ពីនេះ ពីនោះ
តើ​ទស្សនៈ​ខ្មែរ ៖ «​អា​ក្មេង​មិនទាន់​ជ្រុះ​ពន្លៃពី​ក្បាល​» ជា​ទស្សនៈ​ត្រឹមត្រូវ​ឬ​យ៉ាងណា​?
18, Jan 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យចាស់​លោក​ពោល មិនមែន​មានន័យថា សុទ្ធតែ​ត្រឹមត្រូវ​នោះឡើយ​។ បច្ចុប្បន្ន មនុស្ស​វ័យ​ចំណាស់ នៅ​បន្ត​ប្រើ​នៅឡើយ​ពាក្យ​ថា «​ក្មេង​មិនទាន់​ជ្រុះ​ពន្លៃពី​ក្បាល​» ទៅ​យុវជន​សម័យថ្មី​។ ពាក្យ​នេះ​មិនមែន​មានន័យថា​ខុស ក៏ប៉ុន្តែ​ក៏​មិន​ត្រឹមត្រូវ​ផងដែរ សម្រាប់​ក្មេង​សម័យថ្មី​នេះ​។



​ជា​ទស្សនៈ​របស់​មនុស្ស​ខ្មែរ ចាស់ៗ​លោក​តែងតែ​គិតថា កូនចៅ​របស់ខ្លួន​ក្មេង​ជាង​ខ្លួន​រហូត ការយល់ដឹង និង​ពិសោធន៍​តិចជាង​ខ្លួន​រហូត ដែល​គំនិត​នេះ​វា​ខុសប្លែក​ពី​ការយល់ឃើញ​របស់​ពួក​ប​ស្ចឹ​ម​ប្រទេស​។ ជាការ​ពិត មនុស្ស​ចាស់​មាន​ពិសោធន៍​ជីវិត និង​ឆ្លងកាត់​ដំណើរ​សង្គម​បាន​ច្រើនជាង​យុវជន ប៉ុន្តែ​មិន​ប្រាកដថា ការយល់ឃើញ​របស់​ម​នុស្ស​ចាស់​សុទ្ធតែ​ត្រឹមត្រូវ​រហូត​នោះទេ​។

​មូលហេតុ​នេះហើយ​ដែល​កន្លងទៅ​មានការ​ជជែក​រវាង​យុវជន និង​មនុស្ស​ចាស់ នាំទៅរក​ការមិនចុះសម្រុង​គ្នា​។ មនុស្ស​ចាស់​គិតថា​យុវជន ឬ​ក្មេងជំនាន់ក្រោយ មាន​ពិសោធន៍​តិចជាង​ខ្លួន ហេតុនេះ គំនិត​របស់​ពួកគេ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ដូច​ខ្លួន​ឡើយ​។ ផ្ទុយ​មកវិញ យុវជន យល់ថា មនុស្ស​ចាស់​មានគំនិត​ចាស់​បុរាណ មិន​ទានសម័យ មិនមែនជា​គំនិត​បែប​ទំនើបនិយម ហេតុនេះ​មិនគួរ​យកមក​ប្រតិបត្តិ​ច្រើន​នោះទេ​។ នៅពេល​ការជជែក​មិនត្រូវ​គ្នា មនុស្ស​ចាស់​អាង​ពាក្យ​ថា «​អា​ក្មេង​មិនទាន់​ជ្រុះ​ពន្លៃពី​ក្បាល កុំ​ចេះ​មក​ប្រដៅ​ចាស់​» ឬ​និយាយថា​«​ក្មេង​មិន​ធ្លាប់​ឆ្លងកាត់​ចាស់​ទេ ប៉ុន្តែ​ចាស់​ធ្លាប់​ឆ្លងកាត់​ក្មេង​»​។ ចំណែក​យុវជន អាង​ពាក្យ​ថា «​កុំ​មានគំនិត​បុរាណ​ពេល​» ឬ​និយាយថា​« សម័យនេះ គេ​ដើរ​ដល់​ណា​ហើយ គឺ​សម័យ​វិទ្យាសាស្ត្រ​»​។​

​គ្រប់​ជ្រុង គ្រប់ផ្នែក​នៃ​ការយល់ឃើញ របស់​មនុស្ស​ចាស់ និង​យុវជន សុទ្ធ​តែមាន​មូលដ្ឋាន​គិត និង​ទឡ្ហីករណ៍​រៀងៗ​ខ្លួន គួរ​ពិចារណា​។ ព្រោះតែ​មូលដ្ឋាន​បែបនេះហើយ​ដែល អ្នក​គិត​ទាំងអស់​មិនគួរ​បោះចោល​មួយណា ហើយ​ជ្រើស​យក​មួយណា​ឡើយ​។

​ឆ្លងកាត់​ការវិវត្ត​នៃ​សង្គម អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដ្បិតថា​វិស័យ​អប់រំ​ខ្មែរ​មិនទាន់​ខ្លាំង ប៉ុន្តែ​ក៏​អាច​និយាយបានថា​ល្អប្រសើរ នៅក្នុង​ការបណ្ដុះ​ធនធានមនុស្ស​ថ្មី​។ ចំណុច​នេះ គេ​អាច​និយាយបានថា កូន​ខ្មែរ​សម័យថ្មី ក៏មាន​មូលដ្ឋាន​ចំណេះដឹង គ្រប់គ្រាន់​ក្នុងការ​គិតពិចារណា​ផងដែរ​។

​ហេតុផល​នេះហើយ ដែល​គេ​ត្រូវ​កែ​ជា​ចាំបាច់​នូវ​គំនិត ការយល់ឃើញ​មួយចំនួន ដែល​នាំ​ឲ្យ​មាន ភាពមិន​ស្របគ្នា​រវាង​មនុស្ស​ចាស់ និង​យុវជន​។ ជាការ​យល់ឃើញ​ថ្មី​អាច​បញ្ជាក់ថា មនុស្ស​ខ្មែរ​គួរ​កុំ​នាំគ្នា​ប្រើពាក្យ​ថា «​អា​ក្មេង​មិនទាន់​ជ្រុះ​ពន្លៃពី​ក្បាល​» ប៉ុន្តែ​ត្រូវប្រកាន់យក​មាគ៌ា​មួយ​ថា អ្នកណា​ក៏មាន​ទស្សនៈ និង​ពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន ដែល​ចាំបាច់​ត្រូវ​សិក្សា​ពីគ្នា ទៅវិញទៅមក​។

​ក្មេង​ត្រូវគោរព និង​ស្ដាប់ មនុស្ស​ចាស់ ដោយ​ការផ្ដល់​តម្លៃ និង​ក្រមសីលធម៌ ហើយ​ហ៊ាន​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការពិចារណា កែប្រែ​ចំណុច​ខ្វះ​របស់​មនុស្ស​ចាស់​។ ចំណែក​មនុស្ស​ចាស់​ត្រូវ​បើក​ចិត្ត បើក​គំនិត ទទួលយក​ការយល់ឃើញ​របស់​ក្មេង​សម័យថ្មី  ហើយ​មក​ប្រៀបធៀប​ជាមួយ​គំនិត​របស់ខ្លួន​។ ការធ្វើ​បែបនេះ​គ្មានអ្វី​ក្រៅពី​ការ​ក្ដាប់​ឲ្យ​បាន​នូវ​គោលបំណង​ពិត និង​ភាពច្បាស់លាស់​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត បញ្ចៀស​គំនិត​អត្តនោម័ត តែម្នាក់ឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com