ពីនេះ ពីនោះ
តើ​មាន​ពាក្យ​អ្វីខ្លះ បញ្ជាក់​ពី​ការ​វាស់​ពេលវេលា​តាមបែប​បុរាណ​?
11, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលដើមឡើយ ខ្មែរ​យើង​ពុំទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (​លម្អិត​ខ្លី​) ដូច​គ្រា​បច្ចុប្បន្ន​នេះឡើយ ។ ហេតុនេះ ចាស់​បុរាណ លោក​កំណត់ពេល​វែង​ខ្លី​តាមរយៈ​ការបង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅតែ​ប្រើ​រហូតមកទល់​សព្វថ្ងៃ​ផងដែរ​។ ពាក្យ​ទាំងនោះ​រួមមាន​ដូចជា ៖



១/. យាម​៖ ក្នុង ២៤ ម៉ោង លោក​ចែកជា ៦ ឬ ៨ យាម ក្នុង​មួយ​យាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅពេល​ថ្ងៃ​លិច ។ ក្នុង ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។​

២/. ខួប​៖ ការគិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅថា​មួយ​ខួប​គឺ​ត្រូវជា ១២ ខែ ។ ឧ​. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែមាឃ​..... លុះដល់​វិល​មួយ​ជុំ​ខួប​មកដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការរាប់​ឆ្នាំ​កំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធសករាជ​ឬ​គ្រិស្តសករាជ​ទេ គឺកំណត់​តាម​ឆ្នាំ​ទាំង ១២ គឺ ឆ្នាំជូត​, ឆ្លូវ​, ខាល​, ថោះ​, រោង​, ម្សាញ់​, មមី​, មមែ​, វក​, រកា​, ច​, កុរ ។ ក្នុង ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។​

៣/. មួយសន្ទុះ​៖ គឺជា​រយៈពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែលជា ១ ម៉ោង ។ ឧ​. ដើរ​បាន​មួយសន្ទុះ ក៏​ចូលដល់​ព្រៃធំ​មួយ​.... ។​

៤/. មួយ​បោក​៖ គឺជា​រយៈពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ​. ដេក​បាន​មួយ​បោក ភ្ញាក់ឡើង​ភ្លឺ​ល្មម ។

៥/. មួយ​បារី​៖ គឺជា​រយៈពេល​ប្រមាណ ១៥ នាទី ។ ឧ​. ច្រកថ្នាំ​ចំនួន​ពេល ១ បារី អ្នកជំងឺ​ក៏​ដឹងខ្លួន​វិញ ។​

៦/. មួយ​សាប​ស្លា​៖ រយៈពេល​ប្រហែល ២០ នាទី ។ ឧ​. ចម្ងាយ​ផ្លូវ​ពី​ភូមិ ធ្លក​ទ្រេត​ទៅ ឈើទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅដល់​ហើយ ។​

៧/. ចំណាំ​៖ ពេល ១ បារី គឺ​រយៈពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯ​ពេល ១ សាប​ស្លា គឺ​រយៈ​ពេលដែល​អ្នក​ស៊ី​ស្លា កំណត់ថា​ស្លា​សាប​អស់​រសជាតិ ត្រូវ​ខ្ជាក់​ចោល​កាក​ស្លា​ហើយ ។

៨/. មួយស្រឡេត​៖ គឺ​រយៈពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ​. ធ្មេច​មួយស្រឡេត​ទៅ ក៏​យល់សប្តិ​ឃើញ​ដំរី​ដេញ​... ។​

៩/. មួយ​ភ្លែត​៖ ស្មើនឹង​រយៈពេល ៥ នាទី ។ ឧ​. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែមួយ​ភ្លែត​នឹង​វិល​មកវិញហើយ ។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​. វេយ្យាករណ៍​


© រក្សាសិទ្ធិដោយ thmeythmey.com