ពីនេះ ពីនោះ
កូនប្រសា​ល្អ​គួរ​ធ្វើ​ទង្វើ​១០​យ៉ាង ដើម្បី​រស់នៅ​បាន​សុខ​ជាមួយ​ឪពុក​ម្តាយក្មេក
12, Aug 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ការរស់នៅ​ជាមួយ​ឪពុក​ម្តាយក្មេក មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេស ពីព្រោះ វា​ជាការ​រស់នៅ​បែប​ថ្មី ដែល​ខុសប្លែក​ពី​ការរស់នៅ​ជាមួយ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួនឯង​។ ទោះ​បុរស ឬ​ស្ត្រី​ក៏ដោយ ក្នុងនាម​ជា​កូនប្រសារ ត្រូវ​ហ៊ាន​ប្រឈម​នឹង​ការពិត ដែល​កើតមាន​នៅក្នុង​រង្វង់​គ្រួសារ និង​ត្រូវ​ព្យាយាម​អនុវត្តន៍​តាម​ក្រឹត្យក្រម​ដូចខាងក្រោម​៖  


 
១) កុំ​នាំ​ភ្លើង​ក្នុង​ចេញ​ក្រៅ​ផ្ទះ​៖ កុំ​និយាយដើម​ប្តី និយាយដើម​ម៉ែក្មេក ឪពុកក្មេក បើក​កកាយ​ហែកកេរ្តិ៍​ឲ្យ​គេ​ដឹង គេ​ឮ ក្រែង​ពាក្យ​នោះ​មិន​ស្ងប់ស្ងាត់​ឮ​ដល់​ត្រចៀក​គាត់ នាំ​កើតរឿង​អាក់អន់ចិត្ត​គ្នា​។  
២) កុំ​នាំ​ភ្លើង​ក្រៅ​ចូលក្នុង​ផ្ទះ​៖ ពេលឮ​គេ​និយាយ​ពី​ប្តី ឬ​ម៉ែ​ឪពុកក្មេក ឬ​ក្រុមគ្រួសារ កុំ​សូវ​ប៉ិន​យក​ត្រចៀក​ស្តាប់ កុំ​ធ្វើជា​អ្នក​នាំសារ​ពី​អ្នកនេះ ទៅប្រាប់​អ្នកនោះ ចាក់​គាត់​ឲ្យ​លោត ឲ្យ​ឆេះ​ឡើង ជួនកាល គេ​ស្អប់​យើង គេ​ចង់​បំបែកបំបាក់​ក៏​អាច​ថា​បាន​។ 
៣) ឲ្យ​ដល់​អ្នក​ដែល​គួរ​ឲ្យ​៖ បើ​ខ្ចី​ហើយ​សង​វិញ យើង​គួរ​ឲ្យ​ខ្ចី មិនត្រូវ​ចិត្តអាក្រក់​ពេក​ទេ ងាយស្រួល​ដល់ពេល យើង​ខ្វះខាត យើង​អាច​ខ្ចី​គេ​វិញ​។ 
៤) មិន​ឲ្យ​ដល់​អ្នក​មិនគួរ​ឲ្យ​៖ អ្នក​ខ្ចី​បំបាត់ ស៊ីដាច់ កុំ​ឲ្យ​ខ្ចី មិន​ឈ្មោះថា​ចិត្តអាក្រក់​ទេ តែ​មានន័យថា យើង​ចេះ​ការពារ​ទ្រព្យ​។ 
៥) ឲ្យ​ដល់​អ្នក​គួរ​ឲ្យ​៖ សាច់ញាតិ អ្នកជិតខាង មិត្តភក្តិ​ណា​ដែល​ក្រី​ក្រលំបាក​តោកយ៉ាក​មករក​ខ្ចី​យើង បើ​មានលទ្ធភាព​ឲ្យ​គាត់​យក​តែម្តងទៅ កុំ​ចង់បាន​ពី​គាត់​វិញ​អី​។ 
៦) ចេះ​អង្គុយ​៖ អង្គុយ​ដឹង​ខ្ពស់​ទាប មើល​ម៉ែ មើល​ឪ មើល​ប្តី​…
៧) ចេះ​បរិភោគ​៖ កុំ​ហូប​មុន​ប្តី បើ​នៅ​ជាមួយ​ម៉ែឪ ត្រូវ​រៀបចំ​ទុក្ខ​ជូន​គាត់​ឲ្យ​ហើយ​…
៨) ចេះ​ដេក​៖ មុន​ដេក​ត្រូវ​រៀបចំ​ទុកដាក់​របស់របរ​ឲ្យ​មាន​របៀបរៀបរយ​សិន កុំ​ចូលដេក​មុន​ម៉ែឪ ឬ​មុន​ប្តី​។ ក្រោក​ឡើង​ប្រញាប់ប្រញាល់ កុំ​ដេក​ស្ពឹក​ឲ្យ​ប្តី​ដាស់​។​
៩) ចេះ​បម្រើភ្លើង ៖ ភ្លើង​បើ​មិនចេះ​ប្រើ អាច​ឆេះ​ផ្ទះ តែបើ​ចេះ​ប្រើ គឺអាច​ដាំបាយ​បាន​ហូប​។ ចំណែក ភ្លើង​ចិត្ត​វិញ គួរ​ផ្គាប់ចិត្ត ដឹង​ទុក្ខ​ធុរៈ យកចិត្ត​ចំពោះ​ស្វាមី​កុំ​ព្រងើយកន្តើយ​។ 
១០) នមស្ការ​ទេ​តា​ក្នុងផ្ទះ​៖ ទេវតា​នៅទីនេះ គឺ​ចង់​សំដៅ​ដល់​ឪពុកម្តាយ ដែល​ត្រូវគោរព និង​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់​។​
 
​ប្រភព​៖«​យល់ដឹង​អំពី​ជីវិត​អាពាហ៍ពិពាហ៍​»​រៀបរៀង ដោយ ភិក្ខុ គូ សុភាព  
 
 

Tag:
 គូ សុភាព​
 ​កូនប្រសា​ល្អ
© រក្សាសិទ្ធិដោយ thmeythmey.com