ពីនេះ ពីនោះ
អ្នកទីក្រុង​និង​ជនបទ​មាន​ចំណុច​ដូចគ្នា​គឺ​ចង់បាន​ក្ដី​សុខ និង​សុភមង្គល​
09, Aug 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ខំប្រឹង​សព្វថ្ងៃ​ទាំង​ការបង្ហាញ​ជា​ទស្សនៈ គំនិត យោបល់ ធ្វើ​សកម្មភាព​ដោយផ្ទាល់ ទាំង​ការងារ​ផ្ទាល់ខ្លួន រហូតដល់​ការងារ​ជាតិ ពី​ប្រជាជន រហូតដល់​មន្ត្រី ថ្នាក់ដឹកនាំ គឺ​ក្នុង​គោលដៅ​ចង់បាន​សេចក្ដីសុខ និង​សុភមង្គល​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមមនុស្ស​ទូទៅ​។  ចំណុច​នេះហើយ​គឺជា​កត្តា​ដដែល​មួយ​ដែល​មនុស្ស​ទូទៅ​មិន​ត្រូវធ្វើ​ឲ្យ​អ្នកដទៃ​លំបាក ដើម្បី​បំពេញ​សេចក្ដីសុខ និង​សុភមង្គល​ផ្ទាល់ខ្លួន​។​



​ការអភិវឌ្ឍ គឺ​ធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​ប្រជាជន នៅ​ថ្នាក់​មាន​មូលដ្ឋាន​មាន​ជីវភាព​ល្អប្រសើ នោះ​គឺជា​គោលដៅ​ស្វែងរក​សុខ​ជូន​ប្រជាជន​។  ការពង្រឹង​បង្កើន​ធនធានមនុស្ស​ក្នុងសង្គម ក្នុង​គោលដៅ​ឲ្យ​ប្រជាជនមាន​ការយល់ដឹង​ច្រើន​ដើម្បី​មាន​សមត្ថភាព​ចេះ​បែងចែក​ផ្លូវ​ជីវិត​ក្នុង​ផ្លូវត្រូវ ដោយ​ប្រើ​បញ្ញា​សុច្ចរិត​។ ការរៀបចំ​ឲ្យ​មាន​សុវត្ថិភាព​ភូមិ ឃុំ រហូតដល់​ថ្នាក់ជាតិ គឺ​គោលដៅ​ឲ្យ​ប្រជាជន​រស់នៅក្នុង​សភាព​ស្ងប់ចិត្ត ស្ងប់​អារម្មណ៍​។​

​ការលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ដើម្បី​ឲ្យ​គ្រួសារ​ទទួលបាន​ប្រាក់ចំណូល តាមរយៈ​ការងារ កសិកម្ម​ក្ដី សិប្បកម្ម​ក្ដី ឧស្សាហកម្ម​ក្ដី ជា​អាជីវករ​ក្ដី ពាណិជ្ជករ​ក្ដី គឺ​យកប្រាក់​មួយចំណែក ធំ ទៅ​បម្រើ​កិច្ចការ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ បំពេញតម្រូវការ​ផ្នែក​អារម្មណ៍ និង​តម្រូវការ​ដោយផ្ទាល់​ក្នុង​ជីវិត  គឺ​សុទ្ធតែ​ចង់បាន​សេចក្ដីសុខ​ផ្នែក​រាងកាយ និង​អារម្មណ៍​ទាំងអស់​។​

​នៅពេល​ក្រុមគ្រួសារ​បញ្ជូន​កូនចៅ ឲ្យ​ទៅ​រៀនសូត្រ ឲ្យ​បាន​ខ្ពង់ខ្ពស់ ជាការ​បង្កើត​ធនធានមនុស្ស​ដែលមាន​គំនិត យោបល់ ល្អៗ សម្បូរបែប នាំ​ឲ្យ​ការអនុវត្ត​ផែនការ​ជីវិត គ្រួសារ សង្គម ឲ្យ​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ កាត់បន្ថយ​ភាព អយុត្តិធម៌​សង្គម និង​អសីលធម៌​សង្គម នោះ​គឺ​គ្មានអ្វី​ក្រៅ​ស្វែងរក​សេចក្ដីសុខ និង​សុភមង្គល​នោះដែរ ។ ហេតុនេះហើយ​ដែល​សាលា វត្ត​អារាម ក្នុងនាម​ជា​កន្លែង​រៀបចំ​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ចំណេះដឹង សីលធម៌ គុណធម៌ សមត្ថភាព ដល់​ប្រជាជន​ត្រូវបំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បានល្អ​។​

​សុវត្ថិភាព​ភូមិ ឃុំ ប្រទេស តាមរយៈ​ការអនុវត្ត​ច្បាប់ គោរព​ច្បាប់ លុបបំបាត់​អំពើហិង្សា ឆក់​ភ្ល​ន់ ជិះជាន់ គៀបសង្កត់ បក្ខពួក ល្បែង​ពាលា ការជេរប្រមាថ ហើយ​ផ្តល់នូវ​ភាពយុត្តិធម៌​ជូន​សង្គម សន្តិសុខ ទំនុក​ទុកចិត្ត ភាពកក់ក្តៅ ជូន​ប្រជាពលរដ្ឋ ទាំងនេះ​ជា​កិច្ចការ​ថ្នាក់ដឹកនាំ  ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ដើម្បី​សេចក្តីសុខ សុវត្ថិភាព​ខ្លួនឯង និង​សង្គម​។​

​ជារួម​ទៅ គេ​មើលឃើញ​យ៉ាងច្បាស់​ថា ការខិតខំ​ប្រឹងប្រែង ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច តស៊ូ​ជ​ម្នេះ​ដើម្បី​បាន​ចំណេះ អនុវត្ត​ច្បាប់​និង​គោរព​ច្បាប់ ក្នុង​គោលបំណង​អ្វី​? ចម្លើយ​ហាក់​គ្មានអ្វី​ឲ្យ​លើសពី​ចង់បាន​សេចក្ដីសុខ និង​សុភមង្គល ទាំង​ក្នុង​គោលបំណង​ជា​លក្ខណៈ​ឯកជន បំណង​រួម និង​បំណង​ជាតិ​។ កត្តា​នេះ ទាំង​ប្រជាជន​ស្រុកស្រែ​ចំការ ទីប្រជុំជន ទីក្រុង អ្នកមាន​អ្នកក្រ​...​អ្នកណា​មិន​ចង់បាន​សេចក្ដីសុខ និង​សុភមង្គល​?​អ្វីដែល​ខុស​គឺ នៅត្រង់​លទ្ធភាព​អាច​ទៅយក​សេចក្ដីសុខ និង​សុភមង្គល​តែប៉ុណ្ណោះ​។ បើ​បែបនេះ គួរ​ណាស់ គ្រប់​មនុស្ស​ទាំងអស់ ត្រូវដាក់​ចិត្ត​ផ្សាយ​សេចក្ដី​ល្អ​ឲ្យ​បាន​ច្រើន​ទៅ​។ ក្នុងនោះ​ដើម្បី​ឲ្យ​ទទួលបាន គឺ ត្រូវ​ការចូល រួមទាំង​រាស្ត្រ ទាំង​រដ្ឋ ទាំង​មធ្យោបាយ ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត ដើម្បី​រៀបចំ សង្គម​។​


© រក្សាសិទ្ធិដោយ thmeythmey.com