ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់​ឌុប​ជិត​មកដល់ បេក្ខជន​ប្រឹងប្រែង​ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​
18, Jul 2016 , 9:00 am        
រូបភាព
​ភ្នំពេញ​៖ សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី​២២-២៣ ខែសីហា​។ ក្នុងអំឡុងពេល​មួយខែ មុន​សម័យ​ប្រឡង​មកដល់ បេក្ខជន​ជាច្រើន​និយាយ​តែ​អំពី​ការប្រឹងប្រែង និង​សិក្សា​ត្រៀមប្រឡង​យ៉ាង​ប្រុងប្រយ័ត្ន ខណៈ​រដ្ឋមន្ត្រីក្រសួង​អប់រំ​នៅតែ​ផ្ញើ​សារ​អំពី​ការ​រឹតបន្តឹង​វិន័យ​ក្នុងសម័យ​ប្រឡង​។​


 
​កំពុង​អង្គុយ​លើ​បង់​ក្រោម​ដើមឈើ ក្នុង​បរិវេណ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី យុវ​សិស្ស​មួយក្រុម មាន​គ្នា​ប្រមាណ​៧​នាក់ មាន​ប្រុស​មាន​ស្រី កំពុងតែ​រៀន​ធ្វើ​លំ​ហាត់ ដោយមាន​ការពន្យល់​គ្នា​ទៅវិញទៅមក​។ យុវ​សិស្ស​ទាំងនោះ ខំប្រឹង​ធ្វើ​លំ​ហាត់​យ៉ាង​យកចិត្តទុកដាក់​។ យុវ​សិស្ស​ទាំង​៧​រូបនេះ ស្ទើរតែ​គ្រប់គ្នា​មាន​ក្ដីសង្ឃឹម​ខ្ពស់​ថា​ខ្លួន​នឹង​ទទួលបាន​លទ្ធផល​ល្អ ក្នុងសម័យ​ប្រឡង​ដែល​ក្រសួង​អប់រំ​បន្ត​រឹតបន្តឹង​វិធានការ​ក្នុងសម័យ​ប្រឡង​នេះ​។ ក្នុងចំណោម​យុវ​សិស្ស​មួយក្រុម​នេះ បានបង្ហាញ​អាកប្បកិរិយា​អៀនប្រៀន​នៅពេលដែល​អ្នកសារព័ត៌មាន​សម្ភាសន៍​ពួកគេ ហើយ​ពួកគេ​បានអោយ​តំណាង​ក្រុម​ម្នាក់ ដើម្បី​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ ដោយ​ពួកគេ​ជួយ​ឆ្លើយ​បន្ថែម​ខ្លះៗ​។ យុវតី ស៊ូ សុជាតា ជា​សិស្ស​ថ្នាក់​ទី​១២ និង​ជា​សិស្ស​ពូកែ​ក្នុង​ថ្នាក់​មួយរូប​ផងដែរ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ និង​ខំប្រឹង​បន្ថែមទៀត​សម្រាប់​ការប្រឡង​នេះ​។ យុវតី​សម្បុរ​ស​ជា​កូនកាត់​ចិន​រូបនេះ បាន​រៀបរាប់ថា​៖ «​ពេញ​មួយ​សប្ដាហ៍ ខ្ញុំ​រៀន​រហូត ទាំង​ម៉ោង​រដ្ឋ ទាំង​ម៉ោង​រៀន​គួរ​បន្ថែម និង​ការរៀន​ខ្លួនឯង​ទៀតផង​»​។ កញ្ញា ស៊ូ សុជាតា ប្រាប់ថា​៖«​មានពេលខ្លះ​ខ្ញុំ​ខំរៀន​ច្រើនពេក គឺ​ធ្វើអោយ​ឪពុកម្ដាយ​ព្រួយបារម្ភ ព្រោះ​ខ្ញុំ​ខំរៀន​ពី​ព្រឹក​ដល់​យប់ ដោយ​មិនសូវ​បាន​សម្រាក​»​។​
 
​យុវតី​វ័យ​១៧​ឆ្នាំ​រូបនេះ បាន​បន្ថែម នៅពេលដែល​ការប្រឡង​ជិត​មកដល់​មានការ​រៀន​ដោយ​ខ្លួនឯង និង​ជា​ក្រុម​មានការ​កើនឡើង មិនថាតែ​អ្នករៀន​ពូកែ​ទេ សូម្បីតែ​អ្នកដើរ​លេង​ដែល​មិនសូវ​ចូលចិត្ត​រៀន បាន​ងាក​មក​រៀន​បន្ថែម​ជា​ក្រុម​វិញ ហើយ​មិនបាន​ចំណាយពេល​វេលា​ទៅ​ដើរលេង​ទៀត​នោះទេ​។ សុជាតា​មិនដែល​មានចិត្ត​ចង្អៀត​ក្នុងការ​ពន្យល់​មេរៀន ឬ​លំ​ហាត់​ដល់​អ្នករៀន​ខ្សោយ​នោះទេ នៅពេលដែល​មិន​យល់​សុជាតា​អាច​ពន្យល់​ប្រាប់​បាន​។ នៅពេលដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​វិន័យ​ក្នុងសម័យ​ប្រឡង សុជាតា ហាក់​មាន​អារម្មណ៍​ភ័យ ចំពោះ​ការប្រឡង​នេះ ទោះបី​រូបគេ​ដឹង​ពី​សមត្ថភាព​ដែល​ខ្លួន​អាចធ្វើ​បាន​ក៏ដោយ​។ យុវ​សិស្ស សុជាតា មាន​ក្ដី​សង្ឃឹមថា​ខ្លួន​នឹង​ទទួលបាន​លទ្ធផល​ល្អ (B,C) ហើយ​មាន​ក្ដី​ស្រ​ម៉ៃ​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​
 
​ស្រដៀង​នឹង​យុវតី​ខាងលើ​យុវជន  ហេង ពិសិដ្ឋ ជា​សិស្ស​ថ្នាក់​ទី​១២ ក៏​ជា​សិស្ស​ពូកែ​មួយរូប​នៅក្នុង​ថ្នាក់​ផងដែរ​។ សព្វថ្ងៃ​ពិសិដ្ឋ​រស់នៅ​ជាមួយ​ពូ​មីង​នៅ​រាជធានី​ភ្នំពេញ ស្រប​ពេលដែល​ឪពុកម្ដាយ​រស់​នៅឯ​ខេត្តបាត់ដំបង​។ ពិសិដ្ឋ​មាន​បងប្អូន ២​នាក់ ហើយ​ជា​កូនច្បង​ក្នុង​គ្រួសារ​។ យុវជន ហេង ពិសិដ្ឋ បាន​ត្រៀមខ្លួន​រួចហើយ តាំងពី​ចាប់ផ្ដើម​សិក្សា​ថ្នាក់​ទី​១២​មកម្ល៉េះ ទោះបី​ពិសិដ្ឋ​មិនសូវ​ចេះ​គណិតវិទ្យា តែ​មុខវិជ្ជា​ដទៃ​ពិសិដ្ឋ​អាចធ្វើ​បាន​យ៉ាង​ល្អ​។ នៅពេល​ទំនេរ​ពិសិដ្ឋ បាន​យក​ពេលវេលា​នោះ​ទៅ​រៀន​ធ្វើ​លំ​ហាត់​ដោយ​ខ្លួនឯង ហើយ​ជួយ​ធ្វើ​ការងារ​ផ្ទះ  និង​យក​ពេល​ទៅ​បង្រៀន​មិត្ត​រួម​ថ្នាក់ ក្នុង​មួយ​សប្ដាហ៍​៣​ថ្ងៃ​។ យុវជន​សម្បុរ​សណ្ដែក​បាយ​រូបនេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បានរៀបចំ​ការរៀន​ច្បាស់លាស់​។ ខ្ញុំ​បែងចែក​ពេលវេលា​រៀន​ផង និង​លំហែ​ខួរក្បាល​ផង ដោយ​ក្នុង​មួយថ្ងៃ​ខ្ញុំ​ត្រូវ​ទៅ​រៀន​រដ្ឋ​ផង រៀន​បន្ថែម​ជាមួយ​គ្រូ​ផង និង​រៀន​ដោយ​ខ្លួនឯង​ផង​»​។ ហេង ពិសិដ្ឋ បាន​បន្ថែមថា ទោះបី​ខំរៀន​ទាំងថ្ងៃទាំងយប់​ក៏ដោយ ត្រូវតែ​គិតពី​សុខភាព ព្រោះ​ការរៀន​អាចធ្វើ​សុខភាព​ចុះខ្សោយ ត្រូវតែ​ទទួល​អាហារ​គ្រប់គ្រាន់ និង​ទៀងទាត់​។ 
 
​យុវជន​វ័យ​១៨​ឆ្នាំ​រូបនេះ ហាក់​មាន​អារម្មណ៍​សប្បាយចិត្ត​នៅពេលដែល​ក្រសួង​អប់រំ បានចាប់ផ្ដើម​កែទម្រង់​រឹតបន្តឹង​វិស័យ​អប់រំ ដោយ​ពិសិដ្ឋ​យល់ឃើញថា​៖ «​ជាការ​ល្អ​ដែល​ក្រសួង​រឹតបន្តឹង ព្រោះ​ដើម្បី​ឲ្យ​បេក្ខជន​ទាំងអស់ ដឹង​ពី​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិនចាំបាច់​លួច​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​»​។ ប៉ុន្តែ​ពិសិដ្ឋ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​សាង​កំហុស​ខុសឆ្គង​ក្នុងការ​ប្រឡង ដោយ​អ​ចេតនា​។ យុវ​សិស្ស ហេង ពិសិដ្ឋ មាន​ក្ដី​សង្ឃឹមថា​សមត្ថភាព​ដែល​ខ្លួន​មាន​អាច​ទទួលបាន​លទ្ធផល​(B,C) ព្រោះ​ពិសិដ្ឋ​ចង់​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នៅក្រៅ​ប្រទេស​។ នៅពេល​ប្រឡង​ជាប់ យុវជន ហេង ពិសិដ្ឋ ចង់​បន្ដ​ការសិក្សា​ដោយ​ជ្រើសរើស​ផ្នែក​បរិស្ថាន​សម្រាប់​សិក្សា​បន្ត ទន្ទឹមនឹង​មុខវិជ្ជា​ជីវវិទ្យា និង​គីមីវិទ្យា ជា​មុខវិជ្ជា​ដែល​ពិសិដ្ឋ​ស្រលាញ់​ចូលចិត្ត​ហើយ​ពូកែ​ផង​នោះ​។​
 
​សម្រាប់​យុវនារី សាំង លី​ណែ​ត ជា​សិស្ស​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី ដែលមាន​គំនិត​និង​ការសិក្សា​ប្រហាក់ប្រហែល​ទៅនឹង​យុវជន​ទាំងពីរ​ខាងលើ​ផងដែរ​។ យុវតី លី​ណែ​ត បាន​បញ្ជាក់ថា ការសិក្សា​របស់​មនុស្ស​ម្នាក់ៗ​មាន​ភាពខុសគ្នា ហើយ​លី​ណែ​ត មាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការប្រឡង​រយៈពេល​ខ្លី​ខាងមុខនេះ​។ កញ្ញា សាំង លី​ណែ​ត បាន​រៀបរាប់ថា​៖ «​សម្រាប់​ការរៀន​ខ្ញុំ​មិនបាន​ផ្ដោត​សំខាន់​ចំពោះ​រឿង​ចំណាត់ថ្នាក់ ឬ​ពិន្ទុ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ថ្នាក់​នោះទេ ដោយ​ខ្ញុំ​ធ្វើ​ការវាស់ស្ទង់​សមត្ថភាព​ខ្លួនឯង​នៅពេល​ប្រឡង​ប្រចាំខែ ឬ​ប្រចាំឆមាស ដោយ​មិនបាន​លួច​ចម្លង​សំណៅ​ឯកសារ ឬ​មិត្ត​រួម​ថ្នាក់​នោះទេ​»​។ យុវនារី​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​លើកឡើងថា នៅពេលដែល​ការប្រឡង​ឈាន​មកដល់​ពាក្យ​ខាងមុខនេះ លី​ណែ​ត បាន​ចំណាយ​ពេលវេលា​ពេញ​មួយ​សប្ដាហ៍​ក្នុងការ​សិក្សា សម្រាប់​ថ្ងៃអាទិត្យ​លី​ណែ​ត​បាន​ទៅ​រៀន​បំប៉ន​ត្រៀមប្រឡង​ជាមួយ​គ្រូ​នៅ​សាលា​ដែល​បង្រៀន​សិស្ស​ដោយ​ឥតគិតថ្លៃ​។

ម្យ៉ាងទៀត​ក្រៅពី​បានធ្វើ​ការរៀន​ជាមួយ​គ្រូ លី​ណែ​ត​បាន​បង្កើត​ក្រុម​សិក្សា​បន្ថែម ដើម្បី​ពន្យល់​មេរៀន ឬ​លំ​ហាត់​គ្នា​ទៅវិញទៅមក នូវ​ចំណុច​ណាមួយ​ដែល​មិនសូវ​យល់ច្បាស់​។ បើទោះបី​លី​ណែ​ត ជា​សិស្ស​ពូកែ​ផ្នែក​សង្គម​ពិតមែន ប៉ុន្តែ​សម្រាប់​ការប្រឡង​គឺ​ផ្ដោត​ទៅ​ផ្នែក​វិទ្យាសាស្ត្រ លី​ណែ​ត​បាន​ខិតខំ​ប្រឹងប្រែង​ផ្នែក​វិទ្យាសាស្ត្រ​អោយ​កាន់តែ​ល្អ ហើយ​ខ្លាំង ព្រោះ​ដើម្បី​ប្រឡង​ឲ្យ​បាន​លទ្ធផល​ល្អ ឈាន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​។ យុវតី លី​ណែ​ត បាន​គិតថា​សម្រាប់​ការប្រឡង​នាពេល​ខាងមុខនេះ លី​ណែ​ត​សង្ឃឹមថា​សមត្ថភាព​ខ្លួន​នឹង​ទទួលបាន​លទ្ធផល (B,C) ដោយ​មិនមាន​ក្ដីសង្ឃឹម​ខ្ពស់​ចង់បាន​លទ្ធផល​(A)​នោះទេ​។ កញ្ញា​សាំង លី​ណែ​ត មិន​ព្រួយបារម្ភ និង​ភ័យ ចំពោះ​ការប្រឡង​ទេ ព្រោះ​កញ្ញា លី​ណែ​ត ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​។ ក្រោយពី​បញ្ចប់​ថ្នាក់​ទី​១២ កញ្ញា លី​ណែ​ត មានបំណង​ចង់​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​មហាវិទ្យាល័យ ស្របពេល​ដែល​លី​ណែ​ត​ពូកែ​ផ្នែក​សង្គម​។​
 
​សូមបញ្ជាក់​ផងដែរ​ថា សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ​២០១៦ ។ ដោយមាន​បេក្ខជន​ប្រឡង​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ចែកចេញជា ១៥៧ មណ្ឌល និង​ចំនួន ៣,៧៨១ បន្ទប់​ប្រឡង នៅ​ទូទាំង​រាជធានី​-​ខេត្ត​៕
 

Tag:
 បាក់​ឌុប​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com