ជាតិ
​សិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង ស្វែងយល់​វិធី​បង្ការ​ ​ជំងឺមហារីក​មាត់ស្បូន​ពី​ក្រុមហ៊ុន​ជី​អេស​ខេ (GSK)
18, Jul 2016 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជី​អេស​ខេ (GSK) បើក​សិក្ខាសាលា​ស្តីពី​ការបង្ការ​ជំងឺមហារីក​មាត់ស្បូន ជូន​ដល់​សិស្ស​ថ្នាក់​ទី​១០ និង​ទី​១១ ចំនួន​៦៨០​នាក់ នៅ​សាខា​ម៉ៅ​សេទុង (​ការិយាល័យ​កណ្តាល​) និង​សាខា​ទួលគោក រយៈពេល​ពីរ​ថ្ងៃ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។​



​លោកស្រី សា​ឯម កម្រង ប្រធាន​ចាងហ្វាង​សាលា​សាខា​ទួលគោក បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា សិក្ខាសាលា​នេះ​ត្រូវបាន​សហការ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​បន្ថែម​លើ​បញ្ហា​សុខភាព​ស្ត្រី និង​មាន​បម្រុង​ប្រយ័ត្ន ជាពិសេស​គឺ​ដឹង​ច្បាស់​ពី​វិធី​បង្កា​ទុកជាមុន​ចំពោះ​ជំងឺមហារីក​ដ៏​កាច​សាហាវ និង​គ្មាន​ថ្នាំ​ព្យាបាល​នេះ​។ លោកស្រី​បានលើកឡើង​ថា បច្ចុប្បន្ន​ស្ត្រី​មួយចំនួន​នៅមាន​ភាព​ខ្មាសអៀន និង​មិន​ក្លាហាន​ចំពោះ​ការ​ទៅពិនិត្យ​បញ្ហា​រោគ​ស្ត្រី​ផ្ទាល់ខ្លួន​នៅ​មន្ទីរពេទ្យ តែ​ផ្ទុយទៅវិញ​ការ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់បំផុត​ក្នុងការ​ទប់ស្កាត់​នូវ​ហានិភ័យ​ចំពោះ​សុខភាព ហើយ​ថែមទាំង​កាត់បន្ថយ​ការចំណាយ​ព្យាបាល មាន​វិធានការ​ទាន់ពេល ចំណេញ​ពេលវេលា ទទួលបាន​សុខភាព​ល្អ ពោលគឺ​ការពារ​ប្រសើរ​បំផុត​ជាង​ព្យាបាល​។ លោកស្រី​បាន​អរគុណ​ផងដែរ​ចំពោះ​ក្រុមហ៊ុន​ជី​អេស​ខេ ដែល​កន្លងមក​បា​នស​ហ​ការរៀបចំ​សិក្ខាសាលា​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​សិស្សានុសិស្ស និង​គ្រួសារ ហើយ​សង្ឃឹមថា​ក្រុមហ៊ុន​នឹង​បន្ត​សហការ​រៀបចំ​សិក្ខាសាលា​ទាក់ទង​នឹង​សុខភាព​ផ្សេងៗ​ទៀត​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជា​បុគ្គលិក​សិក្សា​។​


​លោកស្រី​វេជ្ជបណ្ឌិត អែល បូរ៉ា​វី អ្នកគ្រប់គ្រង​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ​ក្រុមហ៊ុន និង​ជា​វាគ្មិន​បានបង្ហាញ​ដល់​សិស្សានុសិស្ស​ថា ជំងឺមហារីក​មាត់ស្បូន​គឺជា​ជំងឺ​កាច​សាហាវ​បំផុត​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ដែល​បានកើត​លើ​ស្ត្រី​នៅលើ​ពិភពលោក និង​ជាប់​លេខ​១ នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​។ ជំងឺមហារីក​មាត់ស្បូន​ជា​ឃាតករ​សម្ងាត់​សម្លាប់​ជីវិត​ស្ត្រី​។ នៅ​រៀងរាល់​២​នាទី​ម្តង​មាន​ស្ត្រី​ម្នាក់​ត្រូវ​សម្លាប់​ដោយសារ​ជំងឺមហារីក​នេះ​។ វា​បង្កឡើង​ដោយ​វីរុស HPV (Human Papilloma Virus) ដែល​អាច​កើត​លើ​ស្ត្រី​គ្រប់​វ័យ​។ មូលហេតុ​ចម្បង​នៃ​ជំងឺ​នេះ​គឺ​បណ្តាលមកពី​កត្តា ការរួម​ភេទ​មាន​ដៃគូ​ច្រើន ឬ​នៅ​វ័យក្មេង​ពេក ការ​មាន​ជំងឺ​កាមរោគ ឬ​ជំងឺអេដស៍ ការជក់បារី ស្ដ្រី​ដែល​ចូលចិត្ដទ​ទួល​ទាន​ស្រា​ច្រើន​ហួស​កម្រិត ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​យូរអង្វែង កង្វះ​អាហារូបត្ថម្ភ ការមិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ និង​មិនបាន​ទៅពិនិត្យ​មាត់ស្បូន​ឱ្យបាន​ទៀងទាត់​។ លោកស្រី​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ជំងឺមហារីក​មាត់ស្បូន​មិនមែនជា​ជំងឺ​តំណពូជ​ឡើយ តែ​វា​អាច​ចម្លង​តាមរយៈ​ស្បែក​ប៉ះ​នឹង​ស្បែ​កមាន​មេរោគ​របស់​សមាជិកគ្រួសា​រ​ជា​ស្ត្រី​ដែលមាន​ជំងឺ​រស់នៅ​ផ្ទះ​ជាមួយគ្នា ហើយ​អាច​ការពារ​បាន​ដោយ​ទៅពិនិត្យ​មាត់ស្បូន​ឱ្យបាន​ទៀងទាត់ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​។ ចំពោះ​អ្នក​កើត​ជំងឺមហារីក​មាត់ស្បូន​នេះ​វិញ ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ថែទាំ ហើយ​អត្រា​នៃ​ការស្លាប់​មាន​កម្រិត​ខ្ពស់​។ ដំណាក់កាល​នៃ​ជំងឺ​មហា​រី​មាត់ស្បូន​រីក​រាលដាល​ជាការ​ស៊ី​រាលដាល​ទៅ​សរី​រាង​ផ្សេងៗ​ដែល​នៅក្បែរនោះ ហើយ​ធ្វើឱ្យ​អ្នកជំងឺ​ទទួលរង​នូវ​ទុក្ខវេទនា​សព្វបែបយ៉ាង​ដោយសារតែ​ជំងឺ​នេះ​រីក​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ នៅ​ដំណាក់កាល​នេះ ការព្យាបាល​គឺ​គ្មាន​ប្រសិទ្ធិភាព​ឡើយ ដោយ​គ្រាន់តែ​អាច​ប្រើប្រាស់​ថ្នាំ​សម្រាប់​ពន្យារ​អាយុជីវិត​រយៈពេល​ខ្លី​តាម​ទំហំ​នៃ​ដុំ​មហារីក​តែប៉ុណ្ណោះ​។​


​ដូចនេះ ស្ត្រី​ដែលមាន​អាយុ​ចាប់ពី​៩​ឆ្នាំ​ឡើង ស្ត្រី​នៅ​លីវ ជាពិសេស​ស្ត្រី​ជា​ភរិយា​គ្រប់រូប​គប្បី​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺមហារីក​មាត់ស្បូន ត្រូវ​ទៅពិនិត្យ​មាត់ស្បូន​ធ្វើតេស្ត​រក​មេរោគ HPV ឬ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ ព្រោះ​ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន​អាចមាន​ប្រសិទ្ធ​ភាពជា​ដាច់​បាន​ប្រសិនបើ​ស្ដ្រី​ទៅតាម​ដាន​ជំងឺ​នៅមុន​ដំណាក់កាល​ឈានដល់​ការកើត​មហារីក​នេះ​បាន​ទាន់ពេលវេលា​៕

(​អត្ថបទ​សាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com