បំណុល​មិនអាក្រក់​ទេ តែ​កូនបំណុល​ត្រូវតែ​ដឹង​ច្បាស់​ថា តើ​អ្វី​ជា​ចំណង​នៃ​បំណុល​?
បទវិភាគ
សេដ្ឋកិច្ច
បំណុល​មិនអាក្រក់​ទេ តែ​កូនបំណុល​ត្រូវតែ​ដឹង​ច្បាស់​ថា តើ​អ្វី​ជា​ចំណង​នៃ​បំណុល​?
31, Mar 2019 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ រហូតមកដល់​ឆ្នាំ​២០១៩នេះ គេ​ពិតជា​មិនអាច​មិន​ទទួលស្គាល់ថា ប្រទេស​កម្ពុជា​​មានការ​រីកចម្រើន​បានឡើយ​។ ភស្តុតាង​ជាច្រើន​បង្ហាញថា ប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​ឆ្ពោះទៅរក​ការរីកចម្រើន ជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​របស់​រដ្ឋ​និង​ឯកជន ដូចជា អគារ​សាធារណៈ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារ​របស់​ក្រសួង ស្ថាប័នរដ្ឋ​ដទៃទៀត អគារ​ពាណិជ្ជកម្ម​ឯកជន សំណង់​លំនៅស្ថាន​ឯកជន មធ្យោបាយ​ធ្វើដំណើរ មធ្យោបាយ​ដឹកជញ្ជូន និង​សម្ភារៈប្រើប្រាស់​ដទៃទៀត ដែល​ពោ​ពេញ​ដោយ​ភាពទំនើប​និង​ប្រណីត ជាដើម​។ ក្រៅពីនេះ មាន​សេវា​ផ្សេងៗ ដូចជា សេវាសាធារណៈ សេវា​ដឹកជញ្ជូន សេវា​សុខាភិបាល សេវា​រដ្ឋបាល វិស័យ​ធនាគារ និង មីក្រូ​ហិរ​ញ្ញ​វត្ថុ ជាដើម ក៏​កំពុងមាន​ការរីកចម្រើន​ដែរ​។ បើទោះបីជា​នៅមាន​ប្រជាព​រដ្ឋ​ខ្មែរ​មួយចំនួន​មាន​ជីវភាព​ក្រីក្រ​ក៏ដោយ ក៏​របៀប​រស់នៅ​របស់​ពួកគេ​បានទទួល​ឥទ្ធិពល​ពី​ភាពទំនើប​នៃ​សង្គម​បច្ចុប្បន្ន ហើយ​ពួកគេ​ក៏​ខិតខំ​ប្រឹងប្រែង​រស់នៅ​តាម​របៀប​ទំនើប​នេះដែរ​។ ទន្ទឹមនឹង​ការរីកចម្រើន​និង​ការរស់នៅ​បែប​ទំនើប​នេះ គេ​ក៏​សង្កេតឃើញថា មាន​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​ជំពាក់​ប​ណុល​គេ​។ តើ​មាន​ហេតុផល​អ្វីខ្លះ​នៅ​ពីក្រោយ​ការ​ជំពាក់​បំណុល​គេ​នេះ​?


បរិបទ​នៃ​ការរីកចម្រើន​របស់​ពិភពលោក​ទាំង​ផ្នែក​សម្ភារ និង​ស្មារតី បាន​ជំរុញ​ឱ្យ​មនុស្ស​ផ្លាស់ប្ដូរ​ការគិត ការសម្រេចចិត្ត ឥរិយាបថ ការប្រកបមុខរបរ និង​របៀប​រស់នៅ   ​រប​ស់​​ខ្លួន​។ សម័យកាល​បច្ចុប្បន្ន ត្រូវបាន​គេ​ចាត់ទុកថា​ជា​សម័យកាល​សាកលភាវូបនីយកម្ម ដែលមាន​លំហូ​រប្រពៃណី ទំនៀមទម្លាប់ ភាសា វប្បធម៌ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ នយោបាយ សេដ្ឋកិច្ច​...​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ជាពិសេស ពី​ប្រទេស​ខ្លាំង​ទៅ​ប្រទេស​ខ្សោយ ពី​ប្រទេស​អ្នកមាន​ទៅ​ប្រទេស​អ្នកក្រ​។  
  
​ស្ថិតក្នុង​សម័យកាល​នេះ ការប្រកួតប្រជែង​ខាង​វប្បធម៌ មុខរបរ ពាណិជ្ជកម្ម សេដ្ឋកិច្ច សម្ភារ ប្រណីតភាព ការអភិវឌ្ឍ នយោបាយ និង យោធា​...​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​។ ជាទូទៅ ក្នុងការ​ប្រកួតប្រជែង​នេះ អ្នក​ពូកែ អ្នក​ឆ្លាត អ្នកខ្លាំង អ្នកមាន​បទពិសោធន៍​ច្រើន គឺជា​អ្នកឈ្នះ និង​ជា​អ្នកទទួលផល​ប្រយោជន៍​ច្រើនជាង​។ ឯ​អ្នកខ្សោយ អ្នក​ល្ងង់ និង អ្នក​គ្មាន​បទពិសោធ​ន៍ច្រើន​ក្នុងការ​ប្រកួតប្រជែង ដូចជា អ្នក​គ្មាន​បទពិសោធ​ន៍ក្នុង​ប្រើប្រាស់​ប្រាក់កម្ចី ជាដើម បានក្លាយ​ទៅជា​អ្នកទទួលបាន​ប្រយោជន៍​តិចតួច ក្លាយជា​អ្នកចាញ់ និង ជា​អ្នករងគ្រោះ​។​
 
​តាមពិតទៅនៅលើ​ពិភពលោក ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ទាំង​ប្រទេស​អ្នកមាន និង​ទាំង​ប្រទេស​អ្នកក្រ​ភាគច្រើន សុទ្ធតែ​ជាប់បំណុលគេ​ដូចគ្នា សូម្បីតែ​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​អ្នកមាន ​និង​ជា​មហាអំណាច​ដ៏​ធំ​ក៏ដោយ ក៏​ជំពាក់​បំណុល​របស់គេ​ដែរ​។ យ៉ាងណាមិញ ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍នោះ ក៏​ជំពាក់​បំណុល​គេ​មិនតិច​ដែរ​។​
 
​ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ទទួលរ​ង​ឥទ្ធិពល​សាកលភាវូបនីយកម្ម ដែល​ត្រូវតែ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង និង​ការទទួលយក​ការរស់នៅ​បែប​ទំនើប​ ទាំង​មិនទាន់បាន​តៀម​ខ្លួន​រួចរាល់​នោះ ក៏​កំពុងតែ​ជួប​បញ្ហា​ជាច្រើន​ដែរ​។ បញ្ហា​ទាំងនោះ​រួមមាន​ដូចជា កង្វះ​បច្ចេកទេស​ក្នុង​ដំណើរ​ផលិតកម្ម គុណភាព​ផលិតផល​ ឬ​ទំនិញ​មាន​កម្រិត គុណភាព​សេវា​មាន​កម្រិត កង្វះ​ទីផ្សារ កង្វះ​ព័ត៌មាន និង ជាពិសេស គឺ​កង្វះ​ដើមទុន ទាំង​កម្រិត​ក្រុមហ៊ុន និង​បុគ្គល​។     
 
​កង្វះខាត​ទាំងនេះ រួមផ្សំ​ជាមួយ​តម្រូវការ​ក្នុងការ​ប្រកួតប្រជែង និង​ការរស់នៅ​បែប​ទំនើប​ផង​នោះ វា​បាន​បង្កលក្ខណៈ​ងាយស្រួល ឆ្លើយតប​ទៅនឹង​កម្លាំង​ស្រូប​ទាញ​របស់​វិស័យ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ស្វែងរក​អតិថិ​ន​ជន ដើម្បី​ប្រើប្រាស់​ឥណទាន​របស់ខ្លួន​ ក្នុង​បំណង​ពង្រីក​ប្រាក់ចំណេញ​។ ការទទួលយក​ឥណទាន ឬ ប្រាក់កម្ចី​មិនមែនជា​រឿង​អាក្រក់​ទេ សំខាន់ គឺថា តើ​អ្នកទទួលបាន​ប្រាក់កម្ចី​នោះ​ចេះ​ប្រើប្រាស់​វា ​ឬ​អត់​។ ប្រសិនបើ​អ្នកទទួលបាន​ប្រាក់កម្ចី​នោះ យក​ឥណទាន​ទៅជា​ធ្វើជា​ដើមទុន​ក្នុងការ​រកស៊ី ហើយ​មុខរបរ​របស់ខ្លួន​ទទួលបាន​ជោគជ័យ គេ​នឹង​មើលឃើញថា ប្រាក់កម្ចី​នោះ​មាន​ប្រយោជន៍​ចំពោះ​គេ ហើយ​គេ​អាចមាន​លទ្ធភាព​បង្វិលប្រាក់​សង​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ​វិញ ដោយ​គ្មាន​បញ្ហា​។ 
 
​ផ្ទុយទៅវិញ ប្រសិនបើ​អ្នកទទួលបាន​ប្រាក់កម្ចី​នោះ មិនបាន​យក​ឥណទាន​ទៅជា​ធ្វើជា​ដើមទុន​ក្នុងការ​រកស៊ី​ទេ គឺ​គាត់​យកទៅ​ទិញ​របស់​ប្រើប្រាស់​ផ្សេងៗ ដូចជា សម្ភារ​ទំនើប ឬ​រថយន្ត ជាដើម ឬ​យកទៅ​ធ្វើជា​ដើមទុន​រក​ស៊ី​ដែរ តែ​ត្រូវ​ខាង​បង់​ដោយ​ប្រកា​ណាមួយ គេ​នឹងត្រូវ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ រឹបអូស​យក​ផ្ទះសម្បែង ឬ​ដីធ្លី ដើម្បី​ទូទាត់​សងបំណុល​ដែល​ខ្លួន​ជំពាក់​តាម​កិច្ចសន្យា​។​
 
​តាមពិតទៅ ការ​ជំពាក់​បំណុល​គេ​មិនមែនជា​រឿង​ចម្លែក​ទេ​ សម្រាប់​បរិបទ​ពិភពលោក​បច្ចុប្បន្ន រួមទាំង​កម្ពុជា​ផងដែរ ប៉ុន្តែ កូនបំណុល​ត្រូវតែ​ដឹង​ច្បាស់​ថា តើ​អ្វី​ជា​ចំណង​នៃ​បំណុល តើ​ត្រូវយក​បំណុល​ទៅធ្វើ​អ្វី និងថា​តើ​ខ្លួន​មានលទ្ធភាព​គ្រប់​សម្រាប់​សងបំណុល​គេ​ដែរឬទេ​។ បើ​មិន​ដូចនេះ​ទេ កូនបំណុល​ នឹង​ប្រឈមមុខ​ជាមួយបញ្ហា​ជាច្រើន ដូចជា ត្រូវអស់​ផ្ទះសម្បែង ដីធ្លី របស់​អ្វីមួយ ឬ​ប្រ​ឈ​មុខ​នឹង​ផ្លូវច្បាប់ជាដើម​៕    

Tag:
 បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com