បទយកការណ៍ / បទសម្ភាសន៍
យុវជន បញ្ញា គ្រោង​ស្នើ​ដាក់តាំង​គំនូរ លោក កែម ឡី ក្នុង​សារមន្ទីរ​ជាតិ​
06, Aug 2016 , 9:54 am        
រូបភាព
ដោយ:

​ជីវ​ព័ត៌មាន 
​ភ្នំពេញ​៖ លោក ប៊ួ បញ្ញា គឺជា​អ្នក​គូររូប​ដ៏​ធំ​មួយ​របស់លោក បណ្ឌិត កែម ឡី ដែល​បាន​លេចឡើង នៅក្នុង​ក្បួន​ដង្ហែ​សព​របស់លោក​កែម ឡី កាលពីពេល​កន្លងមក​។ គំនូរ​នេះ មាន​ទំហំ ២​ម៉ែត្រ​កន្លះ គុណ​នឹង​១.៧ ម៉ែត្រ ។ យុវជន​វ័យ​២៦​រូបនេះ  គ្រោង​ស្នើ​សារមន្ទីរ​ជាតិ ដើម្បី​ដាក់តាំង​រូបគំនូរ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ បញ្ញា គ្រោង​គូររូប​អំពី​សកម្មភាព​របស់ លោក កែម ឡី​ចំនួន​៤៥​ផ្ទាំង​បន្ថែមទៀត និង​ចង់​ឲ្យ​រដ្ឋាភិបាល​សង់​សារមន្ទី​រ​មួយទៀត ដែលមាន​ឈ្មោះ​លោក កែម ឡី ទៀតផង​។



​អ្នកតាមដាន​សារព័ត៌មាន ប្រហែលជា​មិនទាន់​ភ្លេច​ទេ រូបភាព​ការ​ដង្ហែ​សព លោក កែម ឡី ទៅកាន់​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ដែលមាន​ចូលរួម​ជាច្រើន​នាក់​នោះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរនោះ គឺ​ផ្ទាំងគំនូរ​ដ៏​ធំ​មួយ ដែលមាន​ទំហំ​២​ម៉ែត្រ​កន្លះ គុណ​នឹង​១.៧​ម៉ែត្រ ដែល​ដាក់​លើ​រថយន្ត​មួយគ្រឿង​នៅក្នុង​ក្បួន​ដង្ហែ​ដែរនោះ​។ គំនូរ​នេះ ត្រូវបាន​លោក ប៊ួ បញ្ញា ដែលជា​ម្ចាស់​ស្នាដៃ យកមក​ដាក់​តាំងនៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​១​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​នេះ​។ 


 
​និស្សិត​ឆ្នាំ​៥ ផ្នែក​អភិវឌ្ឍន៍ជនបទ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ប៊ួ បញ្ញា បាន​ដុសខាត់ ជំនាញ​គូររូប​របស់ខ្លួន បន្ទាប់ពី​គេ​បានទទួល​បានការ​បណ្តុះ​បណ្តាល​ផ្នែក​គំនូរ ពី​អង្គការ​កុមារ​មេគង្គ កាល​លោក​រៀន​ថ្នាក់​ទី​៥ នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ស្រុកកំណើត​។ យុវជន​វ័យ​២៦​ឆ្នាំ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​រូបនេះ ខ្ញុំ​គូរ​បន្ទាប់ពី លោក កែម ឡី​ស្លាប់​បាន​៥​ថ្ងៃ ខ្ញុំ​ផ្តើម​គូរ​ដើម្បី​ឲ្យ​ទាន់​ការ​ដង្ហែ​សព​របស់គាត់ ដែល​គេ​ប្រកាសថា ហែ​ទៅ​ខេត្តតាកែវ ក្នុង​ថ្ងៃបុណ្យ​៧​ថ្ងៃ​របស់គាត់ តែ​គម្រោង​បាន​ប្តូរ​វិញ​»​។ 
 
​បើតាម បួរ បញ្ញា រូបគេ​បាន​ចំណាយពេល​៣០​ម៉ោង ផ្ចិតផ្ចង់​គូរគំនូរ​មួយ​ផ្ទាំង​នេះ និង​ចំណាយ​ថវិកា​ប្រមាណ​១០០​ដុល្លារ ដែលជា​ថវិកា​ផ្ទាល់ខ្លួន​ខ្លះ និង​ពី​សប្បុរសជន​ខ្លះ​។ និស្សិត​រូបនេះ​បន្តថា គំនូរ​រូបលោក កែម ឡី ដែល​គេ​គូរ​នេះ គឺ​កើតឡើង​ចេញពី​ទឹកចិត្ត​ស្រឡាញ់ និង​គោរព ចំពោះ​លោក បណ្ឌិត កែម ឡី ដែល​យុវជន​រូបនេះ ចាត់ទុកថា​ជា​វីរបុរស​នៃ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​។  


 
​ព្រោះតែ​ស្រឡាញ់​ពី​វីរភាព​របស់ លោក កែម ឡី បញ្ញា បាន​អះអាងថា រូបគេ​គ្រោង​គូររូប​លោក កែម ឡី ចំនួន​៤៥​ផ្ទាំង​បន្ថែមទៀត ព្រមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​សង់​សារមន្ទី​រ​ជាតិ​មួយ​ដែលមាន​ឈ្មោះ លោក កែម ឡី​ទៀតផង ដើម្បី​ដាក់តាំង​គំនូរ​ទាំងនេះ​។ «​នៅពេល​បណ្ឌិត កែម ឡី មាន​អាយុ​៩០​ឆ្នាំ ខ្ញុំ​នឹង​ស្នើសុំ​សារមន្ទីរ​ជាតិ ឲ្យ​យក​គំនូរ​នេះ ទៅ​ដាក់​តាំងនៅ​ទីនោះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​គ្រប់គ្នា​បាន​ចងចាំ​ពី​វីរភាព​របស់គាត់​»​។ យុវជន​សម្បុរ​សណ្តែក​បាយ​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ មុននឹង​ពន្យល់​ពី​មូលហេតុ​បន្ថែមថា ការដែល​លោក​មិន​ចង់​ស្នើសុំ​ទៅ​សារមន្ទីរ​ជាតិ​ភ្លាមៗ​បែបនេះ គឺ​លោក​ដឹង​ទុកជាមុន​ថា គេ​មិន​អនុញ្ញាត​នោះឡើយ​។​
 
​បញ្ញា បាន​ពន្យល់​ពី​មូល​ហេតុដែល​រូបគេ​ចង់​គូររូប​លោក កែម ឡី ៤៥​ផ្ទាំង​បន្ថែមទៀត យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ត្រង់​វីរភាព​របស់គាត់ ព្រោះ​ទោះបី​លោក​ដឹងថា គេ​នឹង​សម្លាញ់​គាត់​ក៏ដោយ ក៏​លោក​មិន​រាថយ​នោះទេ ទើប​ខ្ញុំ​ប្តេជ្ញាចិត្ត​គូរ​រូបគាត់​បន្ថែមទៀត ដើម្បី​ទុក​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​។ កម្រ​មាន​ណាស់ បញ្ញវន្ត​ដូច​គាត់​»​។ 


 
​និស្សិត​រូបនេះ សង្ឃឹមថា​រដ្ឋាភិបាល នឹង​យល់ព្រម​តាម​ការស្នើសុំ​របស់គេ ខណៈ​បញ្ញា អះអាងថា ការស្នើ​នេះ គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ខ្មែរ​៕ 
        

Tag:
 ​ប៊ួ បញ្ញា​
 ​កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com