ជាតិ
សហភាព​អឺរ៉ុប ចាប់ផ្តើម​ផ្តល់​សម្ភារ​បច្ចេកទេស​ខ្លះៗ ទៅកាន់​គ​.​ជ​.​ប ហើយ
21, Jul 2016 , 10:19 pm        
រូបភាព
លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ .ប
លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ .ប
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បាន​បញ្ជូន​សម្ភារ​បច្ចេក​ទេស ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បណ្តើរៗ​ហើយ​។ សម្ភារ​បច្ចេកទេស​ទាំង​នេះ គឺជា​ជំនួយ​ដ៏​សំខាន់​ដល់គ​.​ជ​.​ប ក្នុង​ការរៀបចំ​បោះឆ្នោត​នៅពេល​មុខ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ប្រសិទ្ធភាព​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​លើកឡើងថា សម្ភារ​បច្ចេកទេស ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប ត្រូវបាន​រៀបចំ​បញ្ជូន​មក​កម្ពុជា តាម​មធ្យោបាយ​ពីរ​ប្រភេទ គឺ​ទីមួយ ដឹក​តាម​យន្តហោះ ហើយ​ទី​២ ដឹក​តាម​កប៉ាល់​។ លោក បញ្ជាក់ថា សម្ភារ​ដែល​ដឹក​តាម​កប៉ាល់ បាន​ទៅ​ដល់ដៃ​គ​.​ជ​.​ប​ហើយ​។  ចំណែកឯ សម្ភារ ដែល​ដឹក​តាម​យន្តហោះ​វិញ  គ​.​ជ​.​ប នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​។ 

​អ្នកនាំពាក្យ​រូបនេះ មិនអាច​បញ្ជាក់ថា សម្ភារ​ដែល​ដឹក​តាម​យន្តហោះ នឹង​ទៅ​ដល់គ​.​ជ​.​ប នៅពេលណា​នោះទេ​។ លោក គ្រាន់តែ​សន្និដ្ឋាន​បែបនេះ​ថា​៖«​ខ្ញុំ​ក៏​មិនដឹង​ដែរ ថា​មកដល់​ពេលណា តែ​ប្រហែលជា​២​ឬ​៣​ថ្ងៃ​ទៀត ទើប​មកដល់ ក៏​ថា​បាន​»​។

​ឧបករណ៍​បច្ចេកទេស ដែល​ដឹក​តាម​កប៉ាល់ មានដូចជា ឧបករណ៍​ស្កេ​ន​មេដៃ​, កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), និង ទឹកខ្មៅ ជាដើម ហើយ​វត្ថុ​សំខាន់ៗ​ជាង​នេះ ដូចជា កំ​ព្យូ​ទ័​រ ត្រូវបាន​ដឹក​មក​តាម​យន្តហោះ​។  សម្ភារ​បច្ចេកទេស​ទាំង​អស់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​គ​.​ជ​.​ប មានតម្លៃ​ប្រមាណ​ជា​៧​លាន​ដុ​លា្ល​រ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ហង្ស ពុទ្ធា ហើយ​បន្ទាប់មក​លោក ក៏មាន​ប្រសាសន៍​ទៀតថា នៅពេល​គ​.​ជ​.​ប ទទួលបាន​សម្ភារ​ខាងលើ​រួចហើយ ដំណើរ​ការរៀប​ចំការ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ​កាន់តែ​រលូត​។

​អ្នកនាំពាក្យ​រូបនេះ ធ្លាប់​ប្រាប់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បាន​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​សេចក្តីជូនដំណឹង  គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ តទៅ​៕


Tag:
 គជប​
  សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com