កីឡាជាតិ
ជាតិ
​ប្រា​សាក់​គ្រង​តំណែង​ជើងឯក​ពាន់រង្វាន់​បាល់ទាត់​សមាគម​មីក្រូហិរញ្ញវត្ថុ​សាជាថ្មី​
21, Jul 2016 , 1:40 pm        
រូបភាព
ដោយ:
​ប្រា​សាក់ ម្ចាស់​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​រដូវ​កាល​មុន បាន​លើក​ពានរង្វាន់​នេះ​សាជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាន​យកឈ្នះ​ធនាគារ​ស្ថាបនា ដោយ​លទ្ធផល ៣ ទល់នឹង ១ ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ នៅ​នៅ​ពហុ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ស្តា​ត​ចាស់​។



​នៅ​នាទី​ទី​៣ ក្នុង​តង់​ទី​១ ខ្សែប្រយុទ្ធ អ៊ុង វី​តា របស់​ប្រា​សាក់ បាន​ស៊ុត​បញ្ចូល​ទី​ស្ថាបនា​ដោយ​បាល់​មួយ​គ្រាប់​យ៉ាង​លឿន ដែល​ធ្វើ​ឲ្យ​ប្រា​សាក់​នាំមុខ ១-០ ។ ប៉ុន្តែ​កីឡាករ​ពាក់អាវ ៧ របស់​ស្ថាបនា បាន​វាយបក​វិញ នៅ​បី​នាទី​ក្រោយ ដោយបាន​ទាត់​បាល់​បញ្ចូល​ទី​ប្រា​សាក់​មួយ​គ្រាប់ ធ្វើ​ឲ្យ​លទ្ធផល​ស្មើគ្នា ១-១ ។​



​ចាប់ពីពេលនោះ​មក ការប្រកួត​កាន់តែ​ភាព​តានតឹង​ឡើង ក្រោម​ស្នូរ​ហ៊ោកញ្ជ្រៀវ​របស់​ប្រិយមិត្ត​គាំទ្រ​របស់​ក្រុម​ទាំងពីរ​។ ទោះយ៉ាងណា ប្រា​សាក់​ចាប់ផ្ដើម​នាំមុខ​វិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ កុប អ៊ី​សា រកបាន​ពីរ​គ្រាប់​តែម្នាក់ឯង នៅ​នាទី​ទី ១០ និង ៣៧ ដែល​ធ្វើ​តង់​ទីមួយ​បិទ​បញ្ចប់​ទៅដោយ​លទ្ធផល ៣-១​។​

​ចូលមក​ដល់ទី​តង់​ទី​២ គ្មាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បានឡើយ តែ​ការប្រកួត​មាន​ភាពស្វិតស្វាញ និង រំភើប​គួរ​ឲ្យ​ចង់​ទស្សនា ដោយ​ក្រុម​ស្ថាបនា​ព្យាយាម​ស៊ុត​បញ្ចូល​ជាច្រើនលើក តែ​ពុំបាន​សម្រេច​។ ចំណែក​ឯក​ក្រុម​ប្រាសា​ក់​វិញ ដែល​ចង់រក​គ្រាប់​បាល់​បន្ថែម ក៏​ពុំ​ធ្វើបាន​សម្រេច​ដែរ​។ ជា​លទ្ធផល​នៃ​ការប្រកួត​ពេញ​ម៉ោង ប្រា​សាក់​បាន​យកឈ្នះ​ស្ថាបនា​ដោយ​លទ្ធផល ៣-១ ដោយ​អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​មិនអោយ​បាត់បង់​។​



​ក្រុមបាល់ទាត់​ប្រា​សាក់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយបាន​ទទួល​ជ័យជំនះ​គ្រប់ការ​ប្រកួត ដោយបាន​បំបាក់ អម្រឹត មហានគរ លី​ហួរ ក្រេ​ឌី​ត អេ​អឹម​ខេ និង ស្ថាបនា ចំនួន​ពីរដង​។​

​នៅក្នុង​ការប្រកួត​ដាច់ឡែក​មួយទៀត​ដើម្បី​ដណ្ដើមយក​លេខ​3 ក្នុង​ថ្ងៃ​ដដែល ក្រេ​ឌី​ត បាន​យកឈ្នះ អេ​អឹម​ខេ ដោយ​លទ្ធផល ៣-០ ។ ជា​លទ្ធផល​សរុប ប្រា​សាក់​បាន​គ្រង​តំណែង​ជើងឯក ស្ថាបនា​ជា​ជើងឯក​រង ហើយ​ក្រេ​ឌី​ត ទទួលបាន​លេខ ៣ ។

​ពានរង្វាន់​បាល់ទាត់​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១២ ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​គោលបំណង​កសាង​ទំនាក់ទំនង​ល្អ​ក្នុងចំណោម​សមាជិកសមាគម​ហិរញ្ញវត្ថុ​កម្ពុជា លើកកម្ពស់​ការរស់នៅ​ប្រកបដោយ​សុខភាព និង​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​។​



​ក្រុមបាល់ទាត់​ប្រា​សាក់ បានឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​២០១៥​នេះ ប្រា​សាក់ លើក​ពានរង្វាន់​នេះ​សាជាថ្មី​។ ស្ថាបនា ធ្លាប់បាន​លើក​ពាន​នេះ កាលពី​ឆ្នាំ ២០១២ និង ២០១៣ ។ គួរបញ្ជាក់​ផងដែរ​ថា ពុំមាន​ការរៀប​ចំការ​ប្រកួត​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ​២០១៥​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com