ជាតិ
ជប៉ុន​ប្រកាស​ការប្រកួត​រូបថត លើកដំបូង នៅ​កម្ពុជា​
01, Aug 2016 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន ប្រកាស​ជ្រើសរើស​អ្នក​រូបថត​មិន​អាជីព​ដែលមាន​រូបថត​ល្អ​ប្លែក​នានា ចូលរួម​ដាក់​ប្រកួតប្រជែង​រូបថត​ក្រោម​ប្រធានបទ «​ជប៉ុន​នៅ​កម្ពុជា​» របស់ខ្លួន​ជា​លើកដំបូង ក្នុងប្រទេស​កម្ពុជា​។​



​បេក្ខជន​ជនជាតិ​កម្ពុជា និង​បរទេស​ទាំង​ពីរភេទ​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង ដែល​ស្នាក់នៅ​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា អាច​ចូលរួម​ប្រកួត​យក​ពានរង្វាន់ លើកលែងតែ​អ្នក​ថតរូប​អាជីព និង​អ្នកសារព័ត៌មាន​។​

​បេក្ខជន​ត្រូវ​ផ្ញើ​ពាក្យសុំ​ប្រកួត​ភ្ជាប់​ជាមួយ​រូបថត JPEG ទំហំ​ចាប់ពី 70KB-300KB ដែលមាន​អត្ថន័យ​បែប​ជប៉ុន​នៅ​កម្ពុជា តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (E-mail) ឲ្យ​មុន​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០១៦​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ស្ថានទូត​ជប៉ុន​។​

«​បេក្ខជន​ត្រូវតែ​ច្បាស់លាស់​អំពី​កម្មសិទ្ធិបញ្ញា​នៃ​រូបថត​របស់ខ្លួន មុន​ដាក់ពាក្យ​ប្រកួត​។ រូបថត​ដែល​ផ្តិត​ជាប់​បុគ្គល​ណា​ម្នាក់​នោះ​បេក្ខជន​ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ពី​បុគ្គល​នោះ​សិន​»​។ ស្ថានទូត​ហាម​បេក្ខជន​ទាំងអស់ កុំ​ឲ្យ​យក​ស្នាដៃ​រូបថត​ដែល​ធ្លាប់​ដាក់ និង​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី​ដទៃ ពិសេស​គឺ រូបថត​អ្នកដទៃ​ដាក់​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​ដាច់ខាត​។​

​ជប៉ុន​នឹង​ជ្រើសរើស​រូបថត​ដែលមាន​ខ្លឹមសារ និង​មិន​ត្រូវបាន​កែច្នៃ​ល្អ​បែ្ល​ក​ចំនួន ៣​សន្លឹក ផ្សាយ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ករ​បស់​ស្ថានទូត​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ខាងមុខ​។ ជ័យលាភី ៣​រូប នឹង​ទទួល​រង្វាន់​ពី​ស្ថានទូត​ជប៉ុន ក្នុងនោះ រួមមាន ម៉ាស៊ីន​ថត​ផ្តិតរូប​បាន​ភ្លាម​ម៉ាក Instax mini 8 មួយគ្រឿង​, Exteal hard disk drive​មួយ និង Portable battery charger មួយ​។​

បេក្ខជន​មាន​រូបថត​ត្រឹម ឬ​ក្រោយ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ អាចដាក់​ពាក្យសុំ​ប្រកួត​ឲ្យ​ស្ថានទូត តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច [email protected]​។ បេក្ខជន​អាច​ទំនាក់ទំនង​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​ស្ថានទូត​ជប៉ុន តាមរយៈ​លេខ​ទូរ​សព្ទ ០២៣ ២១៧ ១៦១ ឬ​គេហទំព័រ http://www.kh.emb-japan.go.jp/index-e.htm ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​៕​


Tag:
 ជប៉ុន​
  កម្ពុជា​
  រូបថត
© រក្សាសិទ្ធិដោយ thmeythmey.com