរ​ក្លាយជា​ពិការ​និង​បាត់បង់​នូវ​វត្ថុ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ក្តី ក៏ប៉ុន្តែ​វីរភាព ស្មារតី​ស្នេហា​ជាតិ ភាពក្លាហាន និង​ការ​ពលី​របស់លោក​បាន​ប្រែក្លាយជា​កម្លាំងចលក​រ​ដែល​កំពុង​រីកដុះដាល​នៅក្នុង​ស​សៃ​ឈាម បេះដូង​និង​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ ជាងនេះទៅទៀត​វា​រឹងរឹតតែ​បណ្តុះ​យ៉ាង​មុតមាំ​នូវ​ការស្រឡាញ់​ភាពយុត្តិធម៌ ការចែករំលែក ការពិភាក្សា​វែកញែក និង​ការលះបង់​ដើម្បី​សេចក្តីសុខក្សេមក្សាន្ត និង​សុខសន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ជូន​ប្រទេស​កម្ពុជា​។ ពិតណាស់ វេលា​នេះ​កម្តៅ​ព្រះ​សូរិយា​កាន់តែ​បញ្ចេញ​រស្មី​ខ្លាំង​ឡើង​ហើយ ប៉ុន្តែ​នៅ​ពុំ​ឈ្នះ​ឡើយ​លើ​កម្តៅចិត្ត​ពុះកញ្ជ្រោល​ដែល​ប្រជាពលរដ្ឋ​មាន និង​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​បន្ត​នូវ​ដំណើរ​ដែល​មិនទាន់​ចប់​របស់លោក ក៏ដូចជា​របស់ខ្លួន​ផ្ទាល់​ដើម្បី​នាំ​សង្គម​មួយ​នេះ នាំ​ប្រទេស​ជាទី​ស្រឡាញ់​មួយ​នេះ​ឲ្យ​ឆ្ពោះ​ទៅដល់​គោលដៅ​នៃ​ត្រើយ​សេរីភាព ប្រកបដោយ​យុត្តិធម៌​សង្គម និង​សុខសន្តិភាព​ជា​និរន្តរ៍ ដូច​ពាក្យ​លោក​រមែង​តែង​ពោលថា​៖ «​ជូត​ទឹកភ្នែក​របស់​អ្នក​រួច​បន្តដំណើរ​ទៅមុខទៀត​»​។​
​ជា​ចុងក្រោយ​សូម​វិញ្ញាណក្ខន្ធ​របស់​លោកពូ កែម ឡី ទៅកាន់​សុគតិភព​កុំបី​ឃ្លៀត​ឃ្លាត​ឡើយ​!
 
 
​ដោយ​៖ សួង សុខ​សោភា​
​ប្រជាពលរដ្ឋ​
០១២ ៧១២ ៦០៩
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com