ជាតិ
​ឯកអគ្គរដ្ឋទូត​បារាំ​ង​៖ អ្នកស្រី ពុង ឈី​វ​កេក ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​
29, Jul 2016 , 10:42 am        
រូបភាព
ដោយ:
 ​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃទី ២៤ ខែកក្កដា លោក​ហ្ស​ង់​¬​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ (La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ ជូន​អ្នកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ​។ នៅក្នុង​ពី​ធី​នេះ លោក ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​សរសើរ​អ្នកស្រី ពុង ឈី​វ​កេក ថា ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​។

 
​អ្នកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​ស្ត្រី​ដ៏​ក្លៀវក្លា​នៅ​កម្ពុជា​។ នេះ​ជាការ​សរសើរ​របស់លោក លោក​ហ្ស​ង់​¬​ក្លូដ ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf)  ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត​បន្ត​លើកតម្កើង​ទៀតថា អ្នកស្រី ពុង ឈី​វ​កេក គឺជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល និង​ទទួលបាន​ការគោរព​កោតសរសើរ​នៅក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ការសរសើរ​របស់​ម​ន្ត្រី​ទូត​បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ (La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ ដល់​អ្នកស្រី ពុង ឈី​វ​កេក កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែកក្កដា នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។ 
 
​ការបំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកស្រី អ្នកស្រី ពុង ឈី​វ​កេក នេះ ដើម្បី​ជា​សក្ខីភាព​នៃ​ការកោតសរសើរ​របស់​ប្រទេស​បារាំង​ចំពោះ​តួនាទី​របស់​អ្នកស្រី ក្នុង​ដំណើរ​ការជួយ​ផ្សះផ្សារ​ជាតិ និង​ការលើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះ​ចៅ​ណាប៉ូឡេអុង​បូ​ណា​ប៉ាត​ក្នុង​នៅ​ឆ្នាំ​១៨០២ ។​
 
​នៅក្នុង​ពិធី​ដដែល​នោះ លោក​ Jean-Claude Poimboeuf បានលើកឡើង​ពី​គុណសម្បត្តិ​របស់​អ្នកស្រី ឈី​វ​កេក ដែល​អ្នកស្រី​បាន​បញ្ចុះបញ្ចូល​សម្តេច ព្រះ​នរោត្តម សីហនុ និង​សម្តេច ហ៊ុន សែន ឲ្យ​ជួប​ពិភាក្សាគ្នា​។ លោក​ថា ជំនួប​នៅ​ឆ្នាំ ១៩៨៧ នោះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការចរចា​សន្តិភាព រហូត​ឈានទៅ​សម្រេច​ចេញ​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ ក្រៅពី​បេសកកម្ម​ដ៏​សំខាន់​នេះ អ្នកស្រី ពុង ឈី​វ​កេក ក៏​បង្កើត​អង្គការ​សិ​ទិ្ធ​ម​ន្ស​គឺ​អង្គការ​លីកាដូ ដោយបាន​ជួយ​អង្កេត​ការបោះឆ្នោត ការពារ​សិទ្ធិមនុស្ស និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ ​អស់​រយៈពេល​ជាង ២០ ឆ្នាំ មកនេះ​។ នេះ​ជាការ​បន្ថែម​របស់លោក ឯកអគ្គរដ្ឋទូត​បារាំ​ង​ខាងលើ​។​
 
​អ្នកស្រី ពុង ឈី​វ​កេក បាន​ថ្លែង​ក្រោយពី​ទទួល​គ្រឿង​ឥស្សរិយយស​នោះ​ថា គ្រឿង​ឥស្សរិយយស​នេះ អ្នកស្រី​មិនបាន​ស្នើសុំ​នោះឡើយ តែ​ជាការ​សម្រេច​ជ្រើសរើស​របស់​រដ្ឋាភិបាល​បារាំង ដោយ​ផ្តល់​គ្រឿង​ឥស្សរិយយស​នេះ ដល់​អ្នកស្រី​។ អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ចាស់វស្សា​នៅ​កម្ពុជា​រូបនេះ ពេញចិត្ត​ខ្លាំងណាស់​នឹង​គ្រឿង​ឥស្សរិយយស​នេះ ពី​ព្រោះតែ​បារាំងយល់​ថា​អ្នកស្រី​បាន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ដ៏​ច្រើន ដើម្បី​បុព្វហេតុ​ការងារ​ការពារ​សិទ្ធិមនុស្ស និង​សន្តិភាព​នៅ​កម្ពុជា​។ 
 
​នៅក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកស្រី ពុង ឈី​វ​កេក កាលពី​ល្ងាច​ថ្ងៃទី ២៨​ខែកក្កដា មានការ​ចូលរួម​ពី​សែ​រាជវង្ស​ជាច្រើន​អង្គ មន្ត្រី​ស្ថានទូត​នានា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​លោក​ឧក​ញ៉ា ពុង ខៀវ​សែ ប្រធាន​ធានា​គារ​កាណាឌីយ៉ា ដែល​ត្រូវជា​សាច់ញាតិ​របស់​អ្នកស្រី​ពុង ឈី​វ​កេក​៕
 
​ទស្សនាវីដេអូ









Tag:
 ពុង ឈី​វ​កេក​
 ​ទូត​បារាំង​
  La Légion d’Honneur
© រក្សាសិទ្ធិដោយ thmeythmey.com