ជាតិ
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ គុណភាព​យើង​ល្អ ខ្លាច​អី​ឡើងថ្លៃ​
09, Aug 2016 , 3:49 pm        
រូបភាព
​សៀមរាប​៖ ជាថ្មី​ម្តងទៀត រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅតែ​ការពារ និង​អះអាងថាគោលការណ៍ដំឡើងថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាន​អង្គរ មាន​ហេតុផល​សមស្រប។ តាម​ការបញ្ជាក់​របស់​លោក ថោង ខុន ភាព​អស្ចារ្យ​របស់​ប្រាង្គ​ប្រាសាទខ្មែរ ធ្វើ​ឲ្យ​បរទេស​ស្ញប់​ស្ញែ​ង និង​សរសើរ​ពេញៗ​មាត់ ហើយ​វា​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​។ លោក​បន្ថែមថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ផលិតផល​របស់​កម្ពុ​ជា (​ប្រាសាទអង្គរវត្ត​) កាន់តែ​មានគុណ​ភាពល្អ ហើយ​លោក​ថា មិន​ខ្លា​ចនឹង​ឡើងថ្លៃ​នោះដែរ​។​



​លោក ថោង ខុន បាន​ហៅ​ការលក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ថ្មី ថា​មិនមែនជា​ការដំឡើងថ្លៃ​ទេ តែ​វា​ជាការ​សម្រួល​តម្លៃ​។ តម្លៃ ដែល​លោក ថោង ខុន ពន្យល់ថា ២០​ដុល្លារ​កាលពី​ឆ្នាំ​៩៤ គឺ​វា​ស្មើនឹង ៣៥​ឫ​៣៧​ដុល្លារ នាពេល​បច្ចុប្បន្ន​នេះឯង ដោយសារ​ហាងឆេង​ដុល្លារ មានការ​ធ្លាក់​ថ្លៃ​។

​ឆ្លើយតប​នឹង​ការរិះគន់​ពី​ការដំឡើងថ្លៃ ពី​សំណាក់​មហាជន​មួយចំនួន លោក ថោង ខុន បញ្ជាក់ថា រាជរដ្ឋាភិបាល​បានធ្វើ​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់ និង​បាន​សិក្សា​តាមរយៈ​សួរ​យោបល់​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​។ ​ អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​ក្រសួងទេសចរណ៍ បាន​ធ្វើ​ការ​សិក្សា​រយៈពេល​៣ឆ្នាំ មុន​នឹង​​រដ្ឋាភិបាល​សម្រេច​ដំឡើងថ្លៃ​នៅពេលនេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ថោង ខុន​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គ្រឹះស្ថាន​អង្គរ បាន​ចុះផ្សាយ​ពី​គោលការណ៍​តម្លៃ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ថ្មី​។ ក្នុង​សេចក្តីសម្រេច ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ គឺ​តម្លៃ​សំបុត្រ​មួយថ្ងៃ សម្រាប់ភ្ញៀវបរទេស ឡើង​ពី​២០​ ទៅ​៣៧​ដុល្លារ សំបុត្រដែលមានសុពលភាព​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​សុពលភាព​មួយ​សប្តាហ៍ ឡើង​ពី​៦០ ​ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី​៥ សីហា​កន្លងទៅ ក៏បាន​បញ្ជាក់ដែរថា តម្លៃ​ទាំងអស់ នឹងត្រូវ​បង់​ចូលទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ ហើយ​វា​នឹងត្រូវ​ដាក់​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោយ​ខ្នងសំបុត្រ ដើម្បី​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​៕

​សូម​ស្តាប់​សំឡេង​លោក ថោង ខុន ទាក់ទង​នឹង​បញ្ហា​នេះ ដែល​លោក​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ សីហា នៅ​សាលាខេត្ត​សៀមរាប​ដូចតទៅ​






© រក្សាសិទ្ធិដោយ thmeythmey.com