ជាតិ
ADB បើកឱកាស​ដល់​យុវជន​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​សំណេរ​អត្ថបទ​ដើម្បី​អបអរ​ខួប​ទី​៥០
02, Aug 2016 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បានរៀបចំ​ឲ្យ​មានការ​ប្រកួត​សំណេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស​សម្រាប់​និស្សិត​កម្ពុជា ដោយ​ផ្ដោតលើ​ភាពជា​ដៃគូ​រវាង ADB និង​រដ្ឋាភិបាល​កម្ពុជា ដែល​ឈានដល់​ការអបអរ​ខួប​លើក​ទី​៥០​នៅ​ចុង​ឆ្នាំនេះ​។



​នា​រយៈពេល​៥​ទសវត្ស​កន្លងមកនេះ  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ នាឱកាស​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​អាស៊ី​មួយ​នេះ ប្រកាស​រៀបចំ​កម្មវិធី​ប្រកួត​សំណេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស​សម្រាប់​យុវជន​នៅ​កម្ពុជា ដោយមាន​កិច្ចសហការ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB កាលពី​ថ្ងៃទី​២៩ ខែកក្កដា លោក  Samiuela Tukuafu នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ការប្រកួតប្រជែង​នេះ ផ្ដល់ឱកាស​ឲ្យ​យុវជន​កម្ពុជា ក្នុងការ​ស្រាវជ្រាវ និង​ចែករំលែក​ចំណេះដឹង​ពួកគេ  ចំពោះ​តួនាទី​របស់ ADB នៅក្នុង​វឌ្ឍនភាព​នៃ​កិច្ចការ​សង្គម និង​សេដ្ឋកិច្ច របស់​កម្ពុជា នា​រយៈពេល​៥០​ឆ្នាំ កន្លងមក​។

​លោក Tukuafu បាន​បន្តថា​៖ «​យើង​ក៏​ចាប់អារម្មណ៍​ផងដែរ ទៅលើ​គំនិត​ថ្មីៗ​របស់​អ្នកនិពន្ធ​វ័យក្មេង​ទាំងនោះ ទាក់ទង​នឹង ភាពជា​ដៃគូ​នាពេល​អនាគត​រវាង ADB និង​រដ្ឋាភិបាល​កម្ពុជា​។

​ជាមួយគ្នានេះ ចំពោះ​ការប្រកួតប្រជែង អ្នកចូលរួម​ប្រកួតប្រជែង​ត្រូវ​សរសេរ​អត្ថបទ​សំណេរ​មួយ ជា​ភាសា​អង់គ្លេស ដោយ​មិនបាន​ចម្លង​ស្នាដៃ​អ្នកដទៃ ក្នុង​ចន្លោះ​ពី ១៥០០ ទៅ​២០០០​ពាក្យ​។ សម្រាប់​ម្ចាស់​អត្ថបទ​សំណេរ ដែលមាន​ស្នាដៃ​ល្អ​បំផុត​ចំនួន​១០​នាក់ នឹង​ទទួលបាន​រង្វាន់ ពី ADB  ក្នុង​ពិធី​ខួប​លើក​ទី​៥០ ដែល​រៀបចំ​ដោយ ADB  នៅ​ចុងឆ្នាំ​ខាងមុខនេះ​។

​ចំពោះ​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា ៥០០​ដុល្លារ​អាមេរិក អមដោយ​មេដាយមាស និង​វិញ្ញាបនបត្រ​, ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា ៣០០​ដុល្លារ​អាមេរិក  អមដោយ​មេដាយប្រាក់ និង​វិញ្ញាបនបត្រ និង​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា ២០០​ដុល្លារ​អាមេរិក អមដោយ​មេដាយសំរិទ្ធ និង​វិញ្ញាបនបត្រ​។ សម្រាប់​បេក្ខជន​ទាំង​៧​រូប ដែល​មិនបាន​ជ័យលាភី នឹង​ទទួលបាន​ថវិកា​ក្នុង​មួយ​នាក់ ១០០​ដុល្លារ​អាមេរិក រួមជាមួយ​វិញ្ញាបនបត្រ​។ ជាមួយគ្នានេះ កាលបរិច្ឆេទ​ឈប់​ទទួល​សំណេរ​អត្ថបទ ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​៥​ល្ងាច​៕


Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com