ពីនេះ ពីនោះ
តើ«សុភាសិត» និង«ពាក្យស្លោក» មានលក្ខណៈខុសគ្នាដូចម្ដេច?
× វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យ «សុភាសិត» ថាជា កម្រងពាក្យដែលពិរោះ ដែលនិយាយត្រូវ ដែលថាត្រូវ។ ចំណែក«ពាក្យស្លោក» មានន័យថា ឃ្លាប្រយោគ ឬសម្ដីដែលមានលក្ខណៈចង្អុលបង្ហាញត្រង់ៗ ក្នុងន័យអប់រំ។
ការឲ្យនិយមន័យបែបនេះប្រហែលសាធារណជនមួយចំនួន នៅមានការពិបាកក្នុងការបែងចែកបន្តិច ពីលក្ខណៈខុសគ្នា និងលក្ខណៈពិសេសរវាង «សុភាសិត» និង«ពាក្យស្លោក»នេះ។ ដើម្បីឲ្យងាយយល់ និងបែងចែកឲ្យច្បាស់រវាងពាក្យទាំងពីនេះ គេត្រូវពិចារណាដូចខាងក្រោម៖
«សុភាសិត» អាចនិយាយបានថា គឺជាកម្រងសម្ដី ឬប្រយោគ ជាសម្ដីខ្លីៗ ដែលមានបង្កប់អត្ថន័យ ន័យធៀប ដែលមានលក្ខណៈពិបាកយល់ និងបង្កប់អត្ថន័យគ្រប់គ្រាន់ សម្រាប់ការគិតពិចារណា។ ឧទាហរណ៍ សុភាសិតមួយលើកឡើងថា «អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក» សម្ដីមួយឃ្លានេះ ខ្លី ប៉ុន្តែមានបង្កប់ន័យជ្រៅដែលមានលក្ខណៈធៀបន័យ។
លក្ខណៈពិសេសរបស់សុភាសិត គឺបានផ្ដល់ឲ្យអ្នកគិត អ្នកបកស្រាយ ពីរលក្ខខណ្ឌទាំងអស់។ លក្ខខណ្ឌទីមួយ អ្នកបកស្រាយ ត្រូវតែបកស្រាយក្នុងន័យត្រង់ធម្មតា និងលក្ខខណ្ឌទីពីរ អ្នកបកស្រាយសុភាសិតត្រូវតែ ឈ្វេងយល់ពីអត្ថន័យធៀបនៃសម្ដី ឬឃ្លាទាំងនោះ ទៅរកគោលបំណងពិត និងអត្ថន័យពិតរបស់សុភាសិត។
ចំណែក«ពាក្យស្លោក» ជាកម្រងសម្ដីខ្លីដូចសុភាសិតដែរ ប៉ុន្តែជាទូទៅ មិនមានបង្កប់អត្ថន័យជ្រៅ ឬ ន័យធៀបនោះទេ។ ពាក្យស្លោក គឺជាសម្ដីដែលលើកឡើងក្នុងន័យបង្ហាញត្រង់ៗ។ ឧទាហរណ៍« វិន័យ នាំឲ្យមានសេចក្ដីថ្លៃថ្នូរ» ក្នុងន័យបង្ហាញត្រង់ៗ។
ជារួមទាំងសុភាសិត និងពាក្យស្លោក សុទ្ធតែប្រើក្នុងន័យអប់រំ ចង្អុលបង្ហាញ ឆ្លុះបញ្ចាំង ដូចគ្នា។ ប៉ុន្តែសុភាសិតទាមទារឲ្យមានការយល់ដឹងខ្ពស់ និងច្បាស់លាស់ពីប្រភពនៃពាក្យទើបនាំឲ្យការបកស្រាយ មិនមានកំហុសផ្នែកអត្ថន័យ។ ចំណែក ពាក្យស្លោក ជាទូទៅមានលក្ខណៈសាមញ្ញងាយស្រួលយល់ អ្នកដែលមានមូលដ្ឋានចំណេះដឹងធម្មតាក៏អាចបកស្រាយបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com