ជាតិ
រដ្ឋមន្ត្រី​អប់រំ​ទទួលស្គាល់ថា ពេលខ្លះ លោក​មិន​បានដឹង​ពី​ភាពយឺតយ៉ាវ​នៃ​ការផ្តល់​ប្រាក់រង្វាន់​ដល់​កីឡាករ​
04, Aug 2016 , 7:39 pm        
រូបភាព
ដោយ:
​ក្រោយពី​មានមតិ​មួយចំនួន​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ទៅនឹង​ភាពយឺតយ៉ាវ​ក្នុងការ​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​ដែល​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍ Mekong Games និង​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា នាពេល​កន្លងមក ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានទទួល​ស្គាល់​ពេលខ្លះ​លោក​ក៏​មិនបាន​ដឹង​ពី​ភាពយឺតយ៉ាវ​នេះដែរ ដោយសារ​រវល់​នឹង​ការងារ​ច្រើនពេក​។​



​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​មហាជន​មួយចំនួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​ទៅនឹង​ភាពយឺតយ៉ាវ​នៃ​ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា​ថា ដោយសារ​លោក​មមាញឹក​ជាមួយ​ការងារ​ច្រើនពេក ហេតុដូច្នេះ​ពេលខ្លះ​លោក​ក៏​មិនបាន​ដឹង​ពី​យឺតយ៉ាវ​នៃ​ការផ្តល់​រង្វាន់​នេះដែរ​។



​នា​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​ដែល​ដណ្តើមបាន​ដាយ​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា និង Mekong Games នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ ខែសីហា នៅ​ទីស្តីការក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​ពេលខ្លះ​ខ្ញុំ​ក៏​អត់​ដឹងថា​រឿងនេះ​វា​យឺត​ដែរ ដោយសារ​ថា​ការងារ​វា​ច្រើន ដូច្នេះ​ប្រសិនបើ​មានការ​ងារ​អ្វី​អាច​ផ្តល់ដំណឹង​មក​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​ជួយ​ព​ន្លឿ​ន​បន្ថែមទៀត តែ​ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​ចាំ​ផ្សព្វផ្សាយ​ចុះ​»​។



​លោក​បាន​បន្ថែមថា ការ​យឺត​នេះ​មិនមែន​ចំពោះតែ​កីឡាករ​កីឡាការិនី​នេះ​ប៉ុណ្ណោះ​ទេ សូម្បីតែ​កីឡាករ​កីឡាការិនី​ប្រមូលផ្តុំ​ជម្រើសជាតិ​ក៏មាន​ភាពយឺតយ៉ាវ​ដែរ​។ អាស្រ័យហេតុនេះ លោក​បានស្នើរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវមាន​យន្តការ​ច្បា​ល់លា​ស់​ក្នុង​ផ្តល់ដំណឹង ឬ​អាច​ផ្តល់ដំណឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការជួយ​ព​ន្លឿ​ន​កុំ​ឲ្យ​មាន​ភាពយឺតយ៉ាវ​បែបនេះ​។ ជាមួយគ្នានេះ​លោក​ក៏បាន​អបអរសាទរ​ដល់​កីឡាករ​កីឡាការិនី​ម្ចាស់​លា​ភី និង​ជំរុញ​ឲ្យ​កីឡាករ​ទាំងនេះ​ខិតខំ​ប្រឹងប្រែង​បន្ត ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​កាន់តែ​ច្រើនជាង​នេះ​។



​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​កីឡា វិញ្ញាសា​ដែល​ត្រូវ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​មាន​ចំនួន​៦​វិញ្ញាសា គឺ​ឈិន​ឡូ​ន​, បាល់ទាត់​, សី​ប៉ា​ក់តា​ក្រ​, វាយ​កូនឃ្លី​លើ​តុ​, ប៉េតង់ និង​វាយ​សី​។ ក្នុងនោះ​កីឡាករ​ឈិន​ឡូ​ន​ជើងឯក​អាស៊ី​មេដាយមាស​ទទួលបាន​១៦​លាន​រៀល​, មេដាយ​សំរឹទ្ធ​១១​លាន​រៀល និង​គ្រូបង្វឹក​ទទួលបាន​ប្រាក់រង្វាន់​ស្មើ​មេដាយមាស​។ ចំណែក​ព្រឹត្តិការណ៍ Mekong Gams កីឡាករ​មេដាយមាស​ទទួលបាន​៣​លាន​រៀល​, មេដាយប្រាក់​២​លាន​រៀល​, មេដាយ​សំរឹទ្ធ​១​លាន​រៀល និង​គ្រូបង្វឹក​ទទួលបាន​ស្មើ​មេដាយមាស និង​គ្រូ​ជំនួយ​៧០​ភាគរយ​មេដាយមាស​។ ស​រុ​រ​ប្រាក់រង្វាន់​ប្រមាណ​ជាជាង ៥០០​លាន​រៀល​៕









Tag:
 ហង់ ជួនណា​រ៉ុ​ន​
  ក្រសួង​ផ្តល់ប្រាក់​រង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com