ជាតិ
ACU ព្រម​ទទួល​ការបំភ្លឺ​របស់លោក រុន រ័ត្ន​វាសនា រឿង​ភាពមិនប្រក្រតី​ក្នុង​អង្គភាព​
28, Jul 2016 , 9:19 pm        
រូបភាព
​ក្រោយពី​កើតមាន​ការប្តឹង​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​មួយចំនួន ក្នុង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក រុន រ័ត្ន​វាសនា ដែលជា​ប្រធាន បានចេញ​សេចក្តីបំភ្លឺ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។ ក្រោយ​ពិនិត្យ​លើ​ការបកស្រាយ ACU សម្រេច​ទទួល​ការ​ស្រាយ​បំភ្លឺ​របស់​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ និង​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បិទ​ផ្សាយ​លិខិត​បំភ្លឺ ដើម្បី​បញ្ចប់​នីតិវិធី​។​



«...​ខ្ញុំ​សូម​អរគុណ​ចំពោះ​កិច្ចសហការ​ក្នុងការ​បំភ្លឺ និង​ស្នើ​ឲ្យ​ឯកឧត្តម​បិទ​ផ្សាយ​លិខិត​បំភ្លឺ​របស់​ឯកឧត្តម​ជា​សាធារណៈ​នៅក្នុង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ដើម្បី​បញ្ចប់​នីតិវិធី​បឋម​នៃ​ការទទួល​ពាក្យបណ្តឹង​របស់ អ​.​ប​.​ព​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​លិខិត​របស់លោក  ឪ​ម យ៉ិនទៀង​។

​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​លោក រុន រ័ត្ន​វាសនា ដែល​ចុះ​ថ្ងៃទី​១២ កក្កដា អំពី​ការសុំ​ការបំភ្លឺ​លើ​លិខិត ACU ចុះ​ថ្ងៃទី​២៥ ឧសភា ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់លោក រុន រ័ត្ន​វាសនា​។ ភាពមិនប្រក្រតី​ទាំងនោះ​មាន​ចំនួន ៦ ចំណុច  រួមមាន ការចេញ​លិខិតស្នាម​មួយចំនួន មិន​គោរព​តាម​ការប្រកាស​របស់​ក្រសួង​, ករណី​ប្រធាន​ក្រុម​គោលដៅ​ផាកពិន័យ និង​គោលដៅ​ជំនាញ ជា​បក្ខ​ពួកខ្លួន​, ការយក​រថយន្ត​ម៉ាក MAZDA ដែល​ពន្ធ​នាំចូល​ជា​បន្ទុក​របស់​រដ្ឋ​ទៅ​បំពាក់​ស្លាក​លេខ​នគរបាល និង​ប្រកា​សលក់​ក្នុងតម្លៃ​ជាង ៣​ម៉ឺន​ដុល្លារ​, ករណី​ធ្វើ​ឲ្យ​បាត់​ថវិកា​អង្គភាព និង​ករណី​មិន​បើកប្រាក់​បេសកកម្ម​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​២០១៥ ដល់​មន្ត្រី​ជាង ១០០​នាក់​ជាដើម​។​

​ក្នុង​លិខិត​បំភ្លឺ ដែល​សរសេរ​ភ្ជាប់​ពីក្រោម​បញ្ហា​ដែល​បានលើកឡើង និង​ដែល​បានចេញ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍​នៅថ្ងៃនេះ លោក រុន រ័ត្ន​វាស​សនា បាន​ច្រានចោល​រាល់​ចំណុច​ដែល​បាន​ចោទ​លោក​ទាំង​ប៉ុន្មាន​។ ពាក់ព័ន្ធ​នឹង​ការចេញ​លិខិតស្នាម លោ​កថា​មាន​ការធ្វើ​កំណត់​បង្ហាញ​ត្រឹមត្រូវ និង​ទៅតាម​ឋានានុក្រម តាម​ជំនាញ​ការិយាល័យ​សុទ្ធសាធ​។ ប្រធាន​គោលដៅ និង​ការិយាល័យ​ជំនាញ គឺមាន​ការសម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ពុំមាន​បក្ខពួក​របស់លោក រុន រ័ត្ន​វាសនា​ឡើយ​។ សម្រាប់​រថយន្ត​ម៉ាក MAZDA អង្គភាព​ដែល​ចង់​ប្រើប្រាស់​រថយន្ត​នេះ ត្រូវយក​ថវិកា​ទៅ​ទិញ និង​ពុំមាន​សេវា​រដ្ឋបាល​អ្វី​ផ្សេង​ទៀតឡើយ ហើយ​នាយកដ្ឋាន​របស់លោក ក៏​ពុំមាន​រថយន្ត​ម៉ាក ស្តា​រិច​បិទ​ស្គុ​ត​ឡូហ្គោ POLIC នោះដែរ មានតែ​ម៉ាក MAZDA និង HYUNDAI សម្រាប់​ល្បាត និង​ដឹកជញ្ជូន​មន្ត្រី​ក្នុងការ​បំពេញបេសកកម្ម​។

​ចំណែក​ថវិកា​ជំនាញ​៣​លាន​រៀល​ក្នុង​មួយ ដែល​បាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ គឺ​បាន​ប្រើប្រាស់​សម្រាប់​បម្រើ​កិច្ចការងារ​របស់​នាយ​ក​ដ្ឋា​ន និង​សម្រាប់​មន្ត្រី​ចុះ​បេសកកម្ម តាម​ខេត្ត​ក្រុង​។  ប្រាក់រង្វាន់​១០% ពី​ការពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក សម្រាប់​ពង្រឹង​យន្តការ​របស់​អង្គភាព និង​ឧបត្ថម្ភ​មន្ត្រី​ជាដើម​។ ដោយឡែក រឿង​ប្រាក់​បេសកកម្ម​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​២០១៥​នោះ លោក រុន រ័ត្ន​វាសនា ឆ្លើយថា បាន​បើក​អស់ហើយ ហើយ​ភាពយឺតយ៉ាវ ដោយសារ​កង្វះ​ឯកសារ​របស់​មន្ត្រី​បេសកកម្ម​តែប៉ុណ្ណោះ​៕   


Tag:
 ACU
  រុន រ័ត្ន​វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com