ជាតិ
បុណ្យ​គម្រប់​ខួប១០០​ថ្ងៃ​របស់​កវី គ​ង្គ ប៊ុន​ឈឿន ចាប់ផ្តើម​នៅថ្ងៃនេះ
27, Jul 2016 , 12:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​២៧ កក្កដា​នេះ គឺជា​ថ្ងៃ​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ របស់ កវី​ម្ចាស់​ស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១៦​។ ពិធីបុណ្យ​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​២៨ ខែកក្កដា ២០១៦ ។



​ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​របស់ កវី គ​ង្គ ប៊ុន​ឈឿន ប្រារព្ធ​ឡើង​នៅ​បុរី​វិមាន​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ឯកឧត្តម​ជា​សុផារ៉ា សង្កាត់​ច្រាំង​ចំរេះ ក្នុង​រាជធានី​ភ្នំពេញ​។ កូនចៅ និង​សាច់ញាតិ របស់ លោក គ​ង្គ ប៊ុន​ឈឿន បាន​មូលមតិ​ជា​ឯកច្ឆ័ន្ទ​នៅក្នុង​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ គឺ​ដើម្បី​ឧទ្ទិស​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿ ដែលជា​មនុស្ស​ឆ្នើម​ម្នាក់ នៅក្នុង​វិស័យ​តែង​និពន្ធ និង​លើក​មុខមាត់​វិស័យ​សិល្បៈ​នៅ​កម្ពុជា​។ 


​លោក មុត ថា​រី កូនប្រសារ​របស់ លោក គ​ង្គ ប៊ុន​ឈឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅមុននេះ បន្តិច​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​របស់​ឪពុក​របស់លោក គឺ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​គាត់​(​លោក គ​ង្គ ប៊ុន​ឈឿន​) ដែល​បាន​កសាង​ស្នាដៃ​ជាច្រើន សម្រាប់​វិស័យ​សិល្បៈ និង​ការ​តែង​និពន្ធ​។ លោក​បន្តថា ពិធីបុណ្យ​នេះ លោក​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រធាន​សមាគមន៍​អ្នកនិពន្ធ​ខ្មែរ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។


​លោក​បន្ថែមទៀតថា ធាតុ​របស់ លោក គ​ង្គ ប៊ុន​ឈឿន នឹង​រក្សាទុក​នៅផ្ទះ​កូនចៅ​របស់លោក​នៅ​ភ្នំពេញ​រយៈ​៣​ឆ្នាំ មុននឹង​យកទៅ​តម្កល់​នៅ​វត្ត​លាប​ខេត្តបាត់ដំបង​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ឥឡូវនេះ ប្អូនជីដូនមួយ​របស់​ឪពុក​ខ្ញុំ បាន​ប្រាប់ថា លោក​(​ព្រះសង្ឃ​)​នៅ​វត្ត​លាប​ខេត្តបាត់ដំបង បាន​បើកភ្លើង​ខៀវ​ឲ្យ​ហើយ​ចំពោះ​ការសាងសង់​អា​ស្រមឪពុក​ខ្ញុំ ដើម្បី​ដាក់​ធាតុ និង​សៀវភៅ​របស់គាត់​»​។យ៉ាងណាក៏ដោយ លោក មុត ថា​រី មិនអាច​កំណត់​ថ្ងៃ​សាង​សង់អា​ស្រប​របស់លោក​គ​ង្គ ប៊ុន​ឈឿន​បាន​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់ថា រងចាំ​ធ្វើបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ចប់​រួចរាល់​ជាមុនសិន​។ 

​គួរ​បញ្ជាក់ថា លោក គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ប្រទេស​ន័​រវេ​ស ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​៕      


Tag:
 គ​ង្គ ប៊ុន ឈឿន​
  ​បុណ្យ​១០០​ថ្ងៃ
© រក្សាសិទ្ធិដោយ thmeythmey.com