ជាតិ
មេដឹកនាំ​CPP និង​CNRP អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
08, Aug 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​០១ ខែកញ្ញា​ឆ្នាំ​២០១៦​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ដំណើរការ​រៀបចំ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត ឃុំ​-​សង្កាត់ នៅ​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត ដែល​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​៣​ខែ​។ មុន​ការចុះឈ្មោះ​បោះឆ្នោត​មកដល់​នេះ មេដឹកនាំ​គណបក្សនយោបាយ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប នាំគ្នា​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដែល​ខ្លួន​ពេញចិត្ត​។​



​ថ្លែង​ក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​កោះធំ ឆ្លងកាត់​ទន្លេបាសាក់ នៅ​ខេត្តកណ្តាល​ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រៀមខ្លួន ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​០១ កញ្ញា ខាងមុខនេះ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​ថា ពួកគេ​មិនចាំបាច់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ទីកន្លែង​កំណើត​របស់​ពួកគេ​ឡើយ ពោលគឺ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ ហើយ​មក​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង ឬ​ទីកន្លែង​ផ្សេងៗ​ទៀត​នោះ ពួកគេ​អាចមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ជិត​កន្លែង​ដែល​ពួកគេ​រស់នៅ និង​ធ្វើការ​នោះបាន ដោយ​មិនចាំបាច់​វិល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទីកន្លែង​ដូច​មុន​ឡើយ​។​

​ទន្ទឹមនឹង​ការជំរុញ​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​នេះ សម្ដេច ហ៊ុន សែន ក៏បាន​រំ​ឮ​ក​ជាថ្មី​ឲ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន​ ដែល​គ្រប់គ្រង​លើអត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ រួសរាន់​យក​អត្ត​សញ្ញាប័ណ្ណ​ចែកជូន​ពលរដ្ឋ ដោយ​មិនត្រូវ​បំពេញការងារ​យឺតយ៉ាវ​ឡើយ​។​

​កន្លងមក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា​ដែរ​។ ប្រធានស្តីទី​បក្សប្រឆាំង​ដែល​កំពុង​ឃុំខ្លួន​ឯង​នៅ​ទីស្នាក់ការ​គណបក្ស​រូបនេះ ក៏បាន​បង្គាប់​ឲ្យ​មន្ត្រី​តាម​មូលដ្ឋាន ចុះ​ជំរុញ​ប្រជាពលរដ្ឋ ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ត្រៀមខ្លួន​ចុះឈ្មោះ​បោះឆ្នោត​។ ក្រៅពី​ឯកឧត្តម កឹម សុខា ក៏បាន​ដាក់​លិខិតស្នើ​ឲ្យ គ​.​ជ​.​ប រៀបចំ​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ​-​កម្ម​ការី​នី និង​ពលករ​ខ្មែរ​ទាំងអស់ អាច​ចុះឈ្មោះ​បោះឆ្នោត​បាន តាម​កន្លែង​ដែល​ពួកគេ​មានបំណង​បោះឆ្នោត។ ប៉ុន្ដែ​សំណើ​នេះ ​ត្រូវបាន​ប្រធាន គ​.​ជ​.​ប បដិសេធ​ ក្រោម​ហេតុផល ការចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ឈប់សម្រាក​ភ្ជុំបិណ្ឌ​នេះ វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​មន្ត្រីរាជការ​ ដែល​ត្រូវ​ឈប់សម្រាក​នៅ​ថ្ងៃ​បុណ្យជាតិ​។​

​តែ​យ៉ាងណា​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ជឿជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​ឃុំ សង្កាត់​ខាងមុខនេះ​ នឹង​អាច​ប្រព្រឹត្តិ​ទៅដោយ​រលូន​។ បើតាម​ប្រធាន​គ​.​ជ​.​ប​រូបនេះ ប្រសិនបើ​ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូច​ការគ្រោងទុក​មែន​នោះ គ​.​ជ​.​ប ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ ពី​៦០​ទៅ​៧០​ភាគរយ​រួចជាស្រេច​ហើយ ក្នុង​ការរៀបចំ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧​។ ហើយ គ​.​ជ​.​ប ត្រូវតែ​បន្ត​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧ ខាងមុខ​​៕


Tag:
 គជប​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com