ជាតិ
ពលករ​ខ្មែរ​ខុសច្បាប់ ១២៩​នាក់ ត្រូវបាន​តម្រួត​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ​
23, Jul 2016 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន ១២៩​នាក់ ដែល​ស្នាក់នៅ​និង​ធ្វើ​ការងារ​ក្នុងប្រទេស​ថៃ ត្រូវបាន  តម្រួត​ថៃ បញ្ជូនមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​។



​បើតាម​អគ្គស្នងការ​រដ្ឋា​នន​បាល​ជាតិ ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាក់ស្រុក​ខុសច្បាប់ ដោយ​ពុំមាន​លិខិតឆ្លងដែន និង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ទៅ​ប្រទេស​ថៃ​ចំនួន ១២៩​នាក់ ត្រូវបាន​តម្រួត​ថៃ​បញ្ជូនមក​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។

​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ បានបញ្ជាក់​ផងដែរ​ថា ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ភាគច្រើន​ធ្វើដំណើរ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន​ទាំង​កម្ពុជា​និង​ថៃ​។ ចំពោះ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​នេះ ពលករ​ខ្មែរ​តែងតែ​ប្រឈម​គ្រោះថ្នាក់ ដូចជា ត្រូវ​ចាញ់បោក​ការជួញដូរ​មនុស្ស និង​កម្លាំង​ពលកម្ម​ពី​សំណាក់​មេខ្យល់​ខ្មែរ​។ បន្ថែម​ពីនេះ  គឺមាន​ការ​ប្រឈម​និង​ការចាប់​ដាក់គុក ធ្វើ​ទារុណកម្ម និង​បាញ់សម្លាប់ ពី​សមត្ថកិច្ច​ថៃ​ផងដែរ​។​

​ក្រោយ​តម្រួត​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​នោះ   ពលករ​ខ្មែរ​ទាំង ១២៩​នាក់ នេះ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា ដែល​ឈរជើង​នៅ​ច្រក​អន្តរជាតិ​ដូង​បាន​ណែនាំ និង​សុំ​ឲ្យ​បញ្ឈប់​ការធ្វើដំណើរ​ទាំង​ប្រថុយប្រថាន​ទៅរក​ការងារ​ធ្វើ​ក្នុងប្រទេស​ថៃ​ខុសច្បាប់​តទៅទៀត ។​

​កាលពី​ថ្ងៃទី​៦ ខែ​កក្ដ​ដា​កន្លងមក ក៏មាន​ពលករ​ខ្មែរ​ចំនួន ១៥៣​នាក់ ត្រូវបាន​តម្រួត​ថៃ​បញ្ជូនមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង​ផងដែរ ក្រោយពី​អាជ្ញាធរ​ថៃ បានចាប់ផ្ដើម​ពង្រឹង ត្រួតពិនិត្យ​លើ​ពលករ​ចំណាកស្រុក​ខុសច្បាប់ ដែល​ទៅ​រស់នៅ និង​ធ្វើ​ការងារ​ក្នុងប្រទេស​ថៃ ៕


Tag:
 ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com