ជាតិ
សង្គមជាតិ
អាន គឹម​រ៉ាង ចាប់​របរ​លក់​សម្ភារ​នៅ​ប្រាសាទ​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​
17, Jul 2016 , 9:00 am        
រូបភាព
​សៀមរាប​៖ អាន គឹម​រ៉ាង ជា​អ្នកលក់ដូរ​ម្នាក់​ក្នុងចំណោម​អ្នកលក់ដូរ​ច្រើន​នាក់​ទៀត នៅ​ចន្លោះ​ប្រាសាទបន្ទាយក្តី និង​ស្រះស្រង់​។ នៅ​ទីនោះ មាន​រោង​លក់​របស់របរ​មួយចំនួន មាន​ខោអាវ មួក កន្សែង និង​ភេសជ្ជៈ​។​ល​។ រោង​លក់ដូរ​បស់ អាន គឹម​រ៉ាង នៅជាប់​ផ្លូវធំ​។ គឹម​រ៉ាង បាន​ចាប់យក​មុខរបរ​នេះ ជាង​១០​ឆ្នាំ​មកហើយ គឺ​តាំងពី​នាង​នៅ​ជា​កុមារ​មក​ម្លេះ​។​

 
​អ្នកស្រី អាន គឹម​រ៉ាង មាន​វ័យ​២៥​ឆ្នាំ​។ អ្នកស្រី​ជា​អ្នកលក់​សម្ភារ​មាន​ខោអាវ មួក និង​ក្រមា​ជាដើម នៅជាប់​ស្រះស្រង់ និង​ខ្លោងទ្វា​ខាងកើត​ប្រាសាទបន្ទាយក្តី​។ តាម​ការរៀប​រាប់រប​ស់​អ្នកស្រី គឹម​រ៉ាង គឺថា​អ្នកស្រី​បាន​ចាប់​អាជីព តាំងពី​អ្នកស្រី​នៅ​កុមារភាព​មក​ម្លេះ​។​
 
​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង អ្នកស្រី អាន គឹម​រ៉ាង បាន​ឈប់រៀន​នៅ​សាលាបឋមសិក្សា​ក្រ​វ៉ាន់ ពេលដែល​អ្នកស្រី​រៀន​នៅ​ថ្នាក់​ទី​៥​។ អ្នកស្រី​រម្លឹកថា ពេលនោះ​អ្នកស្រី​មាន​វ័យ​ជាង​១០​ឆ្នាំ និង​បាន​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​តាម​កញ្ច្រែង​។ អ្នកស្រី​រម្លឹក​បន្តថា ក្រោយមក​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ អាជ្ញាធរ​ក៏បាន​ឲ្យ​ក្មេងៗ​ឈប់​ដើរ​លក់​តទៅទៀត និង​ឲ្យ​ពួកគេ​ធ្វើ​រោង​លក់​នៅ​មួយកន្លែង​។​
 
​សម្បុរ​ស្រអែម និង​មាន​ទឹកមុខ​រួសរាយ​រាក់ទាក់ សព្វថ្ងៃ​អ្នកស្រី គឹម​រ៉ាង មានគ្រួសារ និង​មាន​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​។ ចំពោះ​ការងារ ដែល​ស្និទ្ធ​នឹង​ភ្ញៀវទេសចរ​បរទេស​នេះ វា​មិន​ពិបាក​ទេ​សម្រាប់​អ្នកស្រី គឹម​រ៉ាង​។ «​យើង​ត្រូវ​ចេះ​ភាសា មាន​អង់គ្លេស ចិន អេ​ស្ប៉ា​ញ​។​ល​។ ខ្ញុំ​តែ​ម៉ា​ហៅភ្ញៀវ​ទិញ​ទេ តែ​ឲ្យ​និយាយ​អី​ផ្សេង ខ្ញុំ​អត់​ចេះ​ទេ​បង​...»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី គឹម​រ៉ាង​។​
 
​អ្នកស្រី គឹម​រ៉ាង បាន​ចាប់​របរ​លក់​សម្ភារ​ដ​ល់​ភ្ញៀវទេសចរ​នៅតាម​ប្រាសាទ​នេះ ជាមួយ​ដើមទុន​ដំបូង​ប្រមាណ ១​ពាន់​ដុល្លារ​។ អ្នកស្រី​ថា របរ​នេះ​គឺមាន​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​ភ្ញៀវ​។ នៅពេល​ពួកគេ​ស្ងាត់ ការលក់ដូរ​របស់គាត់ ក៏​ស្ងាត់​ដែរ​។ អ្នកស្រី​បន្តថា​៖« ខែ​នេះ រៀង​ស្ងាត់​។ ថ្ងៃ​ខ្លះ​ក៏​ដាច់​ច្រើន ខ្លះ​ក៏​អត់​សោះ​ក៏មានដែរ​បង​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅទីនេះ អត់​សូវ​ប៉ុន្មាន​ទេ ព្រោះ​យើង​មិនបាន​ជួល​តូប​គេ​ដូច​នៅ​ទីផ្សារ​»​។​
 
​រៀងរាល់​ព្រឹក ចាប់ពី​ម៉ោង​៧​ទៅ អ្នកស្រី គឹម​រ៉ាង ចាប់ផ្តើម​រៀប​ឥ​វ៉ាន់ ដើម្បី​ដាក់លក់​នៅក្នុង​តូប រហូតដល់​ម៉ោង​ប្រហែល​ជិត​៦​ល្ងាច ទើប​អ្នកស្រី​រៀបចំ​ជញ្ជូន​ត្រឡប់ទៅផ្ទះ​វិញ​។ អ្នកស្រី គឹម​រ៉ាង ឆ្លៀតពេល​ទំនេរ ចាក់​រូប​ក្រណាត់ និង​បាន​ងាកមើល​ភ្ញៀវ ពេល​ពួកគេ​ដើរចេញ និង​ចូល​ប្រាសាទ​ម្តង​។ អ្នកស្រី គឹម​រ៉ាង ហាក់​ស្គាល់​ច្បាស់​ចំពោះ​ភ្ញៀវ​មួយៗ និង​ធ្វើ​ឲ្យ​អ្នកស្រី​ងាយស្រួល​ប្រើ​ភាសា ពេល​ហៅ​ពួកគេ​ចូល​ទិញ​ឥ​វ៉ាន់​ម្តងៗ​។ « ងាយ​ចំណាំ​ទេ​បង ព្រោះ​យើង​ឃើញ​ពួកគាត់​រាល់ថ្ងៃ​។ បើ​ខ្មែរ​បរទេស​វិញ ការ​ស្លៀកពាក់​គាត់ គឺ​យើង​មើល​ដឹង​តែម្តង​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី គឹម​រ៉ាង​។​
 
​អ្នកស្រី គឹម​រ៉ាង ជា​កូន​ទី​៥ ក្នុង​គ្រួសារ​កសិករ​មួយ​ដែល​មានកូន​ចំនួន​៧​នាក់​។ សព្វថ្ងៃ អ្នកស្រី​ពឹងផ្អែក​ទាំងស្រុង​លើ​មុខរបរ​លក់ដូរ ដោយ​មិន​រំពឹងថា នឹង​បោះបង់ចោល​ទៅរក​ស៊ី​អ្វី​ផ្សេងទៀត​នោះឡើយ​។ អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​ស្រឡាញ់​មុខរបរ​នេះ ព្រោះ​ខ្ញុំរ​កវា​តាំងពី​តូចៗ​មក​។ វា​គ្រាន់បើ​ដែរ​។ បើ​ឲ្យ​ខ្ញុំ​ទៅរក​អី​ផ្សេង ដូចជា​ពិបាក ព្រោះ​មិនដឹង​រកស៊ី អត់​មាន​ដើមទុន ហើយ​ខ្ញុំ​រៀន​បាន​តិចតួច​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com