ពីនេះ ពីនោះ
«អ្នកស្នេហា»ការជិះកង់ត្រូវការ ការគោរពពីអ្នកជិះម៉ូតូ និងរថយន្ត!
× កាលពីពេលមុន បុគ្គលមួយចំនួនគិតថា ជិះកង់ គឺក្រ។ ក្រហ្នឹងហើយទើបជិះកង់។ តែការគិតនេះមិនត្រូវទៀតឡើយនាពេលបច្ចុប្បន្ននេះ។ នាសម័យកាលនេះ ការជិះកង់ គឺជារឿងទាន់សម័យ និងជាការហាត់ប្រាណថែទាំសុខភាព។
អ្នកជិះកង់ គិតថា ជិះកង់កាត់បន្ថយចំណាយ, កាត់បន្ថយការបំពុលបរិស្ថាន និងជាទង្វើហាត់ប្រាណជួយថែសុខភាពដើម្បីអាចរស់រានមានជីវិតតទៅមុខវែងឆ្ងាយទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្នកជិះកង់ដើម្បសុខភាព កាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មិនថាក្មេង ឬចាស់ទេ ពួកគេចង់ជិះកង់គ្រប់ទីកន្លែង មិនថា ក្នុងក្រុង ឬក្រៅក្រុងទេ។ ប៉ុន្តែ អ្វីដែលអ្នកជិះកង់បារម្ភ គឺនៅត្រង់ថា ពួកគេគ្មានទីតាំងពិតប្រាកដនៅលើទ្រូងផ្លូវសម្រាប់ពួកគេ។ បច្ចុប្បន្ននេះ ទីតាំងអ្នកជិះកង់ លាយឡំជាមួយអ្នកជិះម៉ូតូ វាគឺជាប្រការដែលធ្វើឲ្យអ្នកជិះកង់ព្រួយបារម្ភពីសុវត្ថិភាពនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។
ក្រៅពីគ្មានទីតាំងជិះពិតប្រាកដ អ្នកជិះកង់ទាំងឡាយអំពាវនាវឲ្យអ្នកជិះម៉ូតូ និងជិះរថយន្តមេត្តាគោរព និងផ្តល់អាទិភាពដល់អ្នកជិះកង់ផង។ អ្នកជិះកង់គ្រប់គ្នា តែងមានអារម្មណ៍ និងមានគំនិតចង់បង្កើត«ទិវាជិះកង់»សម្រាប់បុគ្គលម្នាក់ៗក្នុងមួយសប្តាហ៍ មានន័យថា បុគ្គលម្នាក់ ជំនួសឲ្យការជិះម៉ូតូ ឬជិះឡាន ត្រូវជិះកង់មួយថ្ងៃ ក្នុងមួយសប្តាហ៍។ ការធ្វើយ៉ាងនេះ នឹងរួមចំណែកកាត់បន្ថយការចំណាយ, កាត់បន្ថយការបំពុលបរិស្ថាន និងជាការហាត់ប្រាណដើម្បីសុខភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com