ពីនេះ ពីនោះ
«​ដើរ​ឲ្យ​មាន​បី ស្ដី​ឲ្យ​មាន​បួន​» បង្កប់ន័យ​ដែល​អ្នកអាន​ភាគច្រើន​យល់​មិន​ដល់​
10, Aug 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សុភាសិត​ខ្មែរ​មួយ​ដែល​លើកឡើងថា​«​ដើរ​ឲ្យ​មាន​បី ស្ដី​ឲ្យ​មាន​បួន​» គឺជា​សុភាសិត​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកបកស្រាយ មិន​ហ៊ាន​អះអាងថា​ការបកស្រាយ​របស់ខ្លួន​មាន​ភាពត្រឹមត្រូវ​តាម​អត្ថន័យ​ដើម​នោះឡើយ​។ ចំពោះ​សុភាសិត​នេះ មានការ​បកស្រាយ​អត្ថន័យ​ផ្សេងៗ​គ្នា ប៉ុន្តែ​អ្នកបកស្រាយ​មិនអាច​ប្រាកដ​ក្នុង​ចិត្ត​ថា ធាតុពិត​នៃ​បំណង​របស់​ចាស់​បុរាណ​ខ្មែរ លោក​លើកឡើង​សុភាសិត​នេះ​ក្នុងន័យ​បែបណា​នោះទេ​? តែ​ទោះជា​យ៉ាងណា សម្ដី​មួយ​ដែល​ចេញពី​មនុស្ស​ម្នាក់​គេ​មិនអាច​ដឹង​ពី​គោលដៅ​ពិត ឬ​អត្ថន័យ​ពិត​ទាំងស្រុង​បាន​នោះទេ​។ ប៉ុន្តែ​អ្នកបកស្រាយ អាច​ទទួលយក​អត្ថន័យ​ណា​ដែលមាន​លក្ខណៈ​សមរម្យ អាច​ទទួលយកបាន​។



​ចំពោះ​សុភាសិត​មួយ​នេះ នៅក្នុង​ទស្សនៈ​ព្រះពុទ្ធសាសនា ពុទ្ធសាសនិក​ដែលមាន​ការយល់ដឹង​ពី​ធម៌​ព្រះ គេ​បាន​បកស្រាយ​ថា «​ដើរ​ឲ្យ​មាន​បី​» គឺ​ក្នុងន័យ​ថា នៅពេល​ជន​ប្រុស​ស្រី​ទាំងឡាយ​ធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ធម៌​បី គឺ មិន​សម្លាប់ មិន​លួច និង​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​។ ចំណែក «​ស្ដី​ឲ្យ​មាន​បួន​» គឺ​ក្នុងន័យ​ថា ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​នូវ​ធម៌​និយាយស្ដី​គឺ​ការ មិន​កុហក​១ មិន​ញុះញង់​១ មិន​ជេរប្រទេច​១ និង មិន​និយាយ​អត់​ប្រយោជន៍​១(​ឧទាហរណ៍ ការដើរ​ព្រៃ​ពាក្យសម្ដី​គ្មាន​ប្រយោជន៍​មួយចំនួន​ក៏​អាច​បង្ករ​ជា​បញ្ហា​គ្រោះថ្នាក់​។ ដូច​ជាការ​និយាយថា «​ខ្ញុំ​មិន​ខ្លាច​ទេ​ខ្លា​» ពាក្យសម្ដី​បែបនេះ ជា​លក្ខណៈ​ជំនឿ​អរូបី​យ សម័យមុន​ច្បាស់​ណាស់ ប្រាកដជា​ហេតុភេទ​ណាមួយ​កើតឡើង​ជាមិនខាន​»​។ (ដកស្រង់៖ កម្រង់ពាក្យអប់រំ ដកស្រង់ពីព្រះពុទ្ធសាសនា, រៀបរៀងដោយ ភិក្ខុ គូ សុភាព)

​ក្នុងនោះ​ផងដែរ​មាន​ទស្សនៈ​មួយចំនួន​គេ​បកស្រាយ​សុភាសិត​នេះ​ថា «​ដើរ​ឲ្យ​មាន​បី​» គឺ​ត្រូវ​ដើរ​ឲ្យ​មានការ​គិតពី​ពេលវេលា ដើរ​ឲ្យ​មាន​គោលបំណង​ច្បាស់លាស់ ដើរ​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​។ ព្រោះថា​មនុស្ស​ដែល​ដើរ​គ្មាន​គិតគូរ​ពី​ពេលវេលា គ្មាន​គោលដៅ គ្មាន​ផែនការ វា​មិន​ខុស​ឡើយ​ពី​មនុស្ស​អាវាសែ​នោះទេ ហើយ​ការធ្វើដំណើរ​នោះ​គ្មាន​ន័យ​អ្វី​ទាំងអស់ នោះ​គឺ​ស្មើ​ការចំណាយ​ជីវិត​ចោល​ទៅតាម​ពេលវេលា​។ ចំណែក​ការ​ស្ដី​ឲ្យ​មាន​បួន​នោះ​គឺ​នៅពេល​ទៅណា​មក​ណា បុគ្គល​ទាំងអស់​មិនត្រូវ និយាយដើម​គេ ជេរប្រមាថ​គេ គំរាមកំហែង​អ្នកដទៃ កុហក​បោកប្រាស់​អ្នកដទៃ ដែល​ទង្វើ​ទាំងនេះ​សុទ្ធតែជា​ទង្វើ​នាំ​ឲ្យ​បុគ្គល​ខ្លួនឯង​មាន​បញ្ហា និង​អាប់ឱន​តម្លៃ​ផ្ទាល់ខ្លួន​។​

​យ៉ាងណាមិញ​ក្នុង​គំនិត​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ចាស់ៗ​នៅ​ស្រុក​ស្រែចម្ការ លោក​មិនបាន​គិតដល់​ន័យ​ព្រះធម៌ ឬ​អត្ថន័យ​ស៊ីជម្រៅ​អ្វី​ទេ​។ ប៉ុន្តែ​ចំពោះ​អត្ថន័យ​នៃ​សុភាសិត​នេះ លោក​យកមក​ប្រៀបធៀប​ជាមួយ​ពិសោធន៍​ជីវិត​ប្រចាំថ្ងៃ របស់លោក​តែប៉ុណ្ណោះ​។ ជាក់ស្ដែង​នៅពេលដែល​លោក​និយាយថា កូនប្រុស​ស្រី ទៅណា​មក​ណា​ត្រូវ​«​ដើរ​ឲ្យ​មាន​បី ស្ដី​ឲ្យ​មាន​បួន​» នោះ​គឺ​លោក​ចង់​និយាយថា នៅពេល​ធ្វើដំណើរ​វែងឆ្ងាយ ប្រសិន​ដើរ​មាន​គ្នា​បីនាក់ ច្បាស់​ណាស់​ប្រសិនបើ​មាន​ម្នាក់ មាន​បញ្ហា ហេតុនេះ​មាន​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​អាចជួយ និង​យកមក​ផ្ទះ​វិញ​បាន​។ ព្រោះ​កត្តា​នេះ​វា​ប្រសើរ​ជាង​ទៅណា​មក​ណា មាន​គ្នា​ពី​នាក់ មាន​បញ្ហា​មិនដឹង​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​នោះទេ​។ ក្នុងន័យ​ម្យ៉ាងទៀត លោក​គិត​ត្រឹម​ថា បើ​មាន​គ្នា​បីនាក់ ទោះពីរ​នាក់​មាន​ជម្លោះ​ជាមួយគ្នា យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ជា​អាជ្ញាកណ្ដាល អាច​សម្របសម្រួល មិន​ឲ្យ​បញ្ហា​ធំ​កើតឡើង​បាន​។ នោះ​ដើរ​មាន​បី​គឺ​សំខាន់​ណាស់​។ រីឯ «​ស្ដី​ឲ្យ​មាន​បួន​» ចាស់​ស្រុកស្រែ​លោក​គិតដល់​ថា ពេល​និយាយស្ដី​ត្រូវ​ចេះ​មាន ទី​១ យុត្តិធម៌ ដែលជា​ពាក្យ​ត្រឹមត្រូវ មិន​និយាយ​អ្វី​ហួស​ពី​ការពិត មិន​បំពាន​អ្នកដទៃ ដែល​នាំ​ឲ្យ​មាន​ភាព​អយ​ត្តិ​ធម៌​។ ទី​២ និយាយ​ត្រូវតែ​មានការ​អធ្យាស្រ័យ ដែលជា​ពាក្យពេចន៍​ប្រកបដោយ​ការសង្គ្រោះ​។ ទី​៣ និយាយ​ដោយ​សន្ដាន​ចិត្ត​ទូលាយ ដែល​ពាក្យសម្ដី​ទាំងនេះ អ្នក​ស្ដាប់​ហើយ​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​សម្ដី​ទាំងនេះ​បង្ហាញ​ពី​ចិត្ត​សប្បុរសធម៌ និង​ទី​៤ គឺ​ត្រូវ​និយាយ​ពាក្យពេចន៍​ដែល​មិន​ភូតភរ មិន​មុសារ​គេ ប៉ុន្តែ​ត្រូវ​និយាយស្ដី​ពាក្យ​ដែលមាន​តម្លៃ បង្ហាញ​ភាពជឿជាក់​ដល់​អ្នកដទៃ​។ (ដកស្រង់៖ អត្ថាធិប្បាយសុភាសិត សម្រាយបំភ្លឺ សម្រាប់ថ្នាក់ទំនើបទូទៅ, រៀបរៀងដោយលោក សែម សូរ និង អ៊ឹន សារុន)

​ប៉ុន្តែ​បន្ថែម​ពី​ការបកស្រាយ​អត្ថន័យ​មួយចំនួន​ខាងលើ គេ​អាច​ពិនិត្យ​បន្តិចទៀត​ទៅលើ​ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ​ពី​សម័យមុន​អំពី​ការធ្វើដំណើរ និង​និយាយស្ដី គឺមាន​បែបផែន​ប្រពៃណី​មួយ​ច្បាស់លាស់​។ ហើយ​ទំនៀមទម្លាប់​នោះ ក៏​អាច​ជាប់ទាក់ទង​ជាមួយ​អត្ថន័យ​សុភាសិត​ថា «​ដើរ​ឲ្យ​មាន​បី ស្ដី​ឲ្យ​មាន​បួន​» ផងដែរ​។  កត្តា​នេះ គេ​អាច​និយាយបានថា នៅពេលដែល​លោក​ប្រាប់ថា ធ្វើដំណើរ​គឺ​ត្រូវ «​ដើរ​ឲ្យ​មាន​បី​» នោះ​គឺ​ចង់​សំដៅថា ទី​១ គឺ​ត្រូវមាន​ចំណីអាហារ​ទៅជា​មួយ​។ ទី​២ គឺ​ត្រូវមាន​សំណុំ​(​អង្រឹង​)​សម្រាប់​សម្រាក​មួយ និង​ទី​៣ គឺ​ត្រូវមាន​ទឹក​បំពង់​តាម​ជាមួយ​។ មូលហេតុ​ដែល​អាច​និយាយ​បែបនេះ ព្រោះ​ជាទូទៅ​ប្រជាជន​ខ្មែរ​សម័យមុន​លោក​តែងតែ​ទៅណា​មក​ណា មិន​ភ្លេច​ឡើយ​របស់​ទាំងបី​នេះ​ក្រៅពី​សម្ភារ​ផ្សេងទៀត ព្រោះ​ដើម្បី​ការពារ​ការស្រេកឃ្លាន និង​អស់កម្លាំង​។ ចំណែក​«​ស្ដី​ឲ្យ​មាន​បួន​»​នោះ​វិញ គឺ​ទាក់ទង​ជាមួយ​សុជីវធម៌​ខ្មែរ​នៅក្នុង​ការនិយាយស្ដី​។ មានន័យថា លោក​ចង់​អបរំ  ពេលដែល​យើង​និយាយស្ដី ឬ​សន្ទនា​ជាមួយ​ដៃគូរ យើង​ត្រូវ​គិតដល់​សុជីវធម៌​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​បុរាណ​មក​នោះ​។  ព្រោះ​ពេល​និយាយស្ដី​គឺ​ត្រូវ​ចេះ​ប្រើប្រាស់​ពាក្យ​បួន​ម៉ាត់​នោះ គឺ បាទ ចាស អរគុណ នឹង​សុំទោស ។ ដោយហេតុថា ពាក្យ​ទាំង​បួន​នេះ មាន​មូលដ្ឋាន​អត្ថន័យ​ផ្នែក​សីលធម៌​យ៉ាងសំខាន់ ដើម្បី​ឲ្យ​កិច្ចសន្ទនា​មួយ​មាន​ភាពរស់រវើក និង​មាន​ភាព​ស្និត​ស្នាល​។​

​ជារួម​មក ការបកស្រាយ​សុភាសិត​ថា​«​ដើរ​ឲ្យ​មាន​បី ស្ដី​ឲ្យ​មាន​បួន​» គឺ​ពិត​ជាមាន​ភាពលំបាក​ក្នុងការ​កំណត់ថា អត្ថន័យ​មួយណា​ដែលជា​អត្ថន័យ​ពិត​។ ដោយឡែក ការបកស្រាយ​ខាងលើ បើ​មើល​តាម​ហេតុផល គឺ​សុទ្ធតែ​អាច​ទទួលយកបាន​ដូចគ្នា ទោះ​ស្ថិតនៅក្នុង​ជ្រុង​មួយណា​ក៏ដោយ គឺ​សុទ្ធតែ​មានតម្លៃ និង​ផ្ដល់​ការអប់រំ​ដូចគ្នា​។ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​ចំពោះ​សុភាសិត​មួយ​នេះ គឺ​តម្លៃ​នៃ​ការអប់រំ ចំពោះ​ការធ្វើដំណើរ និង​ការនិយាយស្ដី​។ ព្រោះថា នៅពេល​ធ្វើដំណើរ​ទៅ​ទីណា​មួយ បើសិនជា​បុគ្គល​គ្រប់រូប មិនចេះ​រៀបចំខ្លួន ឬ មិន​ប្រុងប្រយ័ត្ន ហើយ​និយាយស្ដី​គ្មាន​គោលការណ៍​ត្រឹមត្រូវ សុជីវធម៌​នោះទេ ច្បាស់​ណាស់ សុ​វត្តិភាព សន្តិសុខ​ផ្ទាល់ខ្លួន និង​ផល​ដែល​ទទួលបាន​ក៏​តាម​នោះដែរ​៕


Tag:
 សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com