ជាតិ
សេដ្ឋកិច្ច
កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោងឡើង​ផ្សារ​ហ៊ុន​នៅ​ចុងឆ្នាំ​នេះ​
28, Jul 2016 , 4:48 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (SAP) នឹង​ចូល​ផ្សារភាគហ៊ុន​នៅមុន​បំណាច់​ឆ្នាំ ២០១៦​ខាងមុខនេះ ដើម្បី​គៀងគរ​ដើមទុន​បន្ថែម​យកមក​អភិវឌ្ឍន៍​កំពង់ផែ​មួយ​នេះ​។ នេះ​បើតាម​អគ្គនាយក SAP ។​



​តំណាង SAP នៅ​ថ្ងៃទី​២៧​ខែកក្កដា បាន​ជួប​ក្រុមការងារ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ព​ន្លឿ​ន​កិច្ចការ​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​។​

​លោក លូ គឹមឈន់ អគ្គនាយក SAP បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា SAP កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​សុំ​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​ឲ្យ​បាន​មុន​បំណាច់​ឆ្នាំនេះ​។ លោក​បញ្ជាក់ទៀតថា​៖«​យើង​បាន​ទាក់ទង​ទៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) ជាប់​មករ​ហូត​អំពី​បញ្ហា​នេះ​»​។​

​អគ្គនាយក SAP រូបនេះ រំពឹងថា ការចូល​ផ្សារភាគហ៊ុន នឹងធ្វើ​ឲ្យ SAP កាន់តែ​រីកចម្រើន​។ លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ល្អ ទំនិញ​ចេញចូល​ផែ​ល្អ​។ ខ្ញុំ​ជឿថា ពេល​ចូល​ផ្សារ​ហ៊ុន ការគ្រប់គ្រង​(SAP) កាន់តែ​ល្អ​»​។​

លោក គឹមឈន់ បន្ថែមថា SAP គ្រោង​បោះ​លក់​ភាគហ៊ុន​លើកដំបូង (IPO) របស់ខ្លួន​ប្រហែល ៨​លាន ទៅ​១០​លាន​ហ៊ុន ។ តែ​លោក​មិនអាច​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់ ដែល SAP ត្រូវការ នៅពេល​បោះ​លក់​ភាគហ៊ុន​នោះទេ ដោយ​លោក​កំពុង​ពិភាក្សា​ពី​ចំណុច​នេះ​។
​បើតាម​លោក លូ គឹមឈន់ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ប្រាក់ចំណូល​របស់ SAP បាន​កើនឡើង​ប្រមាណ ១០,៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។​
​យោងតាម​តួលេខ ការ​ចរាចរណ៍​ទំនិញ​នៅ​កំពង់ផែ SAP មាន​ចំនួន ២​លាន​តោន​នៅ​ឆមាស​ទី​១​ឆ្នាំនេះ កើន​ប្រហែល ៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ១,៨៩​លាន​តោន​។​

​នៅ​ឆ្នាំ​២០១៤ ប្រាក់ចំណូល​របស់ SAP មាន​ប្រមាណ​ជាង ៤៤​លាន​ដុល្លារ កើនឡើង ១៥​ភាគរយ​ធៀប​នឹង ៣៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ។ នេះ​បើតាម​របាយការណ៍​។​

​បើ​ដូច​ការគ្រោងទុក​មែន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទី​៣ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ  និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ ហើយ​ក្រៅពីនេះ រួមមាន​ក្រុមហ៊ុន​ឯកជន​ពីរ​ទៀត​គឺ ក្រុមហ៊ុនកាត់ដេរ​តៃវ៉ាន់ Grand Twins International និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​បាន​បោះ​លក់​ភាគហ៊ុន ក្នុងពេល​កន្លង​៕


Tag:
 ផែស្វយ័តខេត្តព្រះសីហនុ
  ភាគហ៊ុន
  SAP
© រក្សាសិទ្ធិដោយ thmeythmey.com