ជាតិ
សង្គមជាតិ
អ្នកបុរាណវិទ្យារកឃើញថាខ្មែរចេះស្លសំរិទ្ធល្អជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
28, Jul 2016 , 8:25 am        
រូបភាព
​សៀមរាប​៖ រោង​ជាង​ស្ល​សំរិទ្ធ​មួយកន្លែង ត្រូវបានធ្វើ​កំណាយ និង​រកឃើញ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​សាលា​បារាំង​ចុង​បូព៌ា (EFEO)  ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ អ្នកជំនាញ​អះអាងថា រោង​ជាង​ស្ល​សំរិទ្ធ​នោះ មិនមែនជា​រោង​ជាង​ធម្មតា​នោះទេ តែ​វា​ជា​រោង​ជាង​ក្នុង​ព្រះបរមរាជវាំង ដែល​ស្តេច​ក្នុង​សម័យមុនៗ​ប្រើប្រាស់ ដើម្បី​ធ្វើជា​រូបចម្លាក់​ផ្សេងៗ ។ តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ដែរថា ការ​ស្ល​សំរិទ្ធ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​គុណភាព និង​ប្រើ​បច្ចេកទេស​ខ្ពស់​ជា​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​



​ការស្រាវជ្រាវ​លើ​រោង​ស្លដែក​ក្នុងប្រទេស​កម្ពុជា បានចាប់ផ្តើម​ជាច្រើន​ឆ្នាំ​មកហើយ​។ តែ​ដោយឡែក​សម្រាប់​ការស្រាវជ្រាវ​លើ​រោង​ជាង​ស្ល​សំរិទ្ធ ទើបតែ​ចាប់ផ្តើម​នៅក្នុង​ឆ្នាំនេះ ដោយសារ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​របស់​អ្នក​បុរាណវិទ្យា បាន​ប្រទះឃើញ​ចង្ក្រាន​ស្ល​សំរិទ្ធ​មួយ​ដោយ​ចៃដន្យ កាលពី​ឆ្នាំ​២០១២ និង​២០១៣​។



​ដើម្បី​ដឹង​ពី​វិសាលភាព​នៃ​រោង​ជាង​ស្ល​សំរិទ្ធ​មាន​ដល់​កម្រិតណា ក្រុម​អ្នក​បុរាណវិទ្យា​នៅ​សាលា​បារាំង​ចុង​បូព៌ា សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ធ្វើ​កំណាយ​មួយកន្លែង នៅក្នុង​បរិវេណ​ប្រាសាទ​សេ្ត​ចក​ម្មង់​។ កំណាយ​រោង​ស្ល​សំរិទ្ធ​នេះ បានចាប់ផ្តើម​នៅ​ដើមខែ​កក្កដា ហើយ​វា​ជា​រោង​ស្ល​សំរិទ្ធ​ដំបូង​ដែល​ធ្វើ​កំណាយ​ឃើញ​ក្នុង​តំបន់​អង្គរ ឫ​អាច​និយាយបានថា ដំបូង​គេ​នៅ​កម្ពុជា​ផង​។

​បុរាណ​វិទូ​ជនជាតិ​បារាំង លោក Erice VINCENT ដែល​ដឹកនាំ​ការងារ​ស្រាវជ្រាវ​បាន​និយាយថា លោក​បាន​រកឃើញ​ភស្តុតាង​មួយចំនួន ដែល​អាច​បញ្ជាក់​ពី​ទំហំ​រោង​ស្ល​សំរិទ្ធ​នេះ​។ លោក​បន្តថា កំណាយ​នេះ​គេ​ត្រូវការ​ទាំង​ការជីក និង​ខូង​ដី ដើម្បី​យក​ល្បាយ​ដី​ទៅ​សិក្សា​លម្អិត​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ដំបូង​នេះ តាម​ការបញ្ជាក់​របស់​លោក Erice គឺមាន​ចំនួន​៣​។ មួយ​គឺ​ដឹង​ពី​ប្រភេទ​ដី ដែល​ខុសពី​ដី​ធម្មតា ពីរ​គឺ​បាន​រកឃើញ​ស្លាកស្នាម និង​សំណ​ល់ពី​ការ​ស្ល និង​ទី​បី ឧបករណ៍ប្រើប្រាស់ ក្នុង​រោង​ជាង​នា​សម័យ​នោះ​។​


​រោង​ជាង​ស្ល​សំរិទ្ធ ដែល​ប្រទះឃើញ​នៅ​ខាងជើង​ប្រាសាទភិមានអាកាស​ពេលនេះ​ដែរ តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកស្រាវជ្រាវ អាចមាន​អាយុកាល​តាំងពី​ពាក់កណ្តាល​ស​.​វ​ទី​១១ និង​ទី​១២​។ អ្នកស្រាវជ្រាវ បាន​យក​លទ្ធផល​ដែល​រកឃើញ​នៅពេលនេះ ទៅ​ប្រៀបធៀប​នឹង​លទ្ធផល​ដែល​រកឃើញ​ចង្ក្រាន​ស្ល​សំរិទ្ធ កាលពី​ឆ្នាំ​២០១២ និង​២០១៣​ផងដែរ​។​

​ចាប់តាំងពី​ការធ្វើ​កំណាយ​មក អ្នក​បុរាណវិទ្យា​បាន​រកឃើញ​វត្ថុតាង​មួយចំនួន ក្នុងនោះ​រួមមាន​ចង្ក្រាន​ស្ល​សំរិទ្ធ និង​សិត​សំរិទ្ធ រួម​និង​វត្ថុ​ធាតុ​ផ្សំ​មួយចំនួន ដូចជា​សំណ និង​ដុំថ្ម​តូចៗ សម្រាប់​សិតរូប​ចម្លាក់​ជាដើម​។ ជាងនេះទៅទៀត​នោះ តាមរយៈ​កំណាយ​នេះ ធ្វើ​ឲ្យ​គេ​ដឹងថា ជញ្ជាំង​ដែល​សង់​ពី​ថ្មបាយក្រៀម​នៃ​ប្រាសាទ​សេ្ត​ច​កម្លង់ សង់​ពីលើ​រោង​ជាង​នោះ​។ មានន័យថា ជញ្ជាំង​នោះ អាច​សង់​នៅ​ស​.​វ​ទី​១៣​។ អ្នកស្រាវជ្រាវ​ពន្យល់ថា រោង​ជាង​សិប្បកម្ម​ដែល​រកឃើញ​នៅពេលនេះ ទំនងជា​ត្រូវគេ​ផ្តាស់​ប្តូរ និង​មានការ​ពង្រីក​រាជវាំង ឫ​សង់​ប្រាសាទ​បន្ថែមទៀត​ក្នុង​បរិវេណ​នោះ​។​


​ក្នុង​គម្រោង​កំណាយ​រោង​សិប្បកម្ម​ស្ល​សំរិទ្ធ​នេះ មាន​រយៈពេល​៤​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦​នេះ រហូតដល់​ឆ្នាំ​២០១៩​។ អ្នកជំនាញ​គ្រោង​នឹង​ជីករណ្តៅ​នៅ​ទីតាំង​ផ្សេងទៀត ដើម្បី​រក​ទីតាំង​ដូចគ្នា​នឹង​រណ្តៅ​ទីមួយ​នេះ​។ លោក Erice បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គម្រោង​នេះដែរ ក្រុមការងារ​របស់លោក គ្រោង​នឹង​បណ្តុះបណ្តាល​អ្នកជំនាញ​បន្ថែម រួម​និង​ការសិក្សា​ពិសោធន៍​ឲ្យ​ស៊ីជម្រៅ​។ ក៏មានដែរ សំណាក​ខ្លះ​ត្រូវបាន​បញ្ជូនទៅ​ពិសោធន៍​នៅ​សហរដ្ឋអាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក Erice​។


​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាននាយកដ្ឋាន​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​បន្ថែមថា រោង​ជាង​ស្ល​សំរិទ្ធ​នេះ ជាមាន​លក្ខណៈ​ត្រឹមត្រូវ​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​មានតែ​ក្នុង​តំបន់​អង្គរ​តែប៉ុណ្ណោះ​។ អ្នកជំនាញ​ខាង​ស្រាវជ្រាវ​បុរាណវិទ្យា​រូបនេះ​បន្តថា ក្រោយពេល​សិក្សា​ថ្មីៗ​នេះ បាន​រកឃើញថា ប្រពៃណី​នេះ ត្រូវបាន​ចម្លង​ទៅ​បន្ទាយលង្វែក ឧ​ត្តុ​ង និង​រាជវាំង​នៅ​រាជធានី​ភ្នំពេញ​ជាដើម​។ ត្រង់ចំណុច​នេះ លោក សុខ​រិទ្ធី​ពន្យល់ថា បុព្វបុរស​សម័យមុន តែង​សង់រោង​សិប្បកម្ម​នៅ​ខាងជើង​ព្រះបរមរាជវាំង​។ ភស្តុតាង​នេះឯង ដែល​លោក សុខ​រិទ្ធី​អះអាងថា មរតក​អរិយធម៌​របស់​អង្គរ មិនទាន់​ស្លាប់​ទាំងស្រុង​នោះទេ​។​


​គ្មាន​ឡើយ​ហេតុផល ដែល​យកមក​ធ្វើ​អំណះអំណាង​ដែល​ស្តេច​នៅ​សម័យមុន តែង​សង់រោង​សិប្បកម្ម​នៅ​ខាងជើង​រាជវាំង​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ លោក សុខ​រិទ្ធី បាន​ទាញ​ភ្ជាប់​នឹង​ជំនឿ​របស់​សាសនា​ព្រា​ហ្ម​។ តាម​ការសិក្សា​នៅ​កន្លែង​ស្លដែក ដែល​លោក សុខ​រិទ្ធី​ធ្លាប់ធ្វើ​កន្លងមក និង​តាម​ជំនឿ គឺ​គេ​តែង​ដាក់​រោង​សិប្បកម្ម​នៅ​ទិសឦសាន ឫ​ទិស​ខាងជើង និង​ត្រូវដាក់​ឲ្យ​ឆ្ងាយ​ពី​ប្រាសាទ និង​កន្លែង​មនុស្ស​រស់នៅ​។​

​អ្វីដែល​អាច​បញ្ជាក់ថា រោង​ស្ល​សំរិទ្ធ​នា​សម័យអង្គរ​មានគុណ​ភាពប្រសើរ និង​ប្រើ​បច្ចេកទេស​ពិសេស​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​នោះ គឺ​រូបចម្លាក់​ធ្វើ​ពី​សំរិទ្ធ ដែល​បានធ្វើ​កំណាយ​ឃើញ​នាពេល​កន្លងមក​។ លោក សុខ​រិទ្ធី​បន្ថែមក្នុងបទបង្ហាញនៅកន្លែងកំណាយនៅថ្ងៃទី២៧ កក្កដាថា ​៖« សំរិទ្ធ​គឺជា​វិជ្ជា​មួយ​មិនធម្មតា ដែល​គេ​យក​លោហៈ​ផ្សេងៗ​មក​ផ្សំគ្នា​។ ទាល់តែ​ស្គាល់​បច្ចេកទេស ស្គាល់​សមភាព​ច្បាស់ ទាល់តែ​យើង​ចេះ​គីមីវិទ្យា​ច្បាស់ យើង​ចេះ​ខាង​រ៉ែ​ច្បាស់ ទើប​យើង​អាច​យកមក​ធ្វើបាន​។ ហើយ​យើង​មើលរូប​ចម្លាក់​ដែល​ធ្វើ​ពី​សំរិទ្ធ​ដែល​តាំងនៅ​សារមន្ទីរ គឺ​វា​មាន​គុណភាព​ខ្ពស់​ជាងគេ បើ​ប្រៀប​នឹង​អាស៊ីអាគ្នេយ៍ វា​ខ្ពង់ខ្ពស់​ជាងគេ​...»៕

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះ ស្ថិតក្នុងគម្រោង «ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ»។





Tag:
 រោង​ជាង​ស្ល​សំរិទ្ធ​
  សម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com