ជាតិ
ស្ត្រីជន​ជាតិចិន​ម្នាក់​គ្រោះថ្នាក់​ពេល​កំពុង​ទស្សនា​រូត​បាកាណ​អង្គរវត្ត​
05, Aug 2016 , 10:15 am        
រូបភាព
​សៀមរាប​៖ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ភ្នាក់ងារ​ជួយសង្គ្រោះ​នៅ​តំបន់​អង្គរ បាន​សង្គ្រោះ​ភ្លាមៗ ក្រោ​ពេល​ស្ត្រី​រូបនោះ បាន​រអិល​ជើង​ធ្លាក់ចូល​ស្រះ​មួយ​នៅលើ​កំពូល​រូត​បាកាណ​នៃ​ប្រាសាទអង្គរវត្ត​។​



​ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៤ សីហា ដោយ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ទេសចរ​ជនជាតិ​ចិន​ម្នាក់ មាន​វ័យ​២៣​ឆ្នាំ​រងរបួស​ធ្ងន់​។ ប្រភពព័ត៌មាន​ពី​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ម្នាក់​នោះ​មានឈ្មោះ LI YUE នាង​បាន​រងរបួស​នៅត្រង់​ចង្កេះ ត្រចៀក និង​ក្បាល​។

​យ៉ាងណាក៏ដោយ​សារព័ត៌មាន​លម្អិត​ពី​ស្ថានភាព​ជំងឺ និង​ការវិវត្តន៍​ថ្មីៗ​របស់​ជនរងគ្រោះ នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រាន់តែ​បញ្ជាក់ថា នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​មានការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។

​គួររម្លឹកថា ទីតាំង​ដែល​ភ្ញៀវទេសចរ​ខាងលើ ដែល​ទំនង​រអិល​ជើង​ធ្លាក់ចូល​ស្រះ​នៅ​រូត​បាកាណ​នោះ មាន​កម្ពស់ ១,៣០​ម៉ែត្រ ស្ថិតនៅ​ខាងត្បូង​ឈាង​ខាងកើត​។ នេះ​មិនមែនជា​ករណី​ទីមួយ​ឡើយ ដែល​បាន​កើតមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​បែបនេះ​។ កន្លងមក​មាន​ភ្ញៀវទេសចរ​មួយចំនួន ធ្លាប់បាន​ដួល និង​រអិល​ជើង​ធ្លាក់​ពី​ទី​ខ្ពស់​នៅ​តំបន់​ប្រាសាទ ដោយសារតែ​ការមិន​ប្រុងប្រយ័ត្ន និង​ភាព​ទ្រុឌទ្រោម​របស់​ប្រាសាទ​ជាដើម​។​ល​៕


Tag:
 ​អង្គ​រវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com