ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ថា​ភ្ញៀវទេសចរ​គាំទ្រ​ឲ្យ​កម្ពុជា​ដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​
07, Aug 2016 , 12:22 pm        
រូបភាព
 
​សៀមរាប​៖ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គ្រឹះស្ថាន​អង្គរ ទើបនឹង​ប្រកាស​ពី​គោលការណ៍​ថ្មី ដែល​សម្រេច​ដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាលពី​ថ្ងៃទី​៥ សីហា​កន្លងទៅ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មានមតិ​ផ្ទុយគ្នា ដោយ​អ្នកខ្លះ​ថា តម្លៃ​៣៧​ដុល្លារ ដែល​ទើបនឹង​ដំឡើង វា​ហាក់ដូចជា​ថ្លៃ​បន្តិច ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អះអាងថា មាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន គាំទ្រ​ក្នុង​គោលការណ៍​ថ្មី​នេះ​។​

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៧ សីហា​នេះ​ថា ក្រសួង​បាន​សិក្សា​ច្បាស់លាស់ និង​បាន​សិក្សា​ជាច្រើន​ឆ្នាំ​មកហើយ លើ​គោលការណ៍​ថ្មី​នៃ​ការដំឡើងថ្លៃ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ លោក​បន្តថា តាម​ការសិក្សា និង​សួរ​យោបល់​ពី​សំណាក់​ភ្ញៀវទេសចរ​នៅតាម​ព្រលានយន្តហោះ ភ្ញៀវទេសចរ​ច្រើន​បាន​សរសើរ​ថា ប្រាសាទអង្គរវត្ត​ពិត​វត្ថុ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក​។​
 
«…​ទីភ្នាក់ងារ​ទេសចរណ៍​ធំៗ ក៏​គេ​ប្រាប់​យើង​ថា ថ្លៃ​យើង​ថោក​ណាស់​។ ហើយ​យើង​ប្រៀបធៀប​ទៅ​ពិភពលោក ខ្លះ​ប្រាសាទ​តែមួយ​ទេ ថ្លៃ​៨០​ដុល្លារ​...»​។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ដូច្នេះហើយ ក៏បន្ថែមយ៉ាងនេះថា​៖«...​ភាព​អច្ឆរិយៈ​របស់​យើង កាន់តែ​ត្រូវបាន​គេ​ផ្សព្វផ្សាយ ដូច្នេះ​ផលិតផល​របស់​យើង​កាន់តែ​ល្អ​។ យើង​មាន​របស់​មួយ ដែល​ពីមួយ​ថ្ងៃទី​មួយថ្ងៃ កាន់​តែមាន​គុណភាព ដូច្នេះ​លក់​របស់​ល្អ ដែលមាន​គុណភាព គេ​មិន​ថា​ថ្លៃ​ទេ​»​។​
 
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ពន្យល់​បន្ថែម​លើ​តម្លៃ​នេះ​ថា សម្រាប់​៣៧​ដុល្លារ​បច្ចុប្បន្ន វា​ស្មើនឹង​តម្លៃ​២០​ដុល្លារ​កាលពី​ឆ្នាំ​៩៤ ដែល​សព្វថ្ងៃ គ្រប់​តម្លៃ​ទំនិញ​ទាំងអស់​នៅលើ​ទីផ្សារ មានតម្លៃ​ថ្លៃ​។ 
 
​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​យល់ថា ការដំឡើងថ្លៃ​សំបុត្រ​អង្គរ ហាក់​មិន​ស៊ីគ្នា​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​។ លោក រស់ សណ្តាន ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ជនជាតិខ្មែរ​និយាយ​ភ​សា​រុស្ស៊ី ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដំឡើង​តម្លៃ​នេះ អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ខ្មែរ ដែល​លោក​មើលឃើញថា ហាក់​មិនសូវ​ល្អ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​
 
​ផ្ទុយ​ពីនេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប បែរ​យល់ថា មិនសូវ​ជា​ថ្លៃ​នោះទេ​។ លោក ផាវ ព្រឿ​ន ពន្យល់ថា បើ​ធៀប​នឹង​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស​ក្បែរ​ខាង គឺ​តម្លៃ​នេះ អាច​ទទួលយកបាន ហើយ​លោក​សុំ​ឲ្យ​មាន​សេចក្តីជូនដំណឹង​មុន​ការអនុវត្ត​ជាក់ស្តែង​រយៈពេល​មួយឆ្នាំ​ឡើង ដើម្បី​ងាយស្រួល​ដល់ទី​ភ្នាក់ងារ​ទេសចរណ៍​ធ្វើការ​ផ្សព្វផ្សាយ​។​
 
​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​អង្គរ​របស់​រាជ​រដ្ឋាភិបាល បានប្រកាស​ពី​តម្លៃ​ថ្មី​។ តម្លៃ​ថ្មី គឺ​សម្រាប់​សំបុត្រ​ទស្សនា​មួយថ្ងៃ ឡើង​ពី​២០​ទៅ​៣៧​ដុល្លារ សម្រាប់​៣​ថ្ងៃ​ឡើង​ពី​៤០ ទៅ​៦២​ដុល្លារ និង​សម្រាប់​១​សប្តាហ៍​ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ​។ រាល់​សំបុត្រ​ទាំងអស់ គឺ​រដ្ឋាភិបាល​បាន​កាត់​២​ដុល្លារ សម្រាប់​បង់​ចូលក្នុង​មូលនិធិ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយមាន​បញ្ជាក់​ច្បាស់​នៅ​ខាងក្រោយ​ខ្នងសំបុត្រ​។ គោលការណ៍​ថ្មី​នេះ នឹង​អនុវត្តន៍​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​តទៅ​៕
 
​សូម​ស្តាប់​ប្រសាសន៍​លោក ថោង ខុន ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដូចតទៅ​








 
 
 

Tag:
 ថោង ខុន
 
© រក្សាសិទ្ធិដោយ thmeythmey.com