អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី នឹង​ជួប​លោក អូ​បា​ម៉ា នៅ​ខែកញ្ញា​
29, Jul 2016 , 10:39 pm        
រូបភាព
ដោយ:
​ចុងក្រោយ​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ de facto មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅកាន់​អាមេរិក​ត្រូវបាន​កំណត់​ហើយ​។ នោះ​គឺ​មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា នឹងមាន​វត្តមាន​ក្នុងឋានៈ​ថ្មី​ទៅកាន់​អាមេរិក​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខ​ដ៏​ខ្លី​នេះ ហើយ វា​នឹង​ក្លាយជា​ជំនួប​លើក​ទី​បី​រវាង​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ជាមួយនឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។



​សេត​វិមាន​អាមេរិក បាន​ថ្លែង​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​បំពេញ​ទស្ស​កិច្ច​ទៅកាន់​វ៉ាស៊ីនតោន​នៅ​ខែ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខ​នេះហើយ​។កាលបរិច្ឆេទ​នេះ ត្រូវបាន​បញ្ជាក់​បន្ទាប់​ពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Ben Rhodes បាន​ថ្លែងប្រាប់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​កាលពី​សប្តាហ៍​មុន​ពី​ការអញ្ជើញ​លោកស្រី​របស់​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ទៅកាន់​អាមេរិក មុនពេល​លោក​បញ្ចប់​អាណត្តិ​ប្រធាន​ចុងក្រោយ​របស់លោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន The News York Times​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែកក្កដា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Ben Rhodes បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា នា​ជំនួប​ជាមួយនឹង​លោ​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ស្ថិតនៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មី​យ៉ាន់​ម៉ា​។ នា​ដំណើរ​ទស្សនកិច្ច​នោះ លោក ក៏បាន​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​ប្រមាណ​២១​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ទៀតផង​។​

​ការប្រកាស​អញ្ជើញ​លោកស្រី ស៊ូ​ជី រួមជាមួយ​នឹង​ជំនួយ​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី ការប្រកាស​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​បានដាក់​ប្រឆាំងនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងពេលដែល​យោធា​ដឹកនាំ​ប្រទេស​ផងដែរ​។ ហើយ​ការបង្ហាញ​ឥរិយាបថ​ស្និទ្ធស្នាល និង​វិជ្ជមាន​របស់​ក្រុង​វ៉ាស៊ីនតោន​មកកាន់​ក្រុង​រ៉ង​ហ្គូ​ន​នេះដែរ បានចាប់ផ្តើម​ក្រោយ​ដំណើរការ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​កាន់តែ​ល្អប្រសើរ​។​

​មួយវិញទៀត​នោះ ការប្រកាស​របស់​ក្រុង​វ៉ាស៊ីនតោន ក៏​ធ្វើឡើង បន្ទាប់ពី​ការ​មី​យ៉ាន់​ម៉ា រៀបចំ​ការបោះឆ្នោត​ដោយ​រលូន រួមជាមួយ​នឹង​ការផ្ទេរអំណាច​របស់​យោធា​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ទៅកាន់​រដ្ឋាភិបាល​ស៊ីវិល របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បានឈ្នះ​ការបោះឆ្នោត​ក្នុង​លទ្ធផល​ភ្លូកទឹកភ្លូកដី​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។

​តែ​អ្វី​គួរកត់សម្គាល់​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ស៊ូ​ជី ទៅកាន់​អាមេរិក​តាម​ការអញ្ជើញ​របស់លោក​អូ​បា​ម៉ា នឹងធ្វើ​ឲ្យ​អ្នក​ទាំងពីរ ជួបគ្នា​ផ្លូវការ​ជា​លើក​ទី​បី​ផងដែរ​។ លោកស្រី ស៊ូ​ជី ធា្ល​ប់​ជួប​លោក​អូ​ប៉ា​ម៉ា​ដំបូង​ក្នុងនាម​ជា​ប្រមុខ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១២​។ ហើយ ពេលនោះ ក៏​ជា​លើកដំបូង​ដែល​អាមេរិក បានបង្ហាញ និង​លើក​មុខមាត់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុង​ឆាក​អន្តរជាតិ ក្រោយ​លោកស្រី​ត្រូវបាន​ដោះលែង​ជា​ផ្លូវការ​ពី​ការឃុំ​រយៈពេល​១៧​ឆ្នាំ​ក្នុងផ្ទះ​ដោយ​ក្រុម​យោធា​។ ក្នុងពេល​នោះដែរ លោកស្រី ក៏បាន​ទទួលបាន​ល​មេដាយមាស​ពី​អាមេរិក​ផងដែរ​។​

​ភាគី​ទាំងពីរ បាន​ជួបគ្នា​ជា​លើក​ទី​ពីរ ក្នុង​ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា នាឱកាស​ដែល​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រធាន​អាស៊ាន​។ ក្នុងពេលនោះ លោកស្រី ស៊ូ​ជី នៅតែ​ជា​ប្រមុខ​បក្សប្រឆាំង​នៅឡើយ​នោះទេ​។​

​ដោយឡែក សម្រាប់​ការជួប​លោក​អូ​បា​ម៉ា នាពេលខាងមុខ​ដ៏​ខ្លី​នេះ លោកស្រី ស៊ូ​ជី មិនមែនជា​មេបក្ស​ប្រឆាំង​ទៀតឡើយ ពោលគឺ លោកស្រី គឺប្រធាន​បក្ស​កាន់អំណាច ហើយ​ដែល​គេ​មើលឃើញថា ជា​មេដឹកនាំ​ពិតប្រាកដ​របស់​មី​យ៉ាន់​ម៉ា​នោះ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com